អគារ​ដែល​ខ្ពស់ជាង​គេ​នៅ​កម្ពុជា​​មិន​​មែន​របស់​ក្រុមហ៊ុន Thai Bunrong ទេ!

ភ្នំពេញ៖ អាថ៌កំបាំងបានបញ្ចេញច្បាស់លាស់ហើយ ដោយ​ការសាងសង់អាគារកំពស់៦០០ម៉ែត្រ ដែលបានប្រកាសដោយសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា នឹងសាងសង់នៅទីតាំងសណ្ឋាគារកាំបូឌីយ៉ាណាសព្វថ្ងៃនេះ។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម លោកសេង ឡូតបានឲ្យបានឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ក្រុមហ៊ុន Royal Group ដែលជាម្ចាស់ស​ណ្ឋាគារកាំបូឌីយ៉ាណា នឹងសាងសង់អាគារកំពស់៦០០​ម៉ែត្រ ស្មើនឹង១៣៣ជាន់នាពេលខាងមុខនេះ។ អាគារសណ្ឋាគារកាំបូឌីយ៉ាណា នឹងត្រូវកម្ទេចចោលហើ​យជំនួសវិញ ដោយអាគារកំពស់៦០០ម៉ែត្រ ដែលលោកមិនដឹងពីការចាប់ផ្តើម ការ​ចំណាយទុនវិនិយោគ និងការបញ្ចប់ការសាងសង់នៅពេលណានៅឡើយ​ទេ។

ព៌តមាននេះ បានធ្វើឲ្យពាក្យចចាមអារ៉ាមស្តីពី ការលុបចោលការសាងសង់​អាគារពាណិជ្ជកម្មភ្លោះលំដាប់ពិភពលោក Thai Bunrong Twin Tower ដែលស្ថិតនៅជាប់សណ្ឋាគារនេះ អាចក្លាយ​ជាការពិត ខណៈអ្នកឌីសាញគំរោង Thai Bunrong Twin Tower លោកសាស្រ្តាចារ្យទួស សាភឿន មិន​បានតបនឹងការសុំអត្ថាធិប្បាយជាច្រើនដង។

គេហទំព័រ Propertyarea.asia មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពី​លោកសេង ឡូតបាននោះទេ បន្ទាប់ពីលោកបានបង្ហើបព៌តមាននេះប្រាប់ដល់​កាសែតភ្នំពេញប៉ុស្ត៍រួចមក។

ក្រុមហ៊ុន Royal Group អាចចាត់ទុកជាក្រុមហ៊ុនយក្សមួយ នៅក្នុងស្រុក ដែលបានវិនិយោគលើវិស័យជាច្រើន ដូចជា វិស័យទូរគមនាគមន៍នាំមុខគេ វិស័​យសោតទស្សន៍ វិស័យធានារ៉ាប់រង វិស័យបដិសណ្ឋារកិច្ច វិស័យហិរញ្ញវត្ថុជាដើម ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុននេះបានលើកស្លាក ដើម្បីសាងសង់អា​គារពាណិជ្ជកម្មភ្លោះកំពស់៦១ជាន់ ដាក់ឈ្មោះ Royal One, ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ឋរុស្ស៊ីផងដែរ៕

អាជីវកម្ម​ពីរប្រភេទកំពុងត្រូវប៉ាន់​

ស្របពេលដែលនៅតំបន់អាស៊ី អាជីវកម្មបែបលក់សិទ្ធិអាជីវកម្ម Franchise កំពុងមានការវិវឌ្ឍន៍យ៉ាងកំហុកតំបន់ ចំណែកនៅក្នុងប្រទេសកម្ពុជាវិញការនាំចូល Franchise ពីបរទេសជំនួសឲ្យការបង្កើតយីហោខ្លួនឯង ក៏កំពុងក្លាយជាទម្លាប់រកស៊ីតាមគ្នា ដោយមិនគិតចង់បង្កើតអ្វីដែលជារបស់ខ្មែរ យីហោខ្មែរ ផលិតផលខ្មែរ ដើម្បីឲ្យបរទេសបានស្គាល់នៅឡើយទេ។

ជាការរួមចំណែកចែករំលែកចំណេះដឹង Business Cambodia សូមធ្វើការណែនាំពីអាជីវកម្ម២ប្រភេទ ដែលងាយស្រួលក្នុងការបង្កើតឲ្យចេញជា Franchise ដោយសង្ឃឹមថា ម្ចាស់អាជីវកម្មនៅកម្ពុជា នឹងចូលរួមលើកស្ទួយយីហោខ្មែរ ផលិតផលខ្មែរឲ្យបរទេសបានស្គាល់។

១. អាជីវកម្មប្រភេទម្ហូបអាហារបែប Fast Food

អាជីវកម្មដែលពួកយើងបានស្គាល់ និងដឹងច្បាស់ថាជាអាជីវកម្ម Franchise ហើយសំបូរបំផុតនោះ គឺប្រភេទអាជីវកម្មទាក់ទងនឹងវិស័យម្ហូបអាហារ។ អាជីវកម្មប្រភេទនេះងាយស្រួលក្នុងការបង្កើតឲ្យចេញជា Franchise ខ្លាំងណាស់ ព្រោះវាតម្រូវឲ្យអ្នកបង្កើតនូវរូបមន្តគ្រឿងផ្សំមួយពិតប្រាកដដោយខ្លួនឯង។ អាជីវកម្មរបស់អ្នកអាចលក់សិទ្ធិអាជីវកម្មហ្រ្វេនឆាយបានដោយអ្នករៀបចំហាងឲ្យមានលក្ខណៈស្តង់ដា អនាម័យ និងគុណភាព ជាមួយនឹងប្រព័ន្ធនៃការគ្រប់គ្រងអាជីវកម្មឲ្យត្រឹមត្រូវគឺជាការស្រេច។ លើសពីនេះទៅទៀត អាជីវកម្មប្រភេទនេះ ងាយស្រួលក្នុងការគ្រប់គ្រង និងបោះលក់ Franchise ក៏ដូចជាងាយស្រួលក្នុងការនាំចេញទៅក្រៅប្រទេសដូចគ្នាដែរ។ អាជីវកម្មប្រភេទនេះរួមមាន ហាងកាហ្វេ ហាងបាយ ហាងលក់អាហារប្រភេទ Fast Food ហាងលក់ភេសជ្ជៈ ហាងលក់អាហារគ្រឿងសមុទ្រជាដើម។ល។

២. អាជីវកម្មប្រភេទបម្រើសេវាកម្ម

ស្តាប់មើលទៅហាក់ដូចជាថ្មីបន្តិចសម្រាប់យើងដែលមិនធ្លាប់ស្គាល់ Franchise ពីមុនមក ប៉ុន្តែសម្រាប់បរទេស និងប្រទេសជិតខាងយើងវិញ វាគឺជារឿងសាមញ្ញបាត់ទៅហើយ ពិសេសរដ្ឋាភិបាលរបស់គេបានបង្កើតច្បាប់ទាក់ទងនឹងអាជីវកម្មបែប Franchise នេះរួចទៅហើយ។ មិនតែប៉ុណ្ណោះគេក៏បានដាក់ចេញជាគោលនយោបាយលើកស្ទួយដល់ម្ចាស់អាជីវកម្មផ្សេងៗឲ្យប្រឹងប្រែងធ្វើឲ្យអាជីវកម្មមានលក្ខណៈស្តង់ដារដើម្បីអាចបោះលក់សិទ្ធិអាជីវកម្មថែមទៀតផង ពិសេសអាជីវកម្មខ្នាតតូច និងមធ្យម ព្រោះរដ្ឋាភិបាលមើលឃើញថាអាជីវកម្ម Franchise អាចរកចំណូលចូលប្រទេសយ៉ាងច្រើនមហាសាល ដូចមានកាហ្វេ Amazon និងហ្រ្វេនឆាយបរទេសជាច្រើនទៀតជាឧទាហរណ៍ស្រាប់។

អាជីវកម្មប្រភេទសេវាកម្ម ក៏ជាអាជីវកម្មមួយប្រភេទដែលងាយនឹងបង្កើតចេញជា Franchise ដូចគ្នាដែរ វាគ្រាន់តែត្រូវការឲ្យយើងបង្កើតចេញជាសេវាកម្មដែលមានតម្រូវការច្រើនសម្រាប់អតិថិជន ក៏ដូចជាមានប្រព័ន្ធការងារមួយច្បាស់លាស់។ អាជីវកម្មទាំងនោះមានដូចជា៖ សេវាកម្មលាងសំអាត សេវាកម្មដឹកជញ្ជូន សេវាកម្មជួសជុល សេវាកម្មប្រឹក្សាយោបល់ និងសេវាកម្មអប់រំជាដើម៕

អត្ថបទដោយ៖ SOY-VUTHEA