អាជីវកម្ម​ពីរប្រភេទកំពុងត្រូវប៉ាន់​

ស្របពេលដែលនៅតំបន់អាស៊ី អាជីវកម្មបែបលក់សិទ្ធិអាជីវកម្ម Franchise កំពុងមានការវិវឌ្ឍន៍យ៉ាងកំហុកតំបន់ ចំណែកនៅក្នុងប្រទេសកម្ពុជាវិញការនាំចូល Franchise ពីបរទេសជំនួសឲ្យការបង្កើតយីហោខ្លួនឯង ក៏កំពុងក្លាយជាទម្លាប់រកស៊ីតាមគ្នា ដោយមិនគិតចង់បង្កើតអ្វីដែលជារបស់ខ្មែរ យីហោខ្មែរ ផលិតផលខ្មែរ ដើម្បីឲ្យបរទេសបានស្គាល់នៅឡើយទេ។

ជាការរួមចំណែកចែករំលែកចំណេះដឹង Business Cambodia សូមធ្វើការណែនាំពីអាជីវកម្ម២ប្រភេទ ដែលងាយស្រួលក្នុងការបង្កើតឲ្យចេញជា Franchise ដោយសង្ឃឹមថា ម្ចាស់អាជីវកម្មនៅកម្ពុជា នឹងចូលរួមលើកស្ទួយយីហោខ្មែរ ផលិតផលខ្មែរឲ្យបរទេសបានស្គាល់។

១. អាជីវកម្មប្រភេទម្ហូបអាហារបែប Fast Food

អាជីវកម្មដែលពួកយើងបានស្គាល់ និងដឹងច្បាស់ថាជាអាជីវកម្ម Franchise ហើយសំបូរបំផុតនោះ គឺប្រភេទអាជីវកម្មទាក់ទងនឹងវិស័យម្ហូបអាហារ។ អាជីវកម្មប្រភេទនេះងាយស្រួលក្នុងការបង្កើតឲ្យចេញជា Franchise ខ្លាំងណាស់ ព្រោះវាតម្រូវឲ្យអ្នកបង្កើតនូវរូបមន្តគ្រឿងផ្សំមួយពិតប្រាកដដោយខ្លួនឯង។ អាជីវកម្មរបស់អ្នកអាចលក់សិទ្ធិអាជីវកម្មហ្រ្វេនឆាយបានដោយអ្នករៀបចំហាងឲ្យមានលក្ខណៈស្តង់ដា អនាម័យ និងគុណភាព ជាមួយនឹងប្រព័ន្ធនៃការគ្រប់គ្រងអាជីវកម្មឲ្យត្រឹមត្រូវគឺជាការស្រេច។ លើសពីនេះទៅទៀត អាជីវកម្មប្រភេទនេះ ងាយស្រួលក្នុងការគ្រប់គ្រង និងបោះលក់ Franchise ក៏ដូចជាងាយស្រួលក្នុងការនាំចេញទៅក្រៅប្រទេសដូចគ្នាដែរ។ អាជីវកម្មប្រភេទនេះរួមមាន ហាងកាហ្វេ ហាងបាយ ហាងលក់អាហារប្រភេទ Fast Food ហាងលក់ភេសជ្ជៈ ហាងលក់អាហារគ្រឿងសមុទ្រជាដើម។ល។

២. អាជីវកម្មប្រភេទបម្រើសេវាកម្ម

ស្តាប់មើលទៅហាក់ដូចជាថ្មីបន្តិចសម្រាប់យើងដែលមិនធ្លាប់ស្គាល់ Franchise ពីមុនមក ប៉ុន្តែសម្រាប់បរទេស និងប្រទេសជិតខាងយើងវិញ វាគឺជារឿងសាមញ្ញបាត់ទៅហើយ ពិសេសរដ្ឋាភិបាលរបស់គេបានបង្កើតច្បាប់ទាក់ទងនឹងអាជីវកម្មបែប Franchise នេះរួចទៅហើយ។ មិនតែប៉ុណ្ណោះគេក៏បានដាក់ចេញជាគោលនយោបាយលើកស្ទួយដល់ម្ចាស់អាជីវកម្មផ្សេងៗឲ្យប្រឹងប្រែងធ្វើឲ្យអាជីវកម្មមានលក្ខណៈស្តង់ដារដើម្បីអាចបោះលក់សិទ្ធិអាជីវកម្មថែមទៀតផង ពិសេសអាជីវកម្មខ្នាតតូច និងមធ្យម ព្រោះរដ្ឋាភិបាលមើលឃើញថាអាជីវកម្ម Franchise អាចរកចំណូលចូលប្រទេសយ៉ាងច្រើនមហាសាល ដូចមានកាហ្វេ Amazon និងហ្រ្វេនឆាយបរទេសជាច្រើនទៀតជាឧទាហរណ៍ស្រាប់។

អាជីវកម្មប្រភេទសេវាកម្ម ក៏ជាអាជីវកម្មមួយប្រភេទដែលងាយនឹងបង្កើតចេញជា Franchise ដូចគ្នាដែរ វាគ្រាន់តែត្រូវការឲ្យយើងបង្កើតចេញជាសេវាកម្មដែលមានតម្រូវការច្រើនសម្រាប់អតិថិជន ក៏ដូចជាមានប្រព័ន្ធការងារមួយច្បាស់លាស់។ អាជីវកម្មទាំងនោះមានដូចជា៖ សេវាកម្មលាងសំអាត សេវាកម្មដឹកជញ្ជូន សេវាកម្មជួសជុល សេវាកម្មប្រឹក្សាយោបល់ និងសេវាកម្មអប់រំជាដើម៕

អត្ថបទដោយ៖ SOY-VUTHEA