មន្ទីរពេទ្យរុស្សីនឹងបំពាក់ម៉ាស៊ីនលាងឈាម ២០គ្រឿង

(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងក្រុមហ៊ុន សម្ភារៈបរិក្ខាពេទ្យ នៃសាធារណៈរដ្ឋប្រជាមានិតចិន XGY (Xingaoyi Medical Equipment) នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ បានចុះអនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើត មជ្ឈមណ្ឌលលាងឈាម ដោយបំពាក់ម៉ាស៊ីនលាងឈាមចំនួន២០គ្រឿង ក្រោមទឹកទំហំទឹកប្រាក់ជិត ១លានដុល្លារ។

ពិធីចុះអនុស្សារណៈ ធ្វើឡើងក្រោមវត្តមាន លោកវេជ្ជបណ្ឌិត ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត និងលោក ហ្គាវ យី ប្រធានក្រុមហ៊ុនXGY (Xingaoyi Medical Equipment) សម្ភារៈបរិក្ខាពេទ្យ នៃសាធារណៈរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

លោកវេជ្ជបណ្ឌិត ងី ម៉េង បានថ្លែងថា «ការបង្កើតមជ្ឈមណ្ឌលលាងឈាមនេះ មនី្ទរពេទ្យនឹងបំពាក់ម៉ាស៊ីនលាងឈាមចំនួន២០គ្រឿង សម្រាប់ការជួសជុល នឹងបំពាក់បរិក្ខាបន្ថែម គឺភាគីចិនជាអ្នកឧបត្ថម្ភ ដែលមានទំហំថវិកាជិត០១លានដុល្លារ ដែលមានរយៈពេល២០ឆ្នាំ ។ម៉ាស៊ីនលាងឈាម២០គ្រឿងនេះ យើងនឹងផ្គត់ផ្គង់អ្នកជំងឺរបស់យើង ឲ្យមានប្រសិទ្ធិភាពខ្ពស់ ពិសេស ចំពោះបងប្អូនអ្នកជំងឺក្រីក្រតែម្ដង ដែលមានជំងឺតម្រងរោម និងជំងឺមួយចំនួនទៀត ដែលសព្វថ្ងៃនេះ ប្រភេទជំងឺនេះ មានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ»

លោកវេជ្ជបណ្ឌិត បានថ្លែងទៀតថា ជុំវិញការបង្កើតមជ្ឈមណ្ឌលលាងឈាម សម្រាប់មនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត គឺជាលើកទី១ ក៏ប៉ុន្តែក្រុមហ៊ុនសព្វថ្ងៃ បានធ្វើការវិនិយោគ នៅតាមបណ្តាខេត្តនានា ដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ និងតាមបណ្តាខេត្តផ្សេងទៀតផងដែរ ។ហើយសម្រាប់ម៉ាស៊ីនលាងឈាមនេះ គឺប្រជាពលរដ្ឋអាច មកទទួលការពិនិត្យព្យាបាល ដែលមានតម្លៃសមរម្យរបស់មនី្ទរពេទ្យរដ្ឋ ពិសេសមនី្ទរពេទ្យ ផ្តោតទៅលើការជួយដល់ប្រជាពលរដ្ឋក្រីក្រជាសំខាន់ ។

លោកវេជ្ជបណ្ឌិត បន្ថែមថា ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព សព្វថ្ងៃមនី្ទរ ជាមធ្យមមានប្រជាពលរដ្ឋចន្លោះពី៧៥០នាក់ ទៅ៨០០នាក់ មកសម្រាកពេទ្យ ក៏ប៉ុន្តែ គ្រែសម្រាប់ទទួលអ្នកជំងឺ មានតែ៦០០គ្រែ ពេញគ្រប់កន្លែង នេះបង្ហាញពីជំនឿ និងទុកចិត្តពីប្រជាពលរដ្ឋ ទៅលើវិស័យសុខាភិបាលផ្នែកសាធារណៈ ជាពិសេសមនី្ទរពេទ្យ មានការយកចិត្តទុកដាក់ ពីក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ ។ ដូច្នេះ មនី្ទរពេទ្យ ត្រូវតែពង្រឹងនូវបច្ចេកវិទ្យា សម្ភារៈបរិក្ខាពេទ្យដែលជាកត្ដាដ៏សំខាន់ណាស់ សម្រាប់ការជួយដល់ប្រជាពលរដ្ឋយើង ៕

ក្រុមហ៊ុនអចលនទ្រព្យ​ប្រឈម​នឹង​ការ​ដក​ហូត​អជ្ញាប័ណ្ណ​…..

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក លោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋាន ឧស្សាហកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថាយើងព្រាងច្បាប់នេះឡើងក្នុងគោលបំណងដាក់ពិន័យ និងដកហូតអាជ្ញាប័ណ្ឌពីក្រុមហ៊ុនអចលនទ្រព្យណាដែលបោកប្រាស់អតិថិជនរបស់ខ្លួនដោយប្រកាសលក់គម្រោងរួចហើយ ប៉ុន្តែមិនមានផែនការច្បាស់លាស់ក្នុងការសាងសង់ ឬសាងសង់ដោយមិនបញ្ចប់គម្រោងតាមកាលកំណត់។

លោកបន្តថាក្រសួងតម្រូវឱ្យម្ចាស់គម្រោងតម្កល់ប្រាក់ចំនួន២ភាគរយនៃវិនិយោគទុនរបស់ខ្លួននៅក្នុងធនាគារក្នុងស្រុកក្នុងករណីដែលគម្រោងណាមួយមិនបានបញ្ចប់។ យោងតាមភ្នាក់ងារអចលនទ្រព្យក្នុងស្រុកច្បាប់ថ្មីនេះល្អសម្រាប់កម្ពុជាដើម្បីការពារអតិថិជនកុំឱ្យក្លាយជាជនរងគ្រោះពីគម្រោងដែលបរាជ័យក្នុងការបញ្ចប់គម្រោងរបស់ខ្លួន៖ ដូចជាគម្រោង Gold Tower 42។ ក្រុមហ៊ុនមួយចំនួនខ្ចីលុយពីធនាគារដោយប្រើប្រាស់ដីធ្លីធ្វើជាទ្រព្យបញ្ចាំក្រោយមកពួកគេប្រកាស លក់គម្រោងដោយប្រើប្រាស់ថវិការនោះដើម្បីសាងសង់។

ជាញឹកញាប់នៅពេលការលក់គម្រោងមានការយឺតយ៉ាវ ហើយការសាងសង់ត្រូវពន្យាពេលអតិថិជនតែងតែមានការខកចិត្តចំពោះគម្រោងដែលខ្លួនបានវិនិយោគជាមួយ។ យើងចង់មើលឃើញការសាង សង់ជាមុនសិន មុនពេលដែលពួកគេប្រកាសលក់គម្រោងរបស់ខ្លួនកុំគ្រាន់តែប្រកាសលក់គម្រោង ហើយចាប់ផ្ដើមលក់ព្រោះវាមានហានិភ័យខ្លាំងណាស់៕

ប្រភព៖ realestate.com.kh

ដីជុំវិញ​បឹង​តាមោក​​ប្រមាណ 3,239 ហិចតា គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ

បឹងកប់ស្រូវ គឺជាបឹងមួយ ដែលនៅសល់ចុងក្រោយក្នុងចំណោមបឹងស្តុកទឹកធំៗនៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់មានពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ។ នៅជុំវិញបឹងនេះ មាន​ចំនួន ១៩​ ភូមិ (ព្រែកព្នៅ សំរោងត្បូង អន្លង់ក្ងាន ធំត្បូង បឹងធំ ព្រៃពង្រ ៤មុខ វែង ស្វាយឧត្តម ត្រពាំងទទឹង ថ្នល់បន្ទាយ កន្ទ្រង់ ត្រពាំងរនៀម កោះរងៀង ព្រៃស្វាយ ត្នោតខ្ពស់ ត្រពាំងអំពិល និងចុងទួល) ​ ​ ចំនូន៥​សង្កាត់ (ពន្សាំង ព្រែកព្នៅ ពញាពន់ សំរោង និង ឃ្មួញ) និងចំនួន២ខណ្ឌ​(ព្រែកព្នៅ និង សែន សុខ)។ ប្រជាពលរដ្ឋដែលរស់ជុំវិញបឹងនោះ បានអាស្រ័យផលពីបឹងមានដូចជា ​ការធ្វើស្រែ រកត្រី និង​ដាំដំណាំជាដើម។ តំបន់នេះ(ជុំវិញបឹង)មិនទាន់បាន​ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅឡើយទេ។ នៅថ្ងៃទី​ ០៣ ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹង ចំនួន ៣២៣៩ ហិចតា ដែលគ្របដណ្តប់បឹងតាមោក (បឹងកប់ស្រូវ) និងដី​ជុំវិញ ​ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ យោងតាម​​ច្បាប់ភូមិបាល ដីសាធារណៈរបស់រដ្ឋ គឺមិនអាចត្រូវបានគ្រប់គ្រងដោយនរណាម្នាក់នោះទេ ក្រៅពីរដ្ឋ​។

ប្រភព​៖ business-cambodia.com

៩យ៉ាង​ ដឹង​ថា​​​បន្លែ​​ផ្លែឈើ មាន​សារធាតុគីមី​! ​​

ប្រជាជន​បច្ចុប្បន្ន កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព បន្ទាប់​ពី​បន្លែ-ផ្លែ​ឈើ​ភាគ​ច្រើន ប្រើ​ជាតិ​គីមី ដើម្បី​ពន្លឿន​ការ​លូត​លាស់ ដើម្បី​ប្រជែង​តម្លៃ​លើ​ទី​ផ្សារ។ ពេល​ខ្លះ បន្លែ-ផ្លែ​ឈើ​គីមី​ទាំង​នោះ បាន​បន្លំ​ថា​របស់​​ធម្មជាតិ​ដែរ ធ្វើ​ឲ្យ​អ្នក​ទិញ​ពិបាក​ទុក​ចិត្ត។ យ៉ាង​ណា​ក្ដី មាន​វិធី​សាស្ត្រ​ខ្លី​ៗ​មួយ​ចំនួន ដែល​អ្នក​អាច​សម្គាល់​បាន ថា​បន្លែ-ផ្លែ​ឈើ​ទាំង​នោះ មាន​ប្រើ​គីមី ឬ​អត់។

១. រូប​រាង​ខាង​ក្រៅ៖ ជា​ទូទៅ បន្លែ-ផ្លែឈើ​ធម្មជាតិ រូប​រាង​មិន​ល្អ​មើល​ទេ មិន​គួរ​ឲ្យ​ចង់​ទទួល​ទាន ហើយ​ទំហំ​ខុសៗ​គ្នា មាន​តូច​មាន​ធំ មិន​ងាយ​រក​បាន២ ប៉ុន​គ្នា​ឡើយ ព្រោះ​វា​បាន​លូត​លាស់​តាម​បែប​ធម្មជាតិ។ ចំណែក បន្លែ-ផ្លែឈើ​ដែល​ប្រើ​ជាត់​គីមី ភាគ​ច្រើន មើល​ទៅ​រូប​រាង​ស្អាត គួរ​ឲ្យ​ចង់​ទទួល​ទាន ហើយ​មាន​លក្ខណៈ​មិន​សូវ​ខុស​ប្លែក​គ្នា។

២. ទំហំ៖ បន្លែ-ផ្លែឈើ​ធម្មជាតិ ភាគ​ច្រើន មាន​ទំហំ​តូច មិន​ងាយ​លូត​លាស់​ដល់​ធំ​ល្អ​ឡើយ។ សាឡាត់​ធម្មជាតិ មាន​ស្លឹក​តូច​ៗ មិន​បាន​រីក​ធំ​ល្អ ដូច​អ្នក​ឃើញ​សព្វ​ថ្ងៃ​ឡើយ ប៉ុន្តែ​មាន​ករណី​ខ្លះ វា​អាច​ធំ​តាម​បែប​ធម្មជាតិ​ដែរ គ្រាន់​តែ​មិន​ងាយ​ប្រទះ។ ចំណែក​របស់​ប្រើ​គីមី អាច​លូត​លាស់​បាន​ធំ​ល្អ​ជាង​ធម្មតា ព្រោះ​តែ​សារជាតិ​ដែល​ប្រើ​ប្រាស់​អាច​ពន្លឿន​ការ​លូត​លាស់។

៣. ក្លិន និង​រសជាតិ៖ ប្រសិន​បើ​វា​ជា បន្លែ-ផ្លែឈើ​ធម្មជាតិ ពេល​ហិត​ក្លិន​ទៅ មាន​ចំហាយ​បែប​ធម្មជាតិ​ម្យ៉ាង ដែល​ទាក់​ទាញ​ច្រមុះ ជាង​បន្លែ-ផ្លែឈើ​គីមី។ ពេល​សាក​ភ្លក់​បន្តិច អ្នក​នឹង​ចាប់​អារម្មណ៍​ថា បន្លែ-ផ្លែឈើ​ធម្មជាតិ មាន​ឱជារស​ជាង មិន​ហាង​ក្នុង​មាត់ ហើយ​ពេល​ចម្អិន មិន​បាច់​ប្រើ​គ្រឿង​ច្រើន ក៏​មាន​ជាតិ​ដែរ។

៤. គ្រាប់៖ ជា​ធម្មតា បន្លែ-ផ្លែឈើ​ធម្មជាតិ មាន​គ្រាប់​តូចៗ មិន​ធំ​ដូច បន្លែ-ផ្លែឈើ​គីមី​ឡើយ។

៥. មើល​លើ​សត្វ​ល្អិត និង​ដង្កូវ៖ ប្រសិន​បើ​អ្នក​បាន​ឃើញ ដង្កូវ និង​សត្វ​ល្អិត លើ​បន្លែ-ផ្លែឈើ​ដែល​អ្នក​ទិញ នោះ​វា​ជា​សញ្ញា​​ល្អ​មួយ ព្រោះ​សត្វ​ល្អិត និង​ដង្កូវ​ទាំង​នោះ មាន​វត្តមាន​តែ​លើ​បន្លែ-ផ្លែឈើ​ធម្មជាតិ​ទេ។ ប្រសិន​បើ​ប្រើ​គីមី ដង្កូវ និង​សត្វ​ល្អិត មិន​អាច​នៅ​ទ្រាំ​ទ្រ​នៅ​បាន​ឡើយ។

៦. មើល​លើ​សម្បក៖ សម្បក​ផ្លែឈើ និង​បន្លែ​ធម្មជាតិ ឆាប់​ប្រែ​ពណ៌​ទៅ​ជា​ជាំ​ខ្មៅ និង​មិន​អាច​រក្សា​​ទុក​បាន​យូរ​ដូច​របស់​ប្រើ​គីមី​ឡើយ។

៧. រយៈ​ពេល​ចម្អិន៖ ជា​ធម្មតា បន្លែ​ធម្មជាតិ អាច​ចម្អិន ឆ្អិន​លឿន​ជាង បន្លែ​ដែល​ប្រើ​គីមី។ ​

​​​​៨. មើល​តម្លៃ៖ បន្លែ-ផ្លែ​ឈើ​ធម្មជាតិ តែង​ដាក់​លក់​ថ្លៃ​ជាង បន្លែ-ផ្លែ​ឈើ ប្រើ​ជាតិ​គីមី ព្រោះ​ការ​ដាំ​ដុះ​តាម​បែប​ធម្មជាតិ ប្រើ​ពេល​យូរ ប្រមូល​ផល​បាន​តិច ពិបាក​ថែ​ទាំ។

៩. មើល​ការ​បញ្ជាក់៖ ជា​ទូទៅ បន្លែ-ផ្លែ​ឈើ ធម្មជាតិ តែង​មាន​ការ​បញ្ជាក់​ពី​ស្ថាប័ន​ចំណី​អាហារ ឬ​សហគមន៍​ដាំ​ដុះ​ដែល​មាន​ការ​ទទួល​ស្គាល់​ណា​មួយ។ ដូច​នេះ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់ រក​មើល​ការ​បញ្ជាក់​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​មួយ ដែល​មាន​បិត​លើ​ផលិតផល៕

ប្រភព​​៖ សប្បាយ​​

ជុំ​វិញ​បញ្ហា​ដី​ធ្លី និង​ផ្ទះ​សម្បែង​ ដែលបង​ប្អូន​​​គួរ​ដឹង​​!

នៅ​ប្រទេស​កម្ពុជា ការ​ចុះ​បញ្ជីដីធ្លី នៅ​មាន​ការខ្វះចន្លោះ​ច្រើន។ មាន​​អ្នក​ខ្លះ​កាន់កាប់​ដីធ្លី ដោយ​គ្មាន​ប័ណ្ណកម្មសិទ្ធិ។ ខ្លះ​ក៏កាន់​កាប់​ដោយ​ស្រប​ច្បាប់ ខ្លះ​ក៏​មិនស្រប​ច្បាប់។ ភាព​ស្រពិចស្រពិល​ទាំងនេះ អាច​បង្ក​ឲ្យ​មាន​វិវាទ នៅ​ក្នុង​ករណី​មាន​ការ​ទិញ/លក់។ ដើម្បី​ជៀសវាង​ទិញ​ប៉ះចំ​ដី ដែល​ជាប់​មាន​បញ្ហា​ចម្រូងចម្រាស់ អ្នកទិញ​ត្រូវ​តែ​មាន​ការ​ប្រយ័ត្នប្រយែង ពិនិត្យ​​មើល​​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយ មុន​នឹង​ឈានទៅ​ចុះ​កិច្ចសន្យា។

មុន​នឹង​ឈាន​ទៅ​ចុះ​កិច្ចសន្យា​ តើ​គេ​ត្រូវ​ពិនិត្យ​មើល​ចំណុច​ណា​ខ្លះ ដើម្បី​ជៀសវាង​​មាន​វិវាទ ទៅ​ថ្ងៃ​ក្រោយ?

គេ​ត្រូវ​ពិនិត្យ​មើល​​​ចំណុច​សំខាន់ៗ ចំនួន ៤៖​

១-ប្រភេទ​នៃ​​​ប័ណ្ណកាន់កាប់​របស់​​ម្ចាស់ដី​

អ្នក ​ទិញ​គួរ​ពិនិត្យ​មើល​ថា តើ​អ្នក​លក់​​មាន​ប័ណ្ណ​កាន់កាប់​ប្រភេទ​ណា? តើ​ជា​ “វិញ្ញាបនប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ” (ឬ​ហៅ​តាម​ភាសា​សាមញ្ញ​ថា “ប្លង់រឹង”) ក៏​ជា “វិញ្ញាបនប័ត្រ​សម្គាល់​ការកាន់កាប់​អចលនវត្ថុ” (​ប្លង់​ទន់)?

ប្រសិន ​បើ​អ្នក​លក់​មាន​ប្លង់រឹង មានន័យថា គាត់​គឺ​ជា​កម្មសិទ្ធិករ​ពេញ​សិទ្ធិ​លើ​ដី​របស់​គាត់។ ក្នុង​ករណីនេះ គេ​អាច​មាន​ការ​ទុក​ចិត្ត​ច្រើន​ជាង ពីព្រោះ​ថា នៅ​លើ​ប្លង់រឹង​នេះ គេ​អាច​មើល​ឃើញ​អំពី​ទំហំ និង​ទីតាំង​របស់​ដី និង​ឈ្មោះ​របស់​ម្ចាស់ដី។ ម្យ៉ាងទៀត គេ​មាន​ការ​ងាយស្រួល ក្នុង​ការ​ផ្ទៀងផ្ទាត់​ប័ណ្ណ​ប្រភេទនេះ ជាមួយ​នឹង​បញ្ជី ដែល​ចុះ​នៅ​អាជ្ញាធរ​សុរិយោដី។

ផ្ទុយ​ទៅវិញ ប្រសិន​បើ​អ្នក​លក់​​មាន​ត្រឹមតែ​​ប្លង់​ទន់ មានន័យថា គាត់​គ្រាន់តែ​ជា​ភោគី (អ្នក​កាន់កាប់​ស្របច្បាប់) ប៉ុណ្ណោះ។ គាត់​មិនទាន់​ជា​ម្ចាស់កម្មសិទ្ធិ​ពេញ​លេញ នៅ​ឡើយ​ទេ។ តាម​ច្បាប់ ភោគី ក៏​មាន​សិទ្ធិ​លក់​ដី​របស់​គាត់​ដែរ។ ក៏ប៉ុន្តែ អ្នកទិញ​គួរ​មាន​ការ​ប្រយ័ត្នប្រយែង​ខ្ពស់ ក្នុង​ការ​ទិញ​ដី​ប្រភេទ​នេះ។

ចំណុច ដែល​ត្រូវ​ពិនិត្យ​មើល គឺ​អំពី​ប្រវត្តិ​របស់​ដី​នេះ។ ត្រូវ​មើល​ថា តើ​ដី​នេះ​បាន​ផ្ទេរ​ជា​ដំណ​តៗ​គ្នា​ប៉ុន្មាន​ដំណាក់​មក​ហើយៗ ក្នុង​ដំណាក់​នីមួយៗ តើ​មាន​បាន​ធ្វើ​ការ​ផ្ទេរ ដោយ​គោរព​ទៅតាម​នីតិវិធី​កំណត់​ដោយ​ច្បាប់​ដែរឬទេ។ ការ​ផ្ទៀងផ្ទាត់​បែបនេះ ដើម្បី​ឲ្យ​ប្រាកដ​ថា ប្លង់ទន់ ដែល​អ្នកលក់​កំពុង​មាន​ក្នុង​ដៃនេះ បាន​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់ ហើយ​ម្ចាស់ដី​ក៏​កាន់កាប់​ដោយ​ស្រប​ច្បាប់ ជៀស​វាង​ដី​មាន​ម្ចាស់​ពីរ-បី មក​ឈ្លោះ​ដណ្តើម​គ្នា ទៅ​ថ្ងៃ​ក្រោយ។

២-​ស្ថានភាពដី

ក្រោយ ​ពី​បាន​ពិនិត្យ​ឃើញ​ច្បាស់​លាស់ អំពី​ប្រភេទ​នៃ​​ឯកសារ​កាន់កាប់​ដីធ្លី​នេះ​ហើយ បើ​ទោះ​ជា​ដីនោះ​ជា​ដី​ភោគៈ ឬ​ក៏​ជា​ដី​កម្មសិទ្ធិ​ក៏ដោយ អ្នក​ទិញ​គួរ​​តែ​ពិនិត្យ​មើល​អំពី​ស្ថានភាព​ជុំវិញ​ដី​នោះ។ ត្រូវ​មើល​ថា តើ​នៅ​ជុំវិញ​នោះ មាន​ដី​ផ្សេង​ទៀត​ដែរឬទេ? តើ​មាន​របង ឬ​ព្រំ​ដី​កំណត់​ច្បាស់​លាស់​ដែរឬទេ។

ប្រសិន​បើ​មើលទៅ ឃើញ​ថា ព្រំដី​​នៅ​មិនទាន់​កំណត់​បាន​ច្បាស់លាស់ គេ​ត្រូវ​ធ្វើ​ការ​វាស់វែង​កំណត់​ព្រំដី មុន​នឹង​ចុះ​កិច្ចសន្យា។ ការវាស់វែង​កំណត់ព្រំដីនេះ ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​មាន​វត្តមាន​អាជ្ញាធរ​សុរិយោដី ជា​អ្នក​ដឹង​ឮ។

ទាំងនេះ គឺ​ដើម្បី​ជៀសវាង​ជម្លោះ​ជាមួយ​អ្នក​ជិត​ខាង ក្រោយ​ពី​ទិញ​ដី​នេះ​បានហើយ។

៣-បន្ទុក​នៅ​លើ​ដី

គេ ​ត្រូវ​ពិនិត្យ​មើល​ថា តើ​​ដីនេះ​​ត្រូវ​បាន​យក​ទៅ​ដាក់​បញ្ចាំ​ធានាបំណុល ឬ​​​ជួល ឬ​ប្រវាស់​ ដែរ​ឬទេ? តើ​ដី​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ ដែល​ហាម​មិន​ឲ្យ​លក់ ឬ​ក៏​​ជា​កម្មវត្ថុ ដែល​ត្រូវ​តុលាការ​រឹបអូស ដែរ​ឬទេ?

ប្រសិន​បើ​មាន គេ​ត្រូវ​តែ​ដោះបន្ទុក​នេះ​ឲ្យ​ជ្រះ​ស្រឡះ​ជាមុន​សិន មុន​នឹង​ចុះ​កិច្ចសន្យា​ទិញ។

៤-ដី​ជា​ចំណែក​ផ្លូវ

ដោយ ​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍ ជា​ពិសេស ហេដ្ឋា​រចនាសម្ព័ន្ធ មុន​នឹង​ទិញ​ដី​ណាមួយ អ្នក​ទិញ​គួរ​​ពិនិត្យ​មើល​ថា តើ​ដី​នេះ​មាន​ជាប់​ជា​ចំណែក​ផ្លូវ ឬ​ក៏​ត្រូវ​ចំ​​កន្លែង ដែល​​ជា​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ដែរ​ឬទេ។ បើ​សិន​ជា​មែន តើ​មាន​ការ​ប៉ះពាល់​ត្រឹម​កម្រិតណា?

តើ​កិច្ចសន្យា​ទិញ/លក់​អចលនវត្ថុ​ត្រូវ​ធ្វើ​ឡើង ក្នុង​​ទម្រង់​បែបណា ដើម្បី​ឲ្យ​មាន​សុពលភាព​ពេញលេញ​តាមផ្លូវច្បាប់?

គេ ​ត្រូវ​ពិនិត្យ​ជា​បឋម​ថា តើ​​​អ្នក​ចុះ​កិច្ចសន្យា​នេះ មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការ​ចុះ​ដែរឬទេ? គេ​ត្រូវ​មើល​ត្រង់​ចំណុច​ពីរ៖ តើ​​អ្នក​ចុះ​កិច្ចសន្យា​នេះ​ជា​រូបវ័ន្តបុគ្គល ឬ​ក៏​ជា​នីតិ​បុគ្គល (ក្រុមហ៊ុន ឬ​អង្គការ)?

ប្រសិន​បើ​ជា​រូបវ័ន្តបុគ្គល គេ​ត្រូវ​ពិនិត្យ​មើល​ថា តើ​​ដី​ដែល​គាត់​លក់​នេះ ជា​ទ្រព្យ​ឯកជន​របស់​គាត់ ឬ​ក៏​ជា​ទ្រព្យ​រួម ដែល​មាន​ម្ចាស់​ផ្សេង​ទៀត។ ប្រសិន​បើ​ជា​ទ្រព្យ​រួម គាត់​មិន​អាច​ចុះ​​កិច្ចសន្យា​លក់​តែ​ឯងបានទេ គឺ​ត្រូវ​តែ​មាន​ការ​ព្រមព្រៀង​លក់ ពី​សំណាក់​ម្ចាស់ផ្សេង​ទៀត។

ប្រសិន ​បើ​ជា​នីតិបុគ្គល គេ​ត្រូវ​ពិនិត្យ​​មើល​ថា តើ​អ្នក​មក​ចុះ​កិច្ចសន្យា បាន​ទទួល​សិទ្ធិ​ត្រឹមត្រូវ​ពី​ក្រុមប្រឹក្សា​ភិបាល (អង្គការ) ឬ​ក៏​ម្ចាស់​ភាគហ៊ុន (ក្រុមហ៊ុន) ដែរ​ទេ?

សម្រាប់​អ្នក​លក់ គឺ​ត្រូវ​ពិនិត្យ​មើល​ថា តើ​អ្នកទិញ មាន​សញ្ជាតិ​ខ្មែរ ដែរ​ឬទេ ពីព្រោះ​ថា តាម​ច្បាប់​កម្ពុជា ជនបរទេស​មិន​អាច​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​បានទេ។

បើ​សិន​ជា​ ពិនិត្យ​ទៅ​ឃើញ​ថា គូភាគី​​ពិត​ជា​មាន​សិទ្ធិ​ចុះ​កិច្ចសន្យា​ហើយ គេ​ត្រូវ​និយាយ​ពី​ទម្រង់​​ នៃ​កិច្ចសន្យា​ម្តង។ ការ​ទិញដូរ​អចលនវត្ថុ គឺ​ជា​កិច្ចសន្យា​ ដែល​មាន​លក្ខណៈពិសេស។ គូភាគី​មិន​អាច​​ចុះ​ហត្ថលេខា​​តាម​ទម្រង់​​ជា​លិខិត​ឯកជន​បាន​នោះទេ។ ដើម្បី​ឲ្យ​កិច្ចសន្យា​​មាន​សុពលភាព​ពេញលេញ​តាមផ្លូវ​ច្បាប់ កិច្ចសន្យា​ទិញដូរ​អចលនវត្ថុ​​ត្រូវ​តែ​ធ្វើ​ឡើង​ក្នុង​ទម្រង់​ជា​លិខិត​យថា ​ភូត ដោយ​​គោរព​តាម​ទម្រង់​ និង​នីតិវិធី ដែល​កំណត់​ដោយ​ច្បាប់ ពោល​គឺ​កិច្ចសន្យា​ត្រូវ​ធ្វើ​ជា​លាយលក្ខណ៍​អក្សរ និង​មាន​ការ​ទទួល​ដឹង​ឮ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ដីកម្មសិទ្ធិ (ប្លង់រឹង)

ប្រសិន ​​​​បើ​ការទិញដូរ​នេះ​ធ្វើ​ឡើង​លើ​ដី​​កម្មសិទ្ធិ មានន័យថា អ្នក​លក់​គឺ​ជា​កម្មសិទ្ធិករ​ កាន់ “ប្លង់រឹង” ការ​ចុះ​កិច្ចសន្យា ត្រូវ​​ធ្វើ​ឡើង​តាម​ទម្រង់បែបបទ ដែល​ដាក់​ឲ្យ​ប្រើ​ដោយ​ក្រសួង​សុរិយោដី ដែល​គេ​ហៅ​ថា “លិខិត​លក់​ផ្តាច់”។

អ្នក​ទិញ និង​អ្នក​លក់​ ដោយ​ច្បាប់​តម្រូវ​ឲ្យ​មាន​សាក្សី​ម្នាក់​១​ផង​នោះ ត្រូវ​ផ្តិត​មេដៃ​លើ​លិខិត​លក់ ដោយ​មាន​ការ​ដឹង​ឮ​ពី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ស្រុក/ខ័ណ្ឌ។

បន្ទាប់​មក គេ​ត្រូវ​យក​កិច្ចសន្យា​នេះ ទៅ​អាជ្ញាធរ​សុរិយោដី ដើម្បី​ធ្វើ​ការ​ចុះ​បញ្ជី​ផ្ទេរ​សិទ្ធិ (កាត់ឈ្មោះ)។

ដំបូង ភាគី​ទាំង​ពីរ​ត្រូវ​​យក​កិច្ចសន្យា​លក់ ទៅ​ឲ្យ​​ការិយាល័យ​សុរិយោដី​ស្រុក/ខ័ណ្ឌ ដើម្បី​ពិនិត្យ​មើល​ថា តើ​កិច្ចសន្យា​នេះ​ពិត​ជា​បាន​ចុះ​ត្រឹមត្រូវ​តាម​នីតិវិធី​ដែរ​ឬទេ។ បើ​សិន​ជា​ការិយាល័យ​សុរិយោដី​ស្រុក/ខ័ណ្ឌ ពិនិត្យ​មើល​ឃើញ​ថា ត្រឹមត្រូវ​ហើយ គេ​នឹង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​មន្ទីរ​សុរិយោដី​ខេត្ត/ក្រុង ជា​អ្នក​​ពិនិត្យ​មើល​​ចុងក្រោយ មុននឹង​ធ្វើ​ការ​ចុះ​បញ្ជី​ផ្ទេរ​កម្មសិទ្ធិ។

មុននឹង​​មន្ទីរសុរិយោដី ​ចុះបញ្ជី​ផ្ទេរសិទ្ធិ អ្នកទិញ​ត្រូវ​ទៅ​បង់​ពន្ធ​ជាមុនសិន (៤%​នៃ​តម្លៃដី)។ បន្ទាប់​ពី​បាន​បង្កាន់​ដៃ​​ពន្ធ​ហើយ ទើប​មន្ទីរ​សុរិយោដី ចារ​លើ​ប្លង់ដីនេះ​ថា អ្នកទិញ​នឹង​ក្លាយ​ទៅ​ជា​ម្ចាស់ដី ចាប់​ពី​ពេលនេះ​តទៅ។

ដី​​ភោគៈ (ប្លង់ទន់)

សម្រាប់ ​ដី​ភោគៈ (ឬដី​ប្លង់ទន់) មិនមាន​នីតិវិធី​ចុះ​បញ្ជី​ផ្ទេរ​កម្មសិទ្ធិ​ នៅ​អាជ្ញាធរ​សុរិយោដី​ទេ ពីព្រោះ​ថា ដីនេះ​មិនទាន់​ជា​ដី​កម្មសិទ្ធិ ដូច្នេះ មិនទាន់​មាន​ចុះ​ នៅ​ក្នុង​បញ្ជី​រដ្ឋបាលដីធ្លី នៃ​អាជ្ញាធរ​សុរិយោដី​នៅឡើយទេ។

កិច្ចសន្យា​ទិញ/លក់​ដី​ប្រភេទ​នេះ ច្បាប់​តម្រូវ​ឲ្យ​មាន​​ការចុះ ដោយ​មាន​ការ​ដឹងឮ​ត្រឹម​អាជ្ញាធរ​ដែនដី​ប៉ុណ្ណោះ ដោយ​មិនចាំបាច់​ទៅ​ដល់​អាជ្ញាធរ​សុរិយោដី​ទេ។

នៅ​ក្នុង​ការ​អនុវត្ត​ ជាក់ស្តែង នៅ​កន្លែង​ខ្លះ កិច្ចសន្យា​លក់ដី​ភោគៈ គេ​ធ្វើ​ ដោយ​មាន​ការ​ដឹងឮ​តែ​ពី​អាជ្ញាធរ​ឃុំ/សង្កាត់​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅ​កន្លែង​ខ្លះ​ទៀត គេ​ធ្វើ​នៅ​ឃុំ/សង្កាត់​ហើយ គេ​ទៅ​ឲ្យ​អាជ្ញាធរ​ស្រុក/ខ័ណ្ឌ​​ជួយ​ដឹង​ឮ​មួយ​ដំណាក់​ទៀត។ ការ​ដឹង​ឮ​ពី​សំណាក់​អាជ្ញាធរ​ថ្នាក់​កាន់តែ​ខ្ពស់ គឺ​កាន់តែ​មាន​សុវត្ថិភាព៕

ប្រភព​៖ Khmer RFI 

ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ ចេញ​ Trailer ជា​ផ្លូវ​ការ​ហើយ​!

ភាពយន្ត «មុន​ដំបូង​ខ្មែរ​ក្រហម​បាន​សម្លាប់​ប៉ា​របស់​ខ្ញុំ» ឬ “First They Killed My Father” ដែល​ដឹកនាំ​ដោយ​អ្នក​ស្រី Angelina Jolie បាន​ចេញ​ Trailer ផ្លូវការ​ហើយ​នៅ​យប់​ថ្ងៃ​ពុធ​នេះ។ ទស្សនា​ទាំង​អស់​គ្នា​ខាង​ក្រោម​នេះ៖

គួរ​បញ្ជាក់​ថា​សាច់​រឿង​នេះ គឺ​ជា​ការ​ចង​ចាំ​ដ៏​ឈឺ​ចាប់​របស់​ អ្នក​និពន្ធ​សៀវភៅ​ និង សកម្មជន​ការពារ​សិទ្ធិ​​មនុស្ស​ អ្នកស្រី លឿង ​អ៊ឹង​ ដែល​បាន​រួច​ផុត​ជីវិត​ពី​របប​ខ្មែរ​ក្រហម​យ៉ាង​សាហាវ​យ៉ង​ខ្នង​ នៅ​ចន្លោះ​ឆ្នាំ​ ១៩៧៥​ ដល់ ១៩៧៨។ ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង ពេល​ខ្មែរ​ក្រហម​បាន​ឡើង​កាន់​អំណាច​កាល​ពី​អ្នក​ស្រី​នៅ​អាយុ​ ៥ ​ឆ្នាំ ​ដល់​ ៩​ ឆ្នាំ។ ខ្សែ​ភាពយន្ត​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ ស្មារតី​យ៉ាង​មោះមុត​ និង ការ​តស៊ូ​យ៉ាង​ប្ដូរផ្ដាច់​របស់ គ្រួសារ​អ្នក​ស្រី​ លឿង ដើម្បី​បាន​រស់​នៅ​ជា​មួយ​គ្នា​យ៉ាង​វេទនា​អំឡុង​សម័យ​ខ្មែរ​ក្រហម។

ភាពយន្ត​​បែប​ប្រវត្តិសាស្ត្រ​ដែល​ប្រជាជន​ខ្មែរ​ទន្ទឹង​រង់ចាំ​នេះ​នឹង​មាន​​ដាក់​ឲ្យ​ទស្សនា​លើ​​សេវាកម្ម​​កម្សាន្ត​ Netflix នៅ​ថ្ងៃ​ទី១៥ ​ខែ​កញ្ញា៕​​​​​

ប្រភព៖​cambodiaupdate.net

គោលការណ៍​​ដឹកនាំ​ប្រទេស​របស់ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី ៧​

ហេតុអ្វីព្រះបាទជ័យវរ្ម័នទី៧ លោកអាចគ្រប់គ្រងចក្រភពខ្មែរដ៏ធំធេងបាន ? នេះក៏ដោយសារព្រះអង្គមានទស្សនៈដឹកនាំច្បាស់លាស់ ដែលធ្វើអោយប្រទេស​ព្រះអង្គ​រុងរឿង​ថ្កុងថ្កើង ។ តើ​ទស្សនៈ​នៃ​ការ​ដឹក​នាំ​របស់​​ព្រះ​មហាក្សត្រ​អង្គ​នោះ​​មាន​អ្វី​ខ្លះ​នោះ​ យើង​​​សូមធ្វើការបកស្រាយដូចតទៅ ៖


១-ទឹកអម្រែក ៖ អ្នកដឹកនាំត្រូវឈរលើយុត្តិធម៌មិនលំអៀង ស្មើភាពគ្នាចំពោះច្បាប់ គ្មានបែង​ចែក​ឋានៈខ្ពស់ទាប។ (ទឹកដែលយើងរែក គឺស្ថិតក្នុងបន្ទាត់រាបស្មើជានិច្ចទោះ​ជាយើងឡើងទួល ចុះទំនាបក៏ទឹកនៅរក្សាបន្ទាត់រាបស្មើដែរ )។

២-ភ្នែកខ្លែង ៖ អ្នកដឹកនាំត្រូវចេះមើលអោយបានឆ្ងាយដើម្បីបានដឹងពីស្ថានការណ៏​ពិត​នៅ​ខាងក្រោម មិនត្រូវស្តាប់តែមនុស្សជុំវិញខ្លួនរាយការណ៏នោះឡើយ (ខ្លែងជាសត្វ​មាន​​ភ្នែកមុតដែលវាអាចមើលឃើញចំណីវារាប់រយម៉ែត្រលើដី បើទោះវាហោះហើរលើ​អាកាស​ដ៏ខ្ពស់ក្តី )។

៣-ស្ញែងរាជសី ៖ ធ្វើជាអ្នកដឺកនាំត្រូវហ៊ានសំរេចចិត្ត មិនត្រូវចុះញ៉មឧបសគ្គ ។ ( រាជ​សី​ហ៍​​ជាស្តេចម្រឹគទាំងពួង បើរាជសីដើរឆ្ពោះទៅធ្វើអ្វីគឺមិនរាថយឡើយ )។

៤-សំដីឥសូរ ៖ ត្រូវប្រកាន់ពាក្យសច្ចៈ បើសន្យាត្រូវធ្វើអោយបាន កុំនិយាយចោល ។ (ឥសូរជាអាទិទេពធំជាងគេក្នុងព្រហ្មមញ្ញសាសនា ហេតុនេះសំដីព្រះអង្គជាសំដីទិព្វ មិននិយាយចោលនោះឡើយ) ។

៥-ថ្ងូរព្រះឥន្ទ ៖ អ្នកដឹកនាំត្រូវយកចិត្តទុកដាក់ពីសុខទុក្ខរាស្រ្តប្រជាដូចពាក្យស្លោកថា «ទុក្ខរបស់​រាស្រ្តជាទុក្ខរបស់ព្រះមហាក្សត្រ» ។(ព្រះឥន្ទជាស្តេចនៃទេវតា ព្រះអង្គតែង​ប្រមើល​មើលពីសុខទុក្ខមនុស្សលោកទាំងពួង ថ្ងូរគឺជាពាក្យត្អូញត្អែរ​ពីកង្វល់​របស់​ទ្រង់​ចំពោះ​​រាស្រ្តប្រជាដែលកំពុងរងទុក្ខលំបាក) ។

៦-សុបិនសួគ៌ ៖ ត្រូវប៉ងប្រាថ្នាធ្វើយ៉ាងណាអោយស្រុកទេសសំបូរសប្បាយ រីកចំរើន​ដូច​ស្ថានសួគ៌​​។ (ការពណ៌នាក្នុងរឿងទេវកថា ស្ថានសួគ៌ជាស្ថានទេពសំបូរសប្បាយដែល​មនុស្ស​​ទាំងពួងប៉ងប្រាថ្នា )

៧-ខួរទន្សាយ ៖ មានភាពឆ្លាតវៃ ចេះដោះបញ្ហាតាមកាលៈទេសៈមិនងាប់ក្រឡា ។ (ក្នុងរឿងនិទានខ្មែរទន្សាយជាសត្វមានប្រាជ្ញា ដែលមិនត្រឹមតែអាចដោះបញ្ហា​ផ្ទាល់​ខ្លួន​នោះ​ទេ ថែមទាំងអាចជួយដោះបញ្ហាអោយអ្នកដ៏ទៃទៀតផង) ។

៨-សប្បាយស្រម៉ោច ៖ ចេះធ្វើអោយប្រជារាស្រ្តតូចតាចសាមគ្គីគ្នា រស់នៅសំបូរ​សប្បាយ​ក្នុងជីភាពប្រចាំថ្ងៃ។ (ស្រម៉ោចជាសត្វល្អិត ដែលគេប្រដូចជារាស្រ្តតូចតាច ស្រម៉ោច​ធ្វើការងារដោយកម្លាំងសាមគ្គីគ្នា ) ។ ការបកស្រាយរបស់ខ្ញុំ​នេះ​មិន​គ្រប់​ជ្រុងជ្រោយទាំងស្រុងនោះទេ គ្រាន់តែជួយជាគន្លឹះដល់ក្មួយៗសំរាប់ការត្រៀមប្រលង ប៉ុណ្ណោះ បើអស់លោក រៀមច្បងណាយល់ថាការបកស្រាយនេះមិនគ្រប់គ្រាន់ សូមមេត្តជួយបំពេញបន្ថែម៕

ប្រភព​​៖ Tara Om

អស្ចារ្យ! គំនូរ​ ៤២​ផ្ទាំង​​របស់​​កូន​ខ្មែរ​​នឹង​​ដាក់តាំងលក់ក្នុងវិចិត្រសាលលំដាប់​ពិភពលោក​​

វិចិត្រករ​ដែល​គេ​ទទួល​ស្គាល់​ថា មាន​ទេពកោសល្យ​ដ៏​អស្ចារ្យ​ ខាង​គំនូរ​សហសម័យ​ លោក លាង ស៊ីកន នឹង​នាំ​យក​គំនូរ​ដ៏​ល្អ​ឯក​ចំនួន​ ៤២​ផ្ទាំង ​ទៅ​តាំង​ពិព័រណ៍​​នៅ​ទីក្រុងហុង​កុង​ ​នៅ​ថ្ងៃ​ខាង​មុខ ដើម្បីបង្ហាញពី​បង្ហាញ​ស្នា​ដៃ​ដ៏​អស្ចារ្យ​មួយ​របស់​កូន​ខ្មែរ ទៅលើ​ឆាក​អន្តរជាតិ។

ផ្ទាំង​គំនូរ​ពោរពេញ​​ទៅ​ដោយ​ភាព​ច្នៃ​ប្រឌិត​ដែល​វិចិត្រ​ករ​រូប​នេះ​នាំ​យក​ទៅ​តាំង​ពិព័រណ៍​នោះ​​មាន​ទាំង​ផ្ទាំង​តូច​ និង​ធំ ដោយ​​មាន​ឈ្មោះ ​​និង​អត្ថន័យ​​ជ្រាល​ជ្រៅ​។ ការ​តាំង​ពិព័រណ៍​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៧​ខាង​មុខ​នេះ​។​

ម្ចាស់​ស្នាដៃ​​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ទាំង​លើ​ឆាក​ជាតិ ​និង​អន្តរ​ជាតិ​រូប​នេះ​បាន​បញ្ជាក់​ថា ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​​​ទេ​ ដែល​វិចិត្រសាល​​ដ៏​ល្បាញ​ នៅ​ហុងកុង​​ជ្រើស​រើស​​គំនូរ​របស់​លោក​យក​ទៅ​តាំង​ពិព័រណ៍ ព្រម​ទាំង​ចុះ​កុងត្រា​ជាមួយ​លោក​ផង​នោះ។

«ខ្ញុំ​រៀប​ចំ​គំនូរ​ទៅ​ហ្នឹង​មាន​៤២ផ្ទាំង​ យក​ទៅ​តាំង​នៅ​ស្រុក​ហុងកុង​ នៅ​ទី​ហ្នឹង​គឺ​ជា gallery (វិចិត្រសាល)​​ ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ ខ្ញុំ​តាំង​តែ​ម្នាក់​ឯង​ទេ ។ នៅ​ទី​នោះ​​មាន​អ្នក​ជំនាញ​ខាង​ប្រវត្តិសាស្ត្រ​ សិល្បៈ និង​សហសម័យ​ហ្នឹង គាត់​វិភាគ​ ​វាយ​តម្លៃ ទៅ​លើ​គំនូរ​និមួយៗ និង​គំនិត​ផ្ដួច​ផ្ដើម​របស់​ខ្ញុំ​ ។

វិចិត្រករ​ដែល​មាន​ស្នាដៃ​រូប​នេះ​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា វិចិត្រសាល​ល្បី​ៗនៅ​លើ​ពិភព​លោក​មិន​ងាយ​ទទួល​យក​ស្នាដៃ​សិល្បៈ​ណា​មួយ​ឡើយ​ គឺ​ទាល់​តែ​គេ​បាន​សិក្សា​ពី​ស្នាដៃ​វិចិត្រ​ករ​នោះ​យ៉ាង​ល្អិត​ល្អន់​រួច​ជា​ស្រេច​ មួយ​ទៀត​សោត​​ជា​វិចិត្រករ​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ទាំង​លើ​ឆាក​ជាតិ​ និង​អន្តរជាតិ​ទើប​គេ​ចុះ​កុងត្រា​ជាមួយ។​​​​​

សូម​បញ្ជាក់​ថា លោក លាង ស៊ីកន ធ្លាប់​បាន​ចុះ​កុងត្រា​ជាមួយវិចិត្រសាល នេះ​ពី​មុន​រួច​មក​ហើយ​នៅ​ទី​ក្រុង​ឡុង​ប្រទេស​អង់គ្លេស ​តែ​ទើប​តែ​ថ្មីៗ​នេះ​លោក​សម្រេច​ចិត្ត​ចុះ​កុងត្រា​បន្ថែម​ជាមួយ​ វិចិត្រសាល​ដដែល នៅ​ទីក្រុង​ហុងកុង។ ក្រៅ​ពី​ការ​ដាក់​តាំង​ពិព័រណ៍​គំនូរ ក្នុង​វិចិត្រសាល​ដែល​ជាប់​កុងត្រា​ជាមួយ លោក​ក៏​ធ្លាប់​នាំ​យក​ស្នាដៃ​ដ៏​ល្អ​ឯក​ទៅ​តាំង​ពិព័រណ៍​ទាំង​ក្នុង​ប្រទេស និង​នៅ​លើ​ឆាក​អន្តរ​ជាតិ​ជា​ច្រើន​ផង​ដែរ៕

ប្រភព​៖ Sabay News

 

ផ្សារ​ទំនើប​បែប​ធម្មជាតិ​ដំបូង​បង្អស់​នៅ​កម្ពុជា នឹង​បើក​ឆាប់ៗ​នេះ​ហើយ! ​

ផ្សារទំនើបរចនាតាមបែបធម្មជាតិ PH Plaza របស់បុរីប៉េងហួត ហួត ដឹស្តា ដាយមិន នៅ​លើ៦០ ម៉ែត្រ គ្រោងនឹងសាងសង់ឡើងនៅលើផ្ទៃដីផ្ទៃដី ២.៤ ហិចតា ដែលផ្ទៃ​ដី​សរុប​ប្រមាណ៣០ហិកតា។ ផ្សារទំនើបនេះ នឹងសាងសង់​ឡើង​តាមលក្ខណះ​បចេ្ចក​ទេស ដែលអមជាមួយធម្មជាតិស្រស់បំព្រងទាំងក្នុងផ្សារ និង ខាងក្រៅផ្សារ ប្រៀប​ដូច​ជា​ដើរ​ទំនិញនៅក្នុងបរិយាកាសធម្មជាតិមួយដ៏ស្រស់ស្រាយ ដែល​មិន​ធ្លាប់​ផ្សារទំនើប​ណាមួយ​នៅកម្ពុជា រៀបចំបែបនេះឡើយ។

ក្នុងផ្សារទំនើបទាំងមូលមានបែងចែកចេញជាពីរជាន់ ដែលប្រមូលផ្តុំទៅដោយ ហាង​ទំនិញ​​ជាច្រើនប្រភេទ ព្រមទាំង រោងកុន សាលតាំងពិព័ណ អាហារដ្ឋាន និង ការកំសាន្ត​ផ្សេងៗដ៏សម្បូរបែបថែមទៀតផង ដែលស័ក្តិសមជាទីកន្លែងណាត់ជួប ជា​លក្ខណៈ​គ្រួសារ និងការងារផងដែរ។ នៅជាន់ខាងលើបង្អស់នៃផ្សារទំនើប មាន​ភោជនីយដ្ឋាន លើអាកាស ព្រមជាមួយសម្រស់ធម្មជាតិពណ៌បៃតង និងទឹកជ្រោះ ដែល​ធ្វើអោយ​អតិថិជន មានអារម្មណ៍ កំពុងស្ថិតនៅក្នុងភោជនីយដ្ឋានបែបដង​ព្រៃថែម​ទៀត​ផង​។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ចាប់ពីថ្ងៃនេះ រហូត​ដល់ដំណាច់​ខែ​កក្កដា ប្រសិនបើអតិថិជនចង់បាន គេហដ្ឋាន ក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តា ដាយមិន ដែល​ជាគម្រោងមួយ មានទាំង ផ្សារទំនើប សាលសន្និសីទ សួនកំសាន្តធំទូលាយ អាង​ហែល​ទឹក ក្លឹបហាត់ប្រាណជាដើមនោះ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៨% បន្ថែមទៀត។

ប្រភព​៖ Business-Cambodia

៧​ចំណុច​តូច តែសន្សំ​សំចៃ​អគ្គីសនី​បាន​ច្រើន​!

១. ឆ្នាំង​សាក (​ទុកចោល​ស៊ី​ភ្លើង ១ វ៉ា​ត់​) ​ ​

២. ទូរទស្សន៍​ (​ទុកចោល​ស៊ី​ភ្លើង ៤៨,៥ វ៉ា​ត់​) ​

៣. ឧបករណ៍​ ខារ៉ាអូខេ/ ហូម​សៀធ័រ​ (​ទុកចោល​ស៊ី​ភ្លើង ២៤,៥ វ៉ា​ត់​) ​​

៤. កុំព្យូទ័រ​លើ​តុ (​ទុកចោល​ស៊ី​ភ្លើង ២១,១ វ៉ា​ត់​) ​​

៥. ម៉ាស៊ីន​ឆុង​កាហ្វេ ម៉ាស៊ីន​ដាំ​ទឹក​អគ្គីសនី​​ (​ទុកចោល​ស៊ី​ភ្លើង ១ វ៉ា​ត់​) ​​

៦. ក្បាលម៉ាស៊ីន​​​ហ្គេម​ (​ទុកចោល​ស៊ី​ភ្លើង ១ វ៉ា​ត់​)

៧. ឧបករណ៍​កម្តៅ​អាហារ​ Microwave (​ទុកចោល​ស៊ី​ភ្លើង ៣,០៨ វ៉ា​ត់​)៕