រឿង​អប់រំ​​៖ ការគិត​របស់​អ្នក​នឹង​ផ្លាស់​ប្តូរ​ ៣៦០​ ដឺក្រេ​ ក្នុង​​​ពេល ២នាទី​​​!

មាន​បុរស​ពីរនាក់ មាន​ជម្ងឺជា​ទម្ងន់ និង​បាន​ចូលសម្រាក​ក្នុង​មន្ទីរពេទ្យ​ជា​មួយ​គ្នា​ ក្នុង​បន្ទប់​តែមួយ​ជា​មួយ​គ្នា​។ អ្នក​ជម្ងឺ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ ត្រូវ​បាន​គ្រូពេទ្យ​​ឲ្យ​សម្រាក​លើ​គ្រែ​ក្បែរ​បង្អួច និង​ត្រូវ​ក្រោក​អង្គុយ​លើ​គ្រែ​របស់​គាត់​ ១ម៉ោង​រាល់ថ្ងៃ​ដើម្បី​ឲ្យ​ពេទ្យ​ត្រួត​ពិនិត្យ។​ ចំណែក​ឯបុរសម្នាក់ទៀត​​បាន​ត្រឹម​តែ​គេ​ង​លើ​គ្រែ​គ្រប់​ពេល​។

រាល់ថ្ងៃ​​បុរស​ទី​១ ​ដែល​គេង​ជាប់​​បង្អួច​ តែង​តែ​ពណ៌នា​ពីទេសភាព​ខាង​ក្រៅ​​ប្រាប់​ទៅ​បុរស​ម្នាក់ទៀត​​ដែល​ដេក​នៅ​លើ​គ្រែ​​​និង​​​ប្រឹង​សម្លឹង​មើល​ទៅ​បង្អួច​នោះដែរ​។ បុរស​ទី​១ បាន​រៀប​រាប់​ពី​ទេសភាព​បឹង​ដ៏ស្រស់​ស្អាត សត្វហែល​នៅ​ក្នុង​ទឹក ក្មេងៗ​ជិះ​ទូក​លេង​នៅ​ក្នុង​បឹង​​ និង​ទេសភាព​ដ៏​ស្រស់​ស្អាត​វែង​អន្លាយ​។ បុរស​ទី១ រៀប​រាប់​យ៉ាង​លំអិត​ពី​ទេសភាព​ដែល​គាត់​ឃើញ ធ្វើឲ្យ​បុរស​ទី​២ ប្រឹង​ស្រម៉ៃ​មើលទិដ្ឋភាព​​នោះ​​។

ពេល​វេលា​ចេះ​តែ​កន្លង​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ! នៅព្រឹក​មួួ​យ​​គ្រូពេទ្យ​បាន​ដើរ​ចូល​មក​ក្នុង​បន្ទប់​ក៏​ឃើញ​បុរស​ទី២ដែល​នៅ​ក្បែរ​បង្អួច​ដេក​ស្លាប់​យ៉ាង​ស្ងប់ស្ងាត់​បំផុត​។ បុរសទី​២ ក៏សុំ​គ្រូពេទ្យ​ទៅ​ដេក​គ្រែ​ក្បែរ​បង្អួច​​។ គ្រូពេទ្យ​​ ក៏ប្តូរ​គ្រែ​អោយ​បុរស​ទី២ ហើយ​ក៏​ចាកចេញទៅ​។

បុរសទី២ ក៏​ប្រឹង​អើត​មើល​ទៅ​តាម​បង្អួច​យ៉ាង​លំបាក​ ប៉ុន្តែ​អ្វី​ដែល​គាត់​ឃើញ​គ្រាន់តែ​ជា​ជញ្ជាំង​តែ​ប៉ុណ្ណោះ​។ គាត់​ក៏​ហៅ​គ្រូពេទ្យ​​មក​សួរ​ «ហេតុអ្វី​បាន​ជា​បុរសទី១ មើល​ឃើញ​អ្វីៗ​គ្រប់​យ៉ាង​ មក​រៀបរាប់​ប្រាប់​គាត់​»?

គ្រូពេទ្យ​ក៏​ប្រាប់​គាត់​ថា​ អ្នក​ដែល​រៀបរាប់​ទិដ្ឋភាព​ខាង​ក្រៅ​ប្រាប់​គាត់​ គឺ​ជា​មនុស្ស​ខ្វាក់​ដែល​មិន​សូម្បី​មើល​ឃើញ​ជញ្ជាំង​។ គាត់​ប្រហែល​ជា​ចង់​អោយ​អ្នក​ជុំ​វិញ​ខ្លួន​គាត់​សប្បាយ​ចិត្ត​។

គ្មាន​ភាព​រីករាយ​ណា​ ប្រសើរ​ជាង​ធ្វើឲ្យ​អ្នក​ដទៃ​សប្បាយ​ចិត្ត​ដោយ​សារ​យើង​ទេ​ បើ​ទោះជា​អ្នក​មាន​បញ្ហា​ក៏​ដោយ ពីព្រោះ​ភាព​រីក​រាយ​នឹង​កើត​ឡើង​ទ្វេរ​ដង​នៅ​ពេល​ដែល​អ្នក​ចែក​រំលែក​ភាព​រីក​រាយ​ទៅ​អ្នក​ដទៃ​៕

ប្រភព​​៖ Bright Side

 

 

(រឿង​អប់រំ)៖ កញ្ច្រែង​ ដង​ទឹក​​

កាល​ពី​ព្រេង​នាយ​មាន​បុរស​ចំណាស់​ម្នាក់​រស់​នៅ​ក្នង​ចម្ការ​​ ជាមួយ​ចៅ​ប្រុស​របស់​គាត់​ម្នាក់​។ រាល់​ព្រឹក​​ គាត់តែង​ភ្ញាក់​ពី​ព្រលឹម​​​អង្គុយ​អាន​សៀវភៅ​នៅ​តុ​បាយ​។ ចៅ​ប្រុស​គាត់​​ចង់​យក​គំរូ​តាម​ជីតា​របស់​ខ្លួន ដោយ​ព្យាយាម​ធ្វើ​ត្រាប់​គ្រប់​សកម្មភាព​ដែល​ជីតា​​គាត់​បាន​​ធ្វើ​។ ថ្ងៃ​មួយ​ចៅ​ប្រុស​បាន​សួរ​ជីតា​ថា​​៖​ ខ្ញុំ​ព្យា​យាម​​អាន​សៀវ​ភៅ​ដូច​លោក​តា​​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មិន​យល់​សោះ​ ហើយ​​នៅ​ពេល​ដែល​បិទសៀវភៅ​ អ្វី​ៗ​ដែល​ខ្ញុំ​យល់​ក៏​បាត់​អស់​ដែរ​។  តើ​មាន​ប្រយោជន៍​អ្វី​បើ​អាន​សៀវ​ភៅ​របៀប​ហ្នឹង​?​

ភ្លាម​នោះ​​ជីតា​​ក៏​ឈប់​ចាប់​ធ្យូង​ដាក់​ក្នុង​ចង្ក្រាន​ដោយ​​បែរ​មុខ​មក​​ឆ្លើយ​តប​ថា​​៖ « យក​កញ្ច្រែង​ដាក់​ធ្យូង​ទៅ​ទន្លេ និង​ដង​ទឹក​​​ឲ្យ​តា​មួយ​កញ្ច្រែង​ផង។ ភ្លាម​នោះ​​ ចៅ​ប្រុស​របស់​​គាត់​​ក៏​ចាប់​ផ្តើម​​ ធ្វើ​តាម​អ្វី​ដែល​ជី​តា បាន​ប្រាប់​ ប៉ុន្តែ​​ទឹក​ក៏​ហូរ​ចេញ​អស់​មុន​ពេល​មក​ដល់​ផ្ទះ​។ ជីតា​ សើច​ និង​ប្រាប់​ឲ្យ​ចៅ​របស់​គាត់​ទៅ​​ម្តង​ទៀត​​ ដោយ​ប្រាប់​ថា​​​លើក​ក្រោយ​​​ចៅ​ត្រូវ​តែ​ដើរ​ឲ្យ​លឿន​ជាង​ហ្នឹង​។

ម្តង​នេះ​ ចៅ​ប្រុស​រត់​លឿន​ជាង​មុន ប៉ុន្តែ​គាត់​នៅ​តែ​មិន​អាច​ដាក់​មក​ដល់​ផ្ទះ​បាន​​។ ទាំង​ត្រហេប​ត្រហប​ ចៅ​ប្រុស​ប្រាប់​ទៅ​ជីតាថា យើង​មិន​អាច​​​យក​កញ្ច្រែង​ទៅ​ដង​ទឹក​បាន​ទេ​ ហើយ​គាត់​ទៅ​យក​ធុង​មក​ដង​ទឹក​ជំនួស​វិញ​ ប៉ុន្តែ​ជី​តា​របស់​គាត់​ប្រាប់​ថា​ គាត់​មិន​ត្រូវ​ការ​ទឹក​ដង​ដោយ​ធុងទេ គឺ​ត្រូវ​ការ​ទឹក​ដង​ដោយ​កញ្ច្រែង​។ ចៅ​ឯង​មិន​ទាន់​ប្រឹង​ប្រែង​អស់​លទ្ធភាពនៅ​ឡើយ​ទេ​។ ​​ ដូច្នេះ​គាត់​ក៏​ចេញ​ទៅ​ក្រៅ​ដើម្បី​មើល​ចៅ​ប្រុស​គាត់​ដង​ទឹក​ម្តង​ទៀត​​​។

ពេល​នេះ ចៅ​ប្រុស​គាត់​ដឹង​ថា​​​វាមិន​អាច​ទៅ​រួច​ ប៉ុន្តែ​គាត់​ចង់​បង្ហាញ​ទៅ​ជីតា​របស់​គាត់​ថា បើ​ទោះ​ជា​រត់​លឿន​ប៉ុណ្ណា​ ទឹក​នៅ​តែ​ហូរ​អស់​​មិន​ពេល​គាត់​ទៅ​ដល់​ផ្ទះ​។ ​

ចៅ​ប្រុស​ចាប់​ផ្តើម​​ដង​ទឹក និង​រត់​ម្តង​ទៀត​ ប៉ុន្តែ​ពេល​ទៅ​ដល់​ជីតា​របស់​គាត់​ ទឹក​ក៏​ហូរ​អស់ពី​កញ្ច្រែង​។ ចៅ​ប្រុស​និយាយ​ទាំង​ត្រហេប​ត្រហប « វា​គ្មាន​ប្រយោជន៍​ទេ​លោក​តា​»​។  ជីតា​តប​៖ ចៅ​គិត​ថា​វា​ជា​រឿង​គ្មាន​ប្រយោជន៍​មែន​ទេ?​

ចៅប្រុស​មើល​ទៅ​កញ្ច្រែង​ និងចាប់អារម្មណ៍​ឃើញ​ថា​ កញ្ច្រែង​មាន​ការ​ប្រែ​ប្រួល​។ វា​ប្រែ​ពី​កញ្ច្រែង​ប្រឡាក់​ធ្យូង​​ទៅ​ជា​កញ្ច្រែង​ដែល​ស្អាត​តាំង​ពី​ក្នុង​រហូត​ដល់​ក្រៅ​​។

«​ចៅ​ប្រុស​នេះ​​ហើយ​​ជា​អ្វី​ដែល​កើត​ឡើង​ពេល​ ចៅ​អាន​សៀវភៅ។ ចៅ​ប្រហែល​ជា​មិន​យល់​ ឬ​ក៏​ចាំ​គ្រប់​រឿង​ ប៉ុន្តែ​ពេល​ដែល​ចៅ​អាន​ ចៅ​នឹង​មាន​ការ​ប្រែប្រួល​​​ទាំង​ការ​គិត និង​ទង្វើរបស់​ចៅ​។ »

ប្រភព​​៖ Spiritual Short Stories

 

រឿងអប់រំ​​៖ ​កញ្ជ្រោង និង មាន់​!

កញ្ជ្រោងមួយដើររកចំណីដាច់សង្វែង​ នៅព្រលឺមថ្ងៃមួយពេលកំពុងរកចំណី​ក្បែរភូមិ​ក៏​ជួបមាន់​គកមួយក្បាលឈររងាវគឺតៗលើមែកឈើ ។ កញ្ជ្រោងឃើញហើយក៏នឹកក្នុងចិត្ត​​ថា ពេលនេះអញបានឆ្ងាញ់មាត់ហើយ នឹកហើយក៏សសៀទៅក្បែរមាន់រួចពោល​ឡើងថា៖​ សួស្តីបងមាន់ ! បងមានដឹងទេ ថាឥឡូវនេះសត្វព្រៃទាំងអស់បាន​ស្រុះស្រួល​គ្នា​លែងចាប់គ្នាស៊ីជាចំណីទៀតហើយ ! មាន់ឮដូច្នេះក៏តបទៅវិញថា អូ មែនឬ ខ្ញុំអត់ដឹង​សោះ ! កញ្ជ្រោងក៏បន្តទៀតថា មែនហើយ ឥឡូវយើងអាចលេងជាមួយគ្នាបាន​ហើយ​​ បង​ចុះ​មកយើងរាំលេងជាមួយគ្នាអោយសប្បាយតែម្តង ។ មាន់ធ្វើជាភ្ញាក់ផ្អើល​ហើយ​ឆ្លើយ​​ទៅកញ្ជ្រោងវិញ អូបើអីចឹងយើងបានសប្បាយហើយ តែខ្ញុំចង់ហៅមិត្តខ្ញុំម្នាក់​ពីរមករួមសប្បាយផង កញ្ជ្រោងបន្ទរថែម ល្អហើយបង ហៅមកគេនៅឯណា? ជាអ្នកណាទៅ ? មាន់ងាកឆ្វេងស្តាំឆ្លើយទៅកញ្ជ្រោង​វិញ អូគឺបងឆ្កែ នោះគាត់​កំពុង​មក​ហើយ​តើ ។ កញ្ជ្រោងឮដូច្នេះក៏រត់ចេញយ៉ាង​ប្រញ៉ាប់ប្រញ៉ាល់ ដោយមិន​ខ្ចីទាំង​លាមាន់​ផង មាន់ឃើញដូច្នេះក៏ស្រែកសួរថា ហេ បងកញ្ជ្រោងបងឆ្កែមកជិតដល់ហើយ បងទៅណា ? កញ្ជ្រោងរត់បណ្តើរឆ្លើយបណ្តើរ​ ខ្ញុំមានធុរៈប្រញាប់បន្តិច ទៅមុនហើយ !!! ។

(ដកស្រង់ពីល្បើកលោកឡាហ្វុងតែន​)

ប្រភព​​៖ Tara Om

រឿង ចាប់ត្រីក្នុងបឹងធំ

បុរសម្នាក់បានសម្រេចចិត្តចង់ចាប់ត្រីនៅក្នុងបឹងធំមួយ។ ហើយគាត់បានលឺមនុស្សជុំវិញខ្លួននិយាយតៗគ្នាមកថាត្រីនៅក្នុងបឹងនោះមានច្រើនខ្លាំងណាស់ ខ្លះតូច ខ្លះធំ ខ្លះពណ៌ស ខ្លះពណ៌ខ្មៅ ខ្លះទៀតពណ៌ផ្សេងៗ ហើយខ្លះទៀតគឺជាប្រភេទត្រីដែលមានរសជាតិឆ្ងាញ់ណាស់ប៉ុន្តែរឹតតែពិបាកចាប់ខ្លាំងណាស់ដែរ។ ថ្ងៃមួយគាត់បានស្លៀកខោខ្លីដែលមានហោប៉ៅធំៗច្រើន និងពាក់អាវយឺតដើរសំដៅទៅកាន់បឹងដ៏ធំនោះ។ 
គាត់បានទៅដល់មាត់បឹងហើយសំឡឹងមើលទៅផ្ទៃទឹកល្វឹងល្វើយនឹកគិតដល់មនុស្សជាច្រើនប្រាប់ថាក្នុងបឹងមានត្រីច្រើនណាស់គ្រប់ប្រភេទ ប៉ុន្តែជាក់ស្តែងគាត់មើលឃើញតែទឹកដែលកំពុងញ័រព្រមជាមួយនិងសំឡេងខ្យល់បក់ដែលមិនឃើញត្រីសូម្បីតែមួយក្បាល។ ឈរសំឡឹងអស់មួយស្របក់ បុរសនោះក៏បានដើរត្រឡប់មកផ្ទះវិញ។ នៅតាមផ្លូវគាត់បានឃើញមនុស្សដើរតាមផ្លូវកំពុងយួរត្រីធំតូច ហើយមានអ្នកខ្លះជាពិសេសក្នុងវ័យស្របាលនឹងគេដែរគឺឃើញតែប្រឡាក់ខ្លួនប៉ុន្តែគ្មានចាប់បានត្រីអ្វីមួយក្បាលសោះក៏មាន។ គាត់ក៏បានឆ្លៀតដើរទៅសាកសួរទៅកាន់បុរសប៉ុន្មាននាក់ដែលកំពុងយួរត្រីធំអំពីរបៀបធ្វើយ៉ាងម៉េចដើម្បីចាប់ត្រីបានដូចនេះ។ 

អ្នកដែលចាប់បានត្រីទាំងអស់នោះរីករាយនឹងឆ្លើយតបមកវិញថារបៀបចាប់ត្រីគ្មានអ្វីជាអាថ៌កំបាំងទេដូចក្នុងទ្រឹស្តីជាច្រើនដែលបានចងក្រងក៏ដូចជាចាស់ៗដែលគាត់ធ្វើបានគាត់តែងតែប្រាប់តៗគ្នាមក ប៉ុន្តែត្រូវតែតស៊ូអំណត់ហ៊ានសាកល្បងចុះចាប់ទោះហត់នឿយបរាជ័យច្រើនដងប៉ុណ្ណាក៏ត្រូវតែបន្តមិនត្រូវបោះបង់ជាដាច់ខាតរហូតចាប់ត្រីបាន។ ស្តាប់ហើយបុរសម្នាក់នោះនៅតែឆ្ងល់ថាហេតុអ្វីបានជាអំបាញ់ម៉េញនេះឃើញអ្នកខ្លះបានតែប្រឡាក់ខ្លួនប៉ុន្តែមិនឃើញចាប់បានត្រីអ្វីនឹងគេ។

 អ្នកដែលចាប់បានត្រីទាំងនោះលឺចម្ងល់នេះហើយក៏ខ្លះញញឹម ខ្លះសើច ហើយមានម្នាក់ក្នុងចំណោមនោះបកស្រាយមកវិញថាក៏ព្រោះអ្នកដែលចាប់មិនបានត្រីទាំងនោះខ្ជិលច្រអូស ដល់ពេលហាត់រៀនចាប់ត្រីមិនគិតខំហ្វឹកហាត់រៀនចាប់ទេគឺគិតតែពីហែលទឹកលេង គេខំបង្កើនសមត្ថភាពពីមួយថ្ងៃទៅមួយថ្ងៃហើយប្រមែលប្រមូលសម្ភារៈផ្សេងៗមកបង្កើតឧបករណ៍ដើម្បីអាចចាប់ត្រីបានកាន់តែធំ ហើយកាន់តែច្រើនចំណែកអ្នកដែលចាប់មិនបានត្រីទាំងនោះគិតតែពីយកសម្ភារៈទាំងនោះយកទៅធ្វើខ្លែងលេង យកទៅវាយប្រលែងគ្នាលេង ឬយកទៅដុតចោលព្រោះគិតថាខ្លួនសំបូរសប្បាយពេក។ ដូចច្នេះហើយ រាល់ដងពេលអ្នកដែលចាប់អត់បានត្រីទាំងនោះទៅដល់ផ្ទះវិញម្តងៗលឺតែសំឡេងរំខានចេញពីក្នុងគ្រួសាររបស់ពួកគេដូចជាការជេរប្រទិចគ្នា ការដៀលពូជសន្តានគ្នា ឬដល់ថ្នាក់វាយតប់គ្នាជាដើម ព្រោះរកត្រីមិនបាននឹងគេគឺធ្វើអោយខ្មាសគេរហូតដល់គ្រួសារក៏ខ្មាសគេជំនួស។ ស្តាប់សព្វគ្រប់ហើយបុរសម្នាក់នោះក៏ដើរត្រឡប់មកផ្ទះវិញរួចពេលយប់ចូលមកដល់ក៏ចាប់ផ្តើមគិតសម្តីទាំងនោះដែលខ្លួនបានលឹពីអ្នកដែលចាប់ត្រីបាន។ ហើយក៏បានលួចសួរខ្លួនឯងថាតើនឹងអាចចាប់ត្រីបានដោយស្ទាត់ជំនាញដូចគេដែរឬទេ។ 

សួរគិតៗ គាត់ក៏គេងលង់លក់បាត់ទៅ។ ក្នុងដំណេកដ៏សែនលង់លក់នោះ គាត់ក៏បានយល់សុបិន្ត ស្រមៃឃើញថាខ្លួនសប្បាយចិត្តជាខ្លាំងព្រោះចាប់បានត្រីធំៗ ថែមទាំងអាចធ្វើអោយអ្នកផ្ទះរបស់ខ្លួនរីករាយព្រោះបានញ៉ាំត្រីដែលចាប់បាននោះយ៉ាងឆ្ញាញ់ពិសារគ្រប់ៗគ្នា។ ស្រាប់តែព្រឹកឡើងភ្ញាក់ពីដំណេក គាត់ក៏ស្ទុះទៅយកដងសន្ទួចមួយដើមដែលគាត់ខំធ្វើអស់បួនឆ្នាំ ហើយស្រឡាញ់ជឿជាក់យ៉ាងខ្លាំងព្រមជាមួយនឹងនុយមួយដុំតូចដែលនឹកក្នុងចិត្តថានឹងអាចស្ទួចបានត្រីធំៗ ហើយចាប់សំដៅទៅមាត់បឹងធំនោះម្តងទៀត។ ម្តងនេះគាត់ចាប់ផ្តើមសាកល្បងរកត្រីហើយ។ គាត់បិតនុយសន្ទួចរួចក៏ចាប់ផ្តើមស្ទួចតាំងពីព្រឹករហូតដល់យប់ទៅវិញ ជាអកុសលគ្មានបានត្រីអ្វីមួយក្បាលសោះទោះជាមើលទៅឃើញទឹកបឹងយ៉ាងធំគួរតែអាចបានត្រីខ្លះក៏ដោយ។ 

គាត់ក៏ចាប់ផ្តើមមិនសប្បាយចិត្តហើយរអ៊ូម្នាក់ឯង និងដាក់អ្នកក្នុងផ្ទះថាគាត់ខំខ្លាំងណាស់ ហត់ខ្លាំងណាស់ ហើយថែមទាំងខំអត់ធ្មត់អស់ពេញមួយថ្ងៃតែគ្មានបានត្រីអ្វីសោះ។ ដោយមានឆន្ទៈមុតមាំមួយឆាវ គាត់បានព្យាយាមយកទៅស្ទួចអស់ប៉ុន្មានថ្ងៃទៀត ប៉ុន្តែនៅតែមិនបានត្រីសូម្បីតែមួយក្បាលដដែល ហើយមានពេលខ្លះហត់ចិត្តពេក គាត់ប្រឡំលួចហែលទឹកលេងខ្លះ ឬយកដងសន្ទួចទៅកូរទឹកលេងខ្លះផងក៏មាន។ គាត់ចាប់ផ្តើមលែងសូវមានជំនឿចិត្តទៅលើដងសន្ទួចដែលគាត់ធ្លាប់តែជឿថានឹងអាចរកត្រីនោះទៀតហើយ។ ប៉ុន្តែគាត់មិនអស់ចិត្តទេ គាត់ក៏កាន់ដងសន្ទួចនោះតែមិនសំដៅទៅកាន់បឹងធំនោះទៀតទេ ម្តងនេះគឺគាត់សំដៅទៅរកផ្ទះរបស់បុរសម្នាក់ដែលពូកែរកត្រីនៅក្នុងភូមិរបស់គាត់។ 

ពេលទៅជួបបុរសដែលពូកែរកចាប់បានត្រីម្នាក់នោះ គាត់ក៏បានបង្ហាញនូវដងសន្ទួចរបស់គាត់ខំធ្វើអស់បួនឆ្នាំ និងនុយមួយចំនួនតូចដែលគាត់រកបាន ហើយក៏លើកឡើងនូវចម្ងល់ប្រាប់ទៅកាន់បុរសដែលពូកែនោះថាគាត់បានព្យាយាមស្ទួចត្រីដោយប្រើសន្ទួចនេះដែលចាស់ៗក៏ដូចជាអ្នកផ្ទះខ្លះប្រាប់ថានឹងអាចស្ទួចបានត្រីតែទោះជាយ៉ាងណាអស់ជាច្រើនថ្ងៃគាត់នៅតែគ្មានបានត្រីទាល់តែសោះ។ បុរសដែលពូកែចាប់ត្រីនោះលឺហើយក៏សើចរួចបង្ហាញពីគំនិតរបស់គាត់ទៅវិញក្នុងអត្ថន័យថា មុននឹងចាប់ត្រី ឬស្ទួចត្រីបានយ៉ាងស្ទាត់ជំនាញម្នាក់ៗត្រូវតែឆ្លងកាត់អារម្មណ៍មួយនេះ ដូចច្នេះគ្មានអ្វីចម្លែកទេហើយមានតែកោតសរសើរដែលបានសាកល្បងទោះមិនទាន់បានសម្រេច។ ហើយបុរសដែលពូកែចាប់ត្រីម្នាក់នោះក៏បាននាំគាត់ទៅកាន់បន្ទប់មួយដ៏ធំផ្ទុកពោរពេញទៅដោយឧបករណ៍រកត្រីជាច្រើនប្រភេទ មានទាំងមង ទ្រូ អួន ទូក សន្ទួចអានង បង្កៃ សំណាញ់ ពិលសម្រាប់ឆ្លុះត្រី និងរូបថតគាត់ជាមួយត្រីធំៗជាច្រើនប្រភេទដែលគាត់បានថតនៅរាល់ពេលដែលគាត់ចាប់បានជាដើម។ល។ គាត់ឃើញការបង្ហាញរបស់បុរសដែលពូកែចាប់ត្រីនោះហើយក៏មានអារម្មណ៍រំភើប និងកោតសរសើរជាខ្លាំង។ ហើយបុរសដែលពូកែចាប់ត្រីនោះក៏បានសួរសំណួរមួយទៅកាន់គាត់អោយគាត់ត្រឡប់ទៅវិញយកទៅសាកឆ្លើយប្រាប់ខ្លួនឯងថា តើបើខ្លួនគាត់ជាមនុស្សខ្ជិល រអ៊ូច្រើន យកជីវិតទៅលេងសើចច្រើន ចូលចិត្តចុះចាញ់ មិនព្រមប្រើប្រាស់ពេលវេលាដែលជីវិតមានក្នុងពេលដែលមាននូវមានឱកាស នូវមានកំលាំង ហើយនូវអាចចងចាំបានច្រើនអោយប្រាកដថាអាចចេះចាប់ត្រីបាន មិនខំសន្សំប្រមែលប្រមូលសម្ភារៈធ្វើឧបករណ៍ទុករាយក្នុងបឹងដើម្បីរកត្រី មិនចេះដើររាប់រកសួរនាំគេអ្នកដែលធ្វើបានជោគជ័យ ឬមិនចេះរក្សាសុខភាពខ្លួន ថាតើគាត់អាចរកបានត្រីធំៗបានដូចនេះដែរឬទេ? ហើយបុរសពូកែរកត្រីនោះបានបន្ថែមថា រាល់ថ្ងៃនេះទោះគាត់មិនទៅអង្គុយស្ទួចត្រី ក៏មានត្រីចូលអួន ជាប់សន្ទួចអានង ជាប់បង្កៃ ចូលទ្រូ របស់គាត់ជាច្រើនធំៗផ្សេងទៀតដែរ មិនពឹងតែសន្ទួចនោះទេ៕

សម្រាប់មិត្តអ្នកអាន ចូលសាកឆ្លើយដោយខ្លួនឯងមើលថា តើក្នុងសាច់រឿងនេះ បុរសដែលជាតួឯកចង់ចេះចាប់ត្រីអាចក្លាយជាមនុស្សពូកែរកចាប់ត្រីយ៉ាងស្ទាត់ជំនាញដែរឬទេ? ឬអាចសាកធ្វើការប្រៀបធៀបសាច់រឿងនេះទៅនឹងជីវិតរៀនសូត្រ និងស្វះស្វែងរកការងារធ្វើ ថាអាចយកជាគំនិតទុកពិចារណាបានខ្លះដែរឬទេ។

និពន្ធដោយ៖ សោម សុធា (កូនអ្នកស្វាយរៀង)

ឱកាស​ក្នុង​បញ្ហា​!​​

កាលពីព្រេងនាយ មានស្តេចសំបូរទ្រព្យសម្បត្តិមួយអង្គ ដែលជាមនុស្សចង់ដឹងចង់ឃើញ ឆ្ងល់ច្រើន។ ថ្ងៃមួយស្តេចនេះបានដាក់ផ្ទាំងថ្មធំមួយនៅចំកណ្តាលផ្លូវ។ បន្ទាប់មកគាត់បានលាក់ខ្លួននៅក្បែរនោះដើម្បីមើលថាតើអ្នកណាម្នាក់នឹងព្យាយាមយកថ្មដ៏ធំសម្បើមចេញពីផ្លូវ។

បុរសទីមួយដែលត្រូវឆ្លងកាត់នោះគឺជាអ្នកគ្រប់គ្រង​ការ​ងារ​ទូទៅ​​ក្នុង​រាជវាំង​ និងជាអ្នក​ជំនិត​​របស់​ស្ដេច​អង្គ​នោះ​ដែរ​​។ បុរស​នោះ​​ដើរ​វាង​ដុំ​ថ្ម​​ និង​មិន​បាន​លើ​វា​ចេញ​ពី​ផ្លូវ​ឡើយ​។មនុស្សពីរបីនាក់ដើរកាត់​ទីនោះ​ បានបន្ទោសព្រះមហាក្សត្រចំពោះការមិនថែទាំ​ផ្លូវថ្នល់។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ រើស​ដុំថ្មនោះចេញ​ទេ។

នៅទីបំផុតកសិករម្នាក់ ដែល​ដៃរបស់គាត់ពោរពេញដោយបន្លែ​បង្ការ​ដែល​បេះ​មក​ពីចម្ការ​​ បាន​ដើរ​មក​ជិតផ្ទាំងថ្ម​ ហើយ​កសិករបានដាក់​ឥវ៉ាន់​គាត់​ចុះ ហើយ​រុញដុំថ្មទៅម្ខាងនៃផ្លូវ ដែល​គាត់​ត្រូវ​ចំណាយ​កំលាំង​យ៉ាង​ច្រើន​ដើម្បី​រុញ​ដុំ​ថ្មនោះ។

កសិករបានលើក​ឥវ៉ាន់​របស់​គាត់​ឡើង និង​រៀប​ចំ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ ស្រាប់​តែ​កសិករ​បាន​ឃើញ​ប្រអប់​មួយ​នៅ​ក្រោម​​ផ្ទាំង​ថ្ម​មុន​ពេល​គាត់​រុញ​ចេញុ។ ​ កសិករបានបើកប្រអប់​នោះ​ឡើង ក៏​ឃើញ​មាសជាច្រើន​​ និងសំបុត្រ​​មួយពីស្តេច និយាយថា​មាសនេះ​​គឺជារង្វាន់​សម្រាប់​ការលើក​ដុំថ្មចេញ​ពីផ្លូវ។

នៅក្នុង​​​បញ្ហា​ ឬ​ឧបសគ្គទាំងអស់ សុទ្ធតែ​មាន​ឱកាសដើម្បីកែលម្អស្ថានភាពរបស់យើង។

ប្រភព​៖ Unknown

ប្រែសម្រួល​៖ កញ្ចែ​

តម្លៃ​​មនុស្ស

មាន​បុរស​ម្នាក់​ជា​​វគ្មីន​ដ៏​ល្បី ដែល​​មនុស្ស​គ្រប់​គ្នា​តែ​ង​តែ​ចង់​ចូលរួម​ស្តាប់​បទ​បង្ហាញ​របស់​គាត់​។ នៅ​ថ្ងៃ​មួយ​មុន​ពេល​ដែល​គាត់​ចាប់​ផ្តើ​ម​បទ​បង្ហាញ​គាត់​បាន​​យក​ក្រដាស់​ប្រាក់ ២០ដុល្លារ​​ ហើយ​ស្រែក​សួរ​ទៅ​អ្នក​ចូលរួម​​ជាង ២០០នាក់ ថា​តើ​​មាន​អ្នក​ណា​ត្រូវ​ការ​​លុយ​នេះ​ដែរ​ឬទេ?​

អ្នក​ចូលរួម​ទាំង ២០០​នាក់​​បាន​លើក​ដៃ​ឡើង​!

បុរស​នោះ​ក៏​និយាយ​ថា «​ខ្ញុំ​នឹង​ប្រគល់​ក្រដាស់ប្រាក់​នោះ​​ទៅ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​អស់​គ្នា​» ប៉ុន្តែ​មុន​នឹង​ឲ្យ​ ខ្ញុំ​សូម​ធ្វើ​រឿង​មួយ​ចំនួន​សិន​៖

បុរស​នោះ មូរ​​លុយ​នោះ​ឡើង​ទក់​ រួច​ក៏ស្រែក​សួរ​ថា «មាន​អ្នក​ណា​ត្រូវ​ការវា​ទៀត​ទេ? »​

អ្នក​ចូលរួម​ទាំង ២០០​នាក់​​បាន​លើក​ដៃ​ឡើង​!

ភ្លាម​នោះ​គាត់​ក៏​បាន​បោះ​លុយ​ទៅ​លើ​ដី ហើយ​គាត់​ជាន់​នឹង​ស្បែក​ជើង​របស់​គាត់។ បន្ទាប់​មក​គាត់​ក៏សួរ​បន្ត​ទៀត​ថា «​មាន​អ្នក​ណា​ត្រូវ​ការ​វា​ទៀត​ទេ​»?

អ្នក​ចូលរួម​ទាំង​អស់​នៅ​លើក​ដៃ​ឡើង​ទាំង​អស់​គ្នា​!

«​គំនិត​សំខាន់​ក្នុង​រឿង​នេះ គឺ​វាគ្មីន​គាត់​ចង់​បង្ហាញ​តម្លៃ​របស់​មនុស្ស​។ មិន​ថា​គាត់​ធ្វើ​អ្វី​ទៅ​លើ​ក្រដាស់​ប្រាក់​នោះ​ទេ​ អ្នក​ទាំង​អស់​គ្នា​នៅ តែ​ត្រូវ​ការ​វា ព្រោះ​តែ​តម្លៃ​វា​មិន​បាន​បាត់​បង់​ឡើយ​ គឺ​វា​នៅ​តែ​ ២០​ដុល្លារ​ដដែល។ យ៉ាង​ណា​មិញ​ក្នុង​ជីវិត​មនុ្ស​ក៏​ដូច​គ្នា​ដែរ បើ​ទោះ​ជា​ត្រូវ​គេ​មើល​ងាយ​ជាន់​ឈ្លី​យ៉ាង​ណា ការ​សម្រេច​ចិត្ត​របស់​យើង​ខុស ឬ​មិន​ជោគជ័យ​យ៉ាង​ណា ឬ​ជីវិត​ជួប​បញ្ហា​អ្វី​នោះទេ អ្នក​ត្រូវ​ចង​ចាំថា មិន​ត្រូវ​បន្ថោក​តម្លៃ​ខ្លួន​ឯង​ឡើយ។ អ្នក​មាន​តម្លៃ​ជា​មនុ្ស​​ដែល​រស់​នៅ​លើ​ផែន​ដី​»៕

ប្រភព​​៖ Unknown

ហេតុអ្វី​ប៉ា​ទៅ​ចោល​យើង​ទាំង​បី!

ក្មេងស្រីម្នាក់ឈ្មោះ ជូ បានបង្ហោះសារយ៉ាងវែងអន្លាយផ្ញើ​ជូនលោប៉ា​ជាទីស្រឡាញ់​របស់​ខ្លួន​ដែលបានបោះបង់ម្តាយ និងកូន ចោលដើម្បីស្រីក្មេងក្នុងខារ៉ាអូខេ​ដែល​លោកប៉ាតែងតែអោបថើបជារៀងរាល់ថ្ងៃហើយថែមទាំងបង្ហោះរូបអោបថើបស្រីក្មេងនោះក្នុងបណ្តាញហ្វេសប៊ុកអោយម្តាយរបស់ខ្លួនឃើញទាំងឈឺចាប់ថែមទៀតផង។ សម្តីចុងក្រោយរបស់ក្មេងម្នាក់នោះផ្តាំផ្ញើរទៅប៉ាថា “ប៉ាយកពេលថែប្រពន្្ធសក់ក្បាល ប្រាំពណ៌របស់ប៉ាចុះ”។

មិនត្រឹមតែប៉ុណ្ណោះ ចៃដន្យអ្វីគ្រូរបស់ក្មេងស្រីម្នាក់នេះក៏បានឲ្យតែងសេចក្តីដែល​បរិយាយ​អំពីឪពុកទៀត ចំពេលល្មមដែលក្មេងស្រីម្នាក់នេះរៀបរាប់​ដោយ​ពោរ​ពេញ​ក្តី​ឈឺ​​ចាប់ចំពោះឪពុកដែលបោះបង់កូនចោលទៅរកស្រីផ្សេង។

ខាងក្រោមនេះការការតែងសេចក្តីរបស់ប្អូនជូនគ្រូ ព្រមទាំងសារឈឺចាប់ផ្សេងទៀត​ដោយ​ការឈឺចាប់​ពីឪពុកដែលបានបោះបង់ម្តាយកូនពួកគាត់ចោល៕

រឿង​អប់រំ៖ ការ៉ុត ស៊ុត និង កាហ្វេ​

កាល​ពី​ព្រេង​នាយ​ មាន​ក្មេង​​​ស្រីម្នាក់​តែង​តែ​​ត្អូញត្អែរមុខ​ឪពុករបស់ខ្លួន​​ថា ជីវិតរបស់នាងវេទនា​ណាស់​ ហើយ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​ដូច​ម្តេច​ទេ​​។ នាង​ថា ហត់​នឿយ​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ​ណាស់​។ អស់​ពី​បញ្ហាមួយ ចូល​បញ្ហា​មួយ​ មិន​ចេះ​ចប់​ មិន​ចេះ​ហើយ​​។

 

 

 

 

 

 

 

ឪពុករបស់នាង បាននាំនាងទៅផ្ទះបាយ ហើយ​បានដាំ​ទឹក​បី​កំសៀវ​​​​ឲ្យ​ពុះ​ខ្លាំង​​។ នៅពេលដែលកំសៀវ​​ទាំង​ ៣​ ចាប់ផ្តើមពុះ​​ គាត់បានដាក់ការ៉ុត​ទៅ​ក្នុងកំសៀវ​​ទី១​ ស៊ុត​ទៅ​ក្នុងកំសៀវ​​ទី​២ និង​ដាក់​កាហ្វេ​ទៅ​ក្នុងកំសៀវ​​ទី​៣​​។

បន្ទាប់មកគាត់​អង្គុយ​រង់ចាំ​​​ដោយ​មិន​និយាយ​អ្វី​​១​ម៉ាត់​ជាមួយ​​កូនស្រីរបស់គាត់។ កូនស្រីគាត់​រង់ចាំ​ដោយឆ្ងល់តើ​​គាត់កំពុងធ្វើ​អ្វី​​។

20នាទី​ក្រោយ​មក គាត់បាន​បិទ​ភ្លើង​ ហើយ​​យកការ៉ុត​ និង​ស៊ុត​​ដាក់​​ក្នុងចានរៀង​​​ខ្លួន​ និង​​កាហ្វេ​​​ចាក់​ចូលទៅ​ក្នុង​ពែង​។ គាត់បានសួរកូន​ថា​៖ “កូនស្រី, តើកូន​​ឃើញអ្វី?”

“ការ៉ុត ស៊ុត និងកាហ្វេ” នាងឆ្លើយតបយ៉ាងឆាប់រហ័ស។

គាត់បាននិយាយថា “ចូរមើលឲ្យ​ជិតហើយប៉ះការ៉ុត​សាក​មើល៎​”។ នាងបាន​ប៉ះ​ការ៉ុត​ និង​កត់សម្គាល់ថាការ៉ុត​ក្លាយ​ជា​ទន់​ជ្រាយ​​។ បន្ទាប់មកគាត់បានឱ្យ​កូន​ស្រី​គាត់​យក​ស៊ុត​មក​បក​សំបក​វាចេញ​​​ ហើយ​នាងបានសង្កេតឃើញថា​ស៊ុតរឹង​ពេល​​ឆ្អិន។

ចុងបញ្ចប់គាត់​ឱ្យនាងផឹកកាហ្វេ ។ ក្លិន​ឈ្ងុយ​របស់​កាហ្វេ​បាន​ធ្វើ​ឲ្យ​ស្មាម​ញញឹម​​លេច​ឡើង​​លើ​មុខ​របស់​​​នាង​។

នាងបានសួរថា “​ តើនេះមានន័យដូចម្តេចទៅ​ ពុក​?”

គាត់បានពន្យល់ថា៖ ការ៉ុត ស៊ុត និង​កាហ្វេបានប្រឈមនឹងភាពមិនប្រក្រតី​ដូចគ្នា​​ – ទឹកក្តៅ​។ ប៉ុន្ដែរបស់​នីមួយ​ៗ​​​​មានប្រតិកម្មខុសគ្នា។

  • មុន​ពេល​ត្រូវ​ទឹក​ក្តៅការ៉ុត​​​រឹង ប៉ុន្តែ​ក្លាយ​ជា​ទន់ជ្រាយ​ នៅ​ពេល​ដាក់​ក្នុងទឹកក្តៅដាំពុះ​​​​​។
  • មុន​ពេល​​ត្រូវ​ទឹក​ក្តៅស៊ុតរឹង​តែ​សំបក​ក្រៅ​តែ​ខាង​ក្នុង​រាវ​ ប៉ុន្តែ​​ផ្នែក​ខាង​ក្នុង​របស់​ស៊ុត​​ក្លាយ​ជា​រឹង​នៅ​ពេល​ត្រូវ​ទឹក​ក្តៅ​ដាំ​ពុះ​ ។
  • ដោយ​ឡែក​ កាហ្វេមានលក្ខណៈពិសេស​ជាង​​គេ​ ព្រោះ​​បន្ទាប់ពីនៅ​ក្នុង​ទឹក​ក្តៅ​ដាំ​ពុះ កាហ្វេ​បានផ្លាស់ប្តូរ​ទឹកនិងបង្កើត​ជា​រស់​ជាតិ​ថ្មី​​​​ដែល​គ្រប់​គ្នា​ចូល​ចិត្ត​​។

គាត់សួរកូនស្រីគាត់ថា “តើកូន​ស្ថិត​នៅ​ក្នុង​​ប្រភេទមួយ​ណា​​​?” ។

 

១. កុំ​ធ្វើ​ជា​មនុស្ស​​រឹង​មាំ​ ពូកែ​​ពេល​មិន​ទាន់​ជួប​បញ្ហា (ការ៉ុត​)​

២. កុំ​ធ្វើ​ជា​មនុស្ស​​​ដែល​ជួប​បញ្ហា​​​ ទើ​ប​រឹង​មាំ (ស៊ុត​)​

៣. ចូរ​ធ្វើ​ជា​មនុស្ស​​ កាហ្វេ​ ដែល​ចេះ​កែ​ប្រែ​បញ្ហា ស្ថានការ​​ណ៍​ ឲ្យ​ទៅ​ជា​ឱកាស​។ ជាមនុស្ស​ដែល​មាន​គោលការណ៍​របស់​ខ្លួន​ និង​គ្រប់​គ្រង​ស្ថានការណ៍​គ្រប់​កាលទេស​។ 

ប្រភព​​៖ LIVIN3

ប្រែ​សម្រួល​៖ កញ្ចែ​​

ហាម​យក​អត្ថបទ​នេះ​​ទៅ​ចុះ​ផ្សាយ​បន្ត​ដោយ​គ្មាន​ការ​អនុញ្ញាត​

 

ពេល​វេលា​ និង​លុយ​របស់​ព្រះ​ជា​ម្ចាស់​!

បុរស​ម្នាក់​ដើរ​លើ​កំពូល​ភ្នំ​ ហើយ​ស្រែក​សួរ​ទៅ​ព្រះ​ជា​ម្ចាស់​ថា​​៖

តើ​១លាន​ឆ្នាំរបស់់​មនុស្ស​លោក ស្មើ​រយៈ​ពេល​ប៉ុន្មាន​នៅ​ស្ថាន​ព្រះ​? ព្រះ​តប​៖ ១​នាទី​។

បុរស​សួរ​៖ ចុះ​១លាន​ដុល្លារ​របស់​មនុស្ស​ ស្មើ​ប៉ុន្មាន​ដែរ​? ព្រះ​តប​៖ ១​សេន​។

បុរស​នោះបន្ថែម​ថា​​​ « អញ្ចឹង​ខ្ញុំ​សូម​ ១​សេន​បាន​ទេ​? »

ព្រះ​ក៏​ឆ្លើយ​ថា៖ ប្រាកដ​ជា​បាន…….​តែ​ចាំ​ ១នាទី​សិន​!

ប្រភព​​៖ Unknown

ស្រីៗគួរដឹងមុនយកនរណាម្នាក់ធ្វើសង្សា!

ជាការពិត មិនប្រាកដថា បុរសម្នាក់ ដែលចូលមកក្នុងជីវិត ឬកំពុងតែស្រលាញ់អ្នក រូបគេ ពិតជាចង់រៀបការ និងសាងជីវិតគ្រួសារជាមួយនឹងអ្នកនោះទេ គឺជួនកាល រូបគេគ្រាន់តែ យកអ្នកជាមនុស្សស្រីកំដរអារម្មណ៍ របស់អ្នកតែប៉ុណ្ណោះ។ វាពិតជាពិបាកបែងចែក និងមើលដឹងណាស់មែនទេ តោះអាននូវចំណុចខាងក្រោម នោះអ្នកនឹងដឹងថា សង្សាររបស់អ្នក គិតយ៉ាងណាលើអ្នក ឬត្រឹមមនុស្សស្រីលេងសើចតែប៉ុណ្ណោះ គ្មានថ្ងៃរៀបការជាមួយអ្នក? 

១) អ្នកមិនដែលជួបមិត្តរបស់គេ៖ នៅពេលបុរសដែលស្រលាញ់អ្នកពិត រូបគេតែងតែណែនាំអ្នកឲ្យស្គាល់មនុស្សគ្រប់គ្នា ជាពិសេសមិត្តភក្តិរបស់គេ ហើយប្រសិនបើអ្នកមានសំណាងគ្រប់គ្រាន់ មិត្តរបស់គេ នឹងស្គាល់អ្នកមុនពេល អ្នកណែនាំខ្លួនអ្នកទៅទៀត។ ប៉ុន្តែប្រសិនបើ បុរសដែលអ្នកស្រលាញ់ ហាក់ដូចជាស្ទាក់ស្ទើរ នៅពេលជួបជុំមិត្តរបស់គេ នោះអ្នកគ្រាន់តែជាមនុស្សស្រីម្នាក់ ដែលមិនសំខាន់ចំពោះគេនោះទេ។ ដូច្នេះពេលនោះ អ្នកអាចចាប់ផ្តើមសម្លឹងមើល រកបុរសល្អម្នាក់ទៀត ដែលមានមោទនភាពចំពោះអ្នក ហើយជាមនុស្សម្នាក់ ដែលអន្ទះសារ ក្នុងការណែនាំអ្នកឲ្យស្គាល់មិត្តរបស់គេ។

២) ម៉ាក់របស់គូស្នេហ៍អ្នក ចាត់ទុកអ្នកត្រឹម«ស្រីរបស់គេ»៖ វាជារឿងមួយដ៏សំខាន់ ដែលអ្នកគួរតែដឹងថា ពេលខ្លះ អ្នកក៏អាចមើលដឹងតាមរយៈក្រុមគ្រួសាររបស់គូស្នេហ៍អ្នកដែរ។ ដោយពេលខ្លះ អ្នកឧស្សាហ៍ទៅលេងផ្ទះរបស់គូស្នេហ៍ តែបែរជា ម្តាយរបស់គេ មិនចាំឈ្មោះរបស់អ្នកទាល់តែសោះ ទាំងអ្នកឧស្សាហ៍ទៅលេង ដូចនេះម្តាយរបស់គេ ចាត់ទុកអ្នក ត្រឹមមនុស្សស្រីធម្មតាតែប៉ុណ្ណោះ។ 

៣) គ្មានចំណាប់អារម្មណ៍ក្នុងការទៅជួបគ្រួសារអ្នក៖ ប្រសិនបើគូស្នេហ៍របស់អ្នក គិតពីអនាគតជាមួយអ្នក គាត់នឹងចង់ដឹង និងជួបជាមួយនឹងគ្រួសាររបស់អ្នក។ ជាពិសេស រូបគេតែងតែចង់ឲ្យគ្រួសាររបស់អ្នក ស្រលាញ់ និងពេញចិត្តគេ តាមអ្វីដែលអាចធ្វើទៅបាន។ តែប្រសិនបើ អ្នកស្នើសុំ ឲ្យគូស្នេហ៍របស់អ្នក មកជួបជាមួយនឹងគ្រួសាររបស់អ្នក តែគេបែរជា មិនខ្វល់មិនចាប់អារម្មណ៍នោះ គឺសេចក្តីស្នេហារបស់អ្នក និងគេ មិនអាចឈានទៅដល់ ថ្ងៃរៀបការនោះទេ។ 

៤) និយាយច្រើន ជាងការធ្វើ៖ ប្រសិនបើ គូស្នេហ៍របស់អ្នក ចូលចិត្តនិយាយ និងសន្យាច្រើន តែមិនដែលធ្វើនោះ គឺជាសញ្ញាមួយមិនល្អសម្រាប់អ្នក។ ត្រូវចាំណា បើមនុស្សម្នាក់ ស្រលាញ់អ្នកឲ្យពិតប្រាកដ នោះគេមិនចាំបាច់និយាយច្រើននោះទេ គឺគេបញ្ជាក់ពីទង្វើរបស់គេ ច្រើនជាងនិយាយ។ ដូច្នេះកុំស្តាប់ពាក្យនិយាយរបស់គូស្នេហ៍របស់អ្នកច្រើនពេក តែគួរសង្កេតពីទង្វើរបស់គេល្អជាង។ 

៥) បិទបាំងរឿងសម្ងាត់របស់ខ្លួន ៖ មនុស្សម្នាក់ៗ តែងតែមានរឿងផ្ទាល់ខ្លួនជានិច្ច។ តែបើគូស្នេហ៍របស់អ្នក ចូលចិត្តបិទបាំងរឿងរបស់គេ ជាច្រើនដងនោះ គឺមិនមែនជារឿងល្អនោះទេ។ មនុស្សប្រុស ដែលស្រលាញ់អ្នកពិត គឺបើកចិត្តទូលាយ និងស្មោះត្រង់ក្នុងរឿងគ្រប់យ៉ាង។ 

៦) គម្រោងអនាគតរបស់គេ ដូចជាគ្មានអ្នកនៅក្នុងនោះ៖ នៅពេលអ្នកទាំងពីរ បាននិយាយគម្រោងជាមួយគ្នា រយៈពេល៥ ទៅ ១០ឆ្នាំខាងមុខ តែគម្រោងរបស់គូស្នេហ៍របស់អ្នក ហាក់ដូចជាគ្មានអ្នកនៅក្នុងនោះសោះតែម្តង។ 

៧) តែងរិះគន់អ្នក៖ អ្នកមានអារម្មណ៍ថា អ្នកគ្រាន់តែជាមនុស្សស្រីម្នាក់ ដែលត្រូវគេចាប់កំហុស? គិតជាថ្មី មនុស្សប្រុស ដែលដាក់ចិត្តស្រលាញ់គ្នា និងមើលឃើញពីអនាគត គេ ជាមួយនឹងអ្នក គឺអ្នក មិនចាំបាច់ ជាមនុស្សស្រីដែលល្អ ស្ទើរតែគ្រប់ចំណុចនោះទេ។ 

៨) គូស្នេហ៍របស់អ្នក មិនជឿលើការរៀបការ៖ ជាការពិត មនុស្សប្រុសគ្រប់រូប តែងតែគិតលើ រឿងរៀបការជាធំ ហើយពួកគេ ក៏សុំពេលវេលាបន្តិច ក្នុងការសម្រេចចិត្ត ថាអ្នកជាមនុស្សស្រី នៅក្នុងក្តីប្រាថ្នាមែនដែរឬទេ។ ប៉ុន្តែប្រសិនបើ គូស្នេហ៍របស់អ្នក មិនជឿជាក់ លើអាពាហ៍ពិពាហ៍នោះ គឺគ្មានអ្វីដែលអាចកែប្រែ គំនិតរបស់គាត់បាននោះទេ។

 ៩) អ្នកមិនដែលមានវត្តមាន នៅក្នុងបណ្តាញសង្គមរបស់គេ៖ ហ្វេសប៊ុក ឬបណ្តាញសង្គមអ៊ីនស្តាក្រាម របស់គេ មិនដែលឃើញរូបអ្នក នៅក្នុងបណ្តាញសង្គមរបស់គេនោះទេ សូម្បីតែបន្តិច បើទោះអ្នកទាំងពីរ កំពុងស្រលាញ់គ្នាក៏ដោយ ដែលហាក់ដូចជា មិនចង់ពាក់ព័ន្ធនឹងអ្នក។ 

១០) ត្រឹមតែពាក្យ«ប្រហែល» ៖ នៅពេលអ្នកសួរគូស្នេហ៍អ្នក ពីរឿងរៀបការ គឺតែងប្រើពាក្យប្រហែល។ ជាពិសេស នៅពេលគូស្នេហ៍និយាយជាមួយនឹង ម្តាយរបស់គេ គេតែងនិយាយថា ប្រហែលនឹងអាចរៀបការជាមួយអ្នក។ ស្តាប់ណា ប្រសិនបើអ្នក ជាមនុស្សគ្រាន់តែប្រហែលសម្រាប់គេ ឈប់ទាក់ទងជាមួយនឹងគេទៅ។ 

១១) ដោះសារគ្រប់យ៉ាង៖ នៅពេលអ្នកនិយាយចូលអត្ថបទ ពីរឿងរៀបការ គឺគេតែងតែ ចេញចម្លើយប្លែកៗ និងខុសពីប្រធានបទរហូត។ ក្នុងនោះ គេតែងតែនិយាយថា ចង់បានការងារល្អជាងនេះ ឬក៏ដល់ពេល គេឡើងការងារថ្មី ឬក៏សុំពេលគិតជាដើម។ ចំណុចសំខាន់ៗទាំងនេះ អាចឲ្យអ្នកដឹងថា គូស្នេហ៍ដែលកំពុងទាក់ទងគឺស្រលាញ់អ្នក ត្រឹមមនុស្សកំដរតែប៉ុណ្ណោះ គឺគ្មានថ្ងៃចង់រៀបការ យកអ្នកជាប្រពន្ធនោះឡើយ ដូច្នេះវាគួរដល់ពេល អ្នកគួរពិចារណាឡើងវិញផងដែរ បើអ្នកមើលឃើញចំណុចទាំងនេះ លើគូស្នេហ៍របស់អ្នក៕