គម្រោង​​លំនៅ​ឋាន​ ធូរថ្លៃ នៅ​សង្កាត់​ទឹក​ថ្លា របស់​ក្រុម​ហ៊ុន​ Arakawa

ក្រុមហ៊ុនសាងសង់ ជប៉ុន Arakawa Co.Ltd, នឹងបោះទុនក្នុងទំហំទឹកប្រាក់​ប្រមាណ៧០លានដុល្លារអាមេរិក​សាងសង់​ផ្ទះតម្លៃ​សម្យរម្យ​នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ លើផ្ទៃដីប្រមាណ ១៣ ៦៨០ម៉ែត្រក្រឡា ។នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់។

នៅថ្ងៃទី៨ ខែវិឆ្ឆិកា ឆ្នាំ២០១៧ ខាងមុននេះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និងសំណង់ នឹងអញ្ជើញចូល​រួមជាអធិបតីក្នុងពិធីសម្ពោធ​បើកការដ្ឋានសាងសង់​លំនៅឋានតម្លៃសមរម្យ ។

លំនៅឋាននេះ នឹងត្រូវបានសាងសង់ឡើងជា២ដំណាក់កាលដោយដំណាក់កាលដំបូង ក្រុមហ៊ុន នឹងសាងសង់អគារស្នាក់នៅរួមចំនួន 10 អគារ ចែកជា ៥ប្លុក ដោយក្នុង១ប្លុក មាន២អគារ និងមានកម្ពស់ ពី១៩ ជាន់ ទៅ២៣ជាន់ មានបន្ទប់ស្នាក់នៅសរុបប្រមាណ ២ ០០០ បន្ទប់។

គួរជម្រាបផងដែរថា ក្រុមហ៊ុនជប៉ុន Arakawa គឺជាក្រុមហ៊ុនដែលបានទិញអគារប៊ូឌីញស ហើយគ្រោង ចំណាយទឹកប្រាក់ប្រមាណ ៨០លានដុល្លារអាមេរិក ដើម្បីសាងសង់អគារថ្មីមានកម្ពស់ ២១ ជាន់ ។

សាលា​ក្រុង​បង្កើត លេខ​ពិសេសដោះស្រាយ​​ ចោរ​លួច​ ឆក់ ប្លន់​ លឿន​បំផុត​!​​

ប្រសិន​បើ​ប្រជាពលរដ្ឋ​ជួប​បាតុភាព​ណា​មួយ​បន្ទាន់​ភ្លាម​ៗ​ក្នុង​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការ​ទំនាក់​ទំនង​មក​កាន់​លេខ ១២៩៩ ដើម្បី​កង​កម្លាំង​មាន​សមត្ថកិច្ច​ចុះ​ធ្វើ​អន្តរាគមន៍ ២៤​ម៉ោង​លើ​២៤​ម៉ោង។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ការ​បង្កើត​លេខ​ពិសេស​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ឱ្យ​ទាន់​ពេល​វេលា​នូវ​បញ្ហា​ចាំបាច់​នានា ពិសេស​សម្រាប់​ទទួល​ព័ត៌មាន​ទាន់​ហេតុការណ៍ ដែល​កើត​ឡើង​បន្ទាន់​ៗ​ទាក់ទង​នឹង​អំពើ​ចោរកម្ម​ លួច​ ឆក់ ប្លន់ ជួញដូរ​គ្រឿង​ញៀន សណ្ដាប់​ធ្នាប់​ចរាចរណ៍ សណ្ដាប់​ធ្នាប់​សាធារណ បាតុភាព​នានា។ ដូច្នេះ​ប្រជាពលរដ្ឋ អាច​សំណូមពរ​ស្នើ​សុំ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ឫ​ជួយ​សង្គ្រោះ ព្រម​ទាំង​សុវត្ថិភាព​ក្នុង​រាជធានី​ភ្នំពេញ។

កាន់​តែ​ពិសេស​លេខ​ទូរសព្ទ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បង្កើត​ឡើង​នេះ គឺ​អាច​ហៅ​ចូល​គ្រប់​ប្រព័ន្ធ​ទូរសព្ទ​នៅ​ប្រទេស​កម្ពុជា ដោយ​មិនមាន​ការ​បង់​ប្រាក់​ឡើយ។ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ធ្វើ​ការ​ទាក់ទង​ជា​បន្ទាន់​ប្រសិន​បើ​ជួប​ហេតុការណ៍​ណាមួយ​ដូច​រៀបរាប់​ខាង​លើ ដើម្បី​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ចុះ​ធ្វើ​អន្តរាគមន៍ ឫ​ជួយ​សង្គ្រោះ​ក្នុង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត៕

ប្រភព​៖ សាលាក្រុង​ភ្នំពេញ

ជយោ! ការ​ឆ្លង​ស្ពាន​កោះកុង មិន​ចាំបាច់​បង់​ប្រាក់​ទៀត​ឡើយ​!

តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការរបស់ សម្តេច​សេនាបតី​តេជោ ហ៊ុន សែន នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ រដ្ឋាភិបាល​​បាន​ប្រកាស​ទិញ​យក​ត្រលប់​មក​វិញ​នូវ​ស្ពាន​កោះកុង ដែល​មាន​ខ្លឹម​សារ ដូច​ខាង​ក្រោម​៖ « ដើម្បីសម្រួលដល់បងប្អូន ប្រជាពលរដ្ឋដែលធ្វើដំណើរ​​និយាយជារួម និងនិយាយដោយ​ឡែក បងប្អូន​ប្រជាពលរដ្ឋនៅខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំព្រះករុណាខ្ញុំបាន​សម្រេចទិញយក ​ត្រឡប់មកវិញ ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង​ទៅប្រទេសថៃដែល​វិនិ​យោគ​​ដោយក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បី​ឲ្យ​បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​ដោយ​​ពុំចាំបាច់បង់ថ្លៃ ចាប់ពី ម៉ោង ០០:០០ នាទី ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក ។  ចំពោះកិច្ចការដែល​នៅសេសសល់ សូមឲក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង សេដ្ធកិច្ច និងហិរញ្ញវត្ថុ និងសាលាខេត្តកោះកុង ពិភាក្សាជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដោះស្រាយនៅពេលក្រោយ ។
​ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៏ពីការ សម្រេចនេះ ៕​ »

 

គម្រោងលំនៅដ្ឋានជួលលើកដំបូងនៅកម្ពុជា​ របស់​​Ascott ​

ក្រុមហ៊ុនសឹង្ហបុរី The Ascott Limited (Ascott) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CapitaLand Limited បានបើកសម្ពោធគម្រោងលំនៅដ្ឋានសម្រាប់ជួលរបស់ខ្លួនឈ្មោះថា CASA Meridian Residence ដែលស្ថិតនៅមជ្ឈមណ្ឌលលំនៅដ្ឋាន និងផ្សារលក់ទំនិញទីក្រុងកោះពេជ្រប្រទេសកម្ពុជា។

CASA Meridian Residence កម្ពស់៣៤ជាន់ មានលំនៅដ្ឋានចំនួន៧៥​ កន្លែងនៅជាន់លើរវាងជាន់ទី២២និង៣៤ ដែលមានមួយបន្ទប់គេង ពីរបន្ទប់គេង និងបីបន្ទប់គេង។ CASA Meridian Residence ក៏មានផ្សារលក់ទំនិញប្រណិត ការិយាល័យប្រភេទ Premium និងឧបការណ៍ហាត់ប្រាណផងដែរ។

លំនៅដ្ឋានជួលមួយនេះដែលនៅមិនឆ្ងាយប៉ុន្មានពីផ្សារទំនើប AEON សាលាអន្តរជាតិ មជ្ឈមណ្ឌលតាំងពិព័ណ៌ ស្ថានទូត ការិយាល័យទំនើប ផ្សាររាត្រីកុងទីន័រ និងមជ្ឈមណ្ឌលកំសាន្ត NAGA World ផ្ដល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរ និងជនបរទេស ដែលផ្ដល់តម្លៃលើជីវិតបែបស៊ីវីល័យ។

អ្នកស្រី Lew Yen Ping អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ Ascott នៅវៀតណាមដែលគ្រប់គ្រងលើការពង្រីកអាជីវកម្មនៅកម្ពុជា មីយ៉ាន់ម៉ា និងឡាវ មានប្រសាសន៍ថា Ascott បានកសាងកេរ្តិ៍ឈ្មោះលើការគ្រប់គ្រងលំនៅដ្ឋានជួលលំដាប់ថ្នាក់ពិភពលោករយៈពេល៣០ឆ្នាំមកហើយ។

អ្នកស្រី រំពឹងថានឹងមានតម្រូវការជាច្រើនសម្រាប់អចលនទ្រព្យដំបូងរបស់យើងនៅកម្ពុជាគឺលំនៅដ្ឋាន CASA Meridian Residence ពីព្រោះវាជាលំនៅដ្ឋានជួលលំដាប់ថ្នាក់អន្តរជាតិដំបូងគេនៅមជ្ឈមណ្ឌលសេដ្ឋកិច្ចក្រុងភ្នំពេញ។

ក្នុងការបើកសម្ពោធគម្រោង CASA Meridian Residence ក្រុមហ៊ុន Ascott ផ្ដល់ជូនតម្លៃជួលពិសេសដល់អតិថិជនរបស់ខ្លួនជាមួយនឹងតម្លៃចាប់ពី ១ ១៥០ ដុល្លារ ក្នុងមួយខែ ចាប់ពីឥឡូវនេះ រហូតដល់ខែធ្នូឆ្នាំ២០១៧៕

ប្រភព​៖ realestate.com.kh

ផ្លូវក្រវ៉ាត់ក្រុងទី៣ កាត់ផ្លូវជាតិរហូត ៥ខ្សែ

លោក ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវក្រវ៉ាត់ក្រុងទី ៣

មានប្រវែង ៥២គីឡូម៉ែត្រ នឹងតភ្ជាប់ផ្លូវជាតិសំខាន់ៗ រវាងផ្លូវជាតិលេខ ៥ លេខ ៤ លេខ ៣ លេខ ២

និងលេខ ១។

ផ្លូវនេះ គ្រោងនឹងធ្វើឡើងពីបេតុងសសៃដែក ដែលក្នុងនោះ ៤៧គីឡូម៉ែត្រ ជាផ្លូវ ៤គន្លង ២ទៅ២មក

នឹងមានទទឹង ២៥ម៉ែត្រ។

រីឯ ៥គីឡូម៉ែត្រទៀត មាន ២គន្លង សម្រាប់ចូលទៅកាន់កំពង់ផែ។

គម្រោងផ្លូវនេះ​ តភ្ជាប់ពីផ្លូវជាតិលេខ ៥ ត្រង់ចំណុចទំនប់កប់ស្រូវ ឆ្លងកាត់ផ្លូវជាតិលេខ ៤

ផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ២ និងបញ្ចប់ត្រឹមផ្លូវជាតិលេខ​១។

គួរជម្រាបដែរថា ផ្លូវក្រវ៉ាត់ក្រុងថ្មីនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ជម្រុញការរីកលូតលាស់នៅតាមតំបន់អមសងខាងផ្លូវ ងាយស្រួលដល់ការដឹកជញ្ជូនទំនិញ

និងកាន់តែទាក់ទាញវិនិយោគិន ក៏ដូចភ្ញៀវទេសចរអន្តរជាតិ ឲ្យមកកម្ពុជាបានកាន់តែច្រើន៕

ក្រុមហ៊ុនអចលនទ្រព្យ​ប្រឈម​នឹង​ការ​ដក​ហូត​អជ្ញាប័ណ្ណ​…..

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក លោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋាន ឧស្សាហកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថាយើងព្រាងច្បាប់នេះឡើងក្នុងគោលបំណងដាក់ពិន័យ និងដកហូតអាជ្ញាប័ណ្ឌពីក្រុមហ៊ុនអចលនទ្រព្យណាដែលបោកប្រាស់អតិថិជនរបស់ខ្លួនដោយប្រកាសលក់គម្រោងរួចហើយ ប៉ុន្តែមិនមានផែនការច្បាស់លាស់ក្នុងការសាងសង់ ឬសាងសង់ដោយមិនបញ្ចប់គម្រោងតាមកាលកំណត់។

លោកបន្តថាក្រសួងតម្រូវឱ្យម្ចាស់គម្រោងតម្កល់ប្រាក់ចំនួន២ភាគរយនៃវិនិយោគទុនរបស់ខ្លួននៅក្នុងធនាគារក្នុងស្រុកក្នុងករណីដែលគម្រោងណាមួយមិនបានបញ្ចប់។ យោងតាមភ្នាក់ងារអចលនទ្រព្យក្នុងស្រុកច្បាប់ថ្មីនេះល្អសម្រាប់កម្ពុជាដើម្បីការពារអតិថិជនកុំឱ្យក្លាយជាជនរងគ្រោះពីគម្រោងដែលបរាជ័យក្នុងការបញ្ចប់គម្រោងរបស់ខ្លួន៖ ដូចជាគម្រោង Gold Tower 42។ ក្រុមហ៊ុនមួយចំនួនខ្ចីលុយពីធនាគារដោយប្រើប្រាស់ដីធ្លីធ្វើជាទ្រព្យបញ្ចាំក្រោយមកពួកគេប្រកាស លក់គម្រោងដោយប្រើប្រាស់ថវិការនោះដើម្បីសាងសង់។

ជាញឹកញាប់នៅពេលការលក់គម្រោងមានការយឺតយ៉ាវ ហើយការសាងសង់ត្រូវពន្យាពេលអតិថិជនតែងតែមានការខកចិត្តចំពោះគម្រោងដែលខ្លួនបានវិនិយោគជាមួយ។ យើងចង់មើលឃើញការសាង សង់ជាមុនសិន មុនពេលដែលពួកគេប្រកាសលក់គម្រោងរបស់ខ្លួនកុំគ្រាន់តែប្រកាសលក់គម្រោង ហើយចាប់ផ្ដើមលក់ព្រោះវាមានហានិភ័យខ្លាំងណាស់៕

ប្រភព៖ realestate.com.kh

ប្រាក់ខែក្រោម ៥០០ដុល្លារ ក៏​អាច​ទិញ​ផ្ទះបាន​ដែរ​!

ដើម្បីទិញផ្ទះតម្លៃទាបរបស់ក្រុមហ៊ុន Worldbridge Land Cambodia ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២១ ក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល មានចម្ងាយ ប្រមាណ ៨​គីឡូម៉ែត្រ ពី​ទីក្រុង​តាខ្មៅ មិនត្រូវមានប្រាក់ខែលើសពី៥០០ដុល្លារអាមេរិកទេ។

នៅក្នុងបទសំភាសន៍តាមរយៈទូរសព្ទ លោក ឧញ៉ា សៀ ឬទ្ធីបានប្រាប់ពាណិជ្ជកម្មកម្ពុជាថា ដើម្បីទិញផ្ទះតម្លៃទាបរបស់លោកបានត្រូវមានលក្ខខណ្ឌដូចជា៖

  1. ប្រជាពលពលរដ្ឋទាំងអស់មិនត្រូវមានប្រាក់ខែលើស ៥០០ដុល្លារ
  2. ត្រូវតែជាអ្នករៀបការរួច
  3. ទិញ​ហើយ​មិន​នៅ​មិន​អាច​យក​ទៅ​ជួល​និង​លក់​បន្ដ លុះត្រា​តែ​៥​ឆ្នាំ​ក្រោយ ទើប​អាច​ជួល​និង​លក់​បន្ដ​បាន។
  4. រាល់​ការ​ទទួល​ទិញ​លក់​និង​កក់ ក្រុមហ៊ុន​និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​អ្នក​ពិនិត្យ​ដោយ​ផ្ទាល់។
  5. តម្លៃ​ផ្ទះ​ចាប់​ពី ២​ម៉ឺន ៥​ពាន់​ដុល្លារ ទៅ ៣​ម៉ឺន​ដុល្លារ អាស័្រយ​ទៅ​តាម​ប្រភេទ​ផ្ទះ​និង​ទំហំ។
  6. មិន​អនុញ្ញាត​ឲ្យ​អ្នក​មាន​លុយ​ទិញ​ទុក​សម្រាប់​ធ្វើ​អាជីវកម្ម​នោះ​ទេ។

គួរជម្រាបផងដែរថា ផ្ទះ​ដែល​ត្រូវ​សាងសង់ មាន ២២៩៧​ល្វែង ដែលមួយល្វែងមានតម្លៃចន្លោះពី ២ម៉ឺន ទៅ ៣ម៉ឺនដុល្លារអាមេរិក ខណៈបច្ចុប្បន្ន​ក្រុម​ហ៊ុន​កំពុង​ដំណើរ​ការ​ចាក់​ដី និង​រៀបចំការដ្ឋាន​សាងសង់ ហើយ​គ្រោង​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ សាង​សង់​នៅ​មុន​បំណាច់​ឆ្នាំ ២០១៧នេះ ។

ប្រភព​៖ business-cambodia.com

តើតម្លៃ​ដី​ធ្លី ត្រូវ​បាន​កំណត់​ដោយ​ផ្អែក​លើ​កក្តា​អ្វី​ខ្លះ?

ភ្នំពេញ៖ ស្របពេលដែលវិស័យសំណង់ បាននឹងកំពុងរីកចម្រើននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាកត្តាលីករដ៏សំខាន់ ដែលធ្វើអោយតម្លៃដីធ្លីមានការប្រែប្រូលទៅតាមសកម្មភាពនៃការសាងសង់ ។ ជាពិសេស ការកើនឡើងនៃការផ្គត់លំនៅដ្ឋាន និងអាគារពានិជ្ជកម្មជាដើម ។ សកម្មភាពនៃការសាងសង់ទាំងនោះ ភាគច្រើននៅក្នុងទីក្រុងភ្នំពេញ ។ ទន្ទឹមនឹងនេះដែរ លោក ឌឹត ចណ្ណា ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យ VMC ធ្លាប់បានប្រាប់ពាណិជ្ជកម្ម កម្ពុជា អោយដឹងថា កត្តាមួយចំនួនដែលធ្វើអាចកំណត់តម្លៃដីធ្លី៖

ទីតាំងដី៖ ឃ្លាមួយដែលគេតែងតែនិយមប្រើប្រាស់ក្នុងវិសយអចលនទ្រព្យគឺ ទីតាំងជាចំណុចស្លាប់រស់ ។ បានន័យថា ទីតាំងល្អ នឹងផ្តល់ផលចំណេញសម្រាប់ការវិនិយោគ ឬក៏គេអាចនិយាយបានមួយបែបទៀតថា ទីតាំងល្អ មានន័យថាតម្លៃនឹងកើនឡើង ។ បន្ថែមពីនេះ ទីតាំងដីដេលល្អអាចជាដីដែលស្ថិតនៅជុំវិញតំបន់់អភិវឌ្ឍន៍ ឬក៏តំបន់នោះមានសក្តាននុពលក្នុងការបង្កើតអាជីវកម្ម ។ មិនតែប៉ុណ្ណោះ ប្រសិនទីតាំងដីនោះស្ថិតនៅតាមបណ្តោយមហាវិថី ឬក៏ផ្លូវធំ ដីនោះនឹងមានតម្លៃថ្លៃ។

រាងរបស់ដី៖ រាងរបស់ដីក៏ជាកត្តាមួយ ដែលកំណត់តម្លៃដីធ្លីផងដែរ ។ បានន័យថា រាងរបស់ដីសំខាន់ ដោយសារតែវាអាចកំណត់ភាពងាយស្រួល ឬពិបាកក្នុងការសាងសង់សំណង់ ។ យ៉ាងណាមិញ សម្រាប់ដីដែលមានរាងការេ គឹមានតម្លៃថ្លៃ  ព្រោះវាផ្តល់ភាពងាយស្រួលក្នុងការសាងសង់ ។ ម្យ៉ាងវិញទៀត ដីដែលមានផ្នែកផ្លូវចូលធំ តម្លៃរបស់វាក៏ខ្ពស់ផងដែរ ។

ហេដ្ឋារចនាសម្ព័ន្ធ៖ ដីដែលមានតម្លៃថ្លៃ មិនមែនជាដីដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍តែប៉ុណ្ណោះទេ តែវាទាមនូវហេដ្ឋារចនាសម្ព័ន្ធល្អផងដែរ ។ ពោលគឹតំបន់នោះ ត្រូវមានផ្លូវងាយស្រួល ក្នុងការចេញចូលទៅកាន់ហាងទំនិញ សាលារៀន ជាដើម ។

កំណើនសេដ្ឋកិច្ច៖ កំណើនសេដ្ឋកិច្ចកម្ពុជាហាក់រក្សាកំណើនថេរក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺស្ថិតក្នុងរង្វង់ ៧ ភាគរយ ។ បើតាមច្បាប់នៃការផ្គត់ផ្គង់ និងតម្រូវការតម្លៃ គឹសមាមាត្រនឹងតម្រូវការ មានន័យថាបើតម្រូវការកើនឡើង តម្លៃដីក៏កើនឡើងដែរ ។

ប្រភព​៖ business-cambodia.com

​រថភ្លើង​ឫស្សី «​ណូរី​» ជិត​ដល់​ទីបញ្ចប់​មែនទេ?

ក្រុងបាត់ដំបង : ក្រាល​ក្ដារ​រនាប​ឫស្សី​បំពាក់​ម៉ាស៊ីន​តូច​មួយ រថភ្លើង​ឫស្សី ឬ ណូរី ជាច្រើន​ឆ្នាំ​មក​ហើយ​ទាក់​ចិត្ដ​ភ្ញៀវ​ទេសចរ​មក​ជិះ​កម្សាន្ដ​ច្រើន​កកកុញ​។

ប៉ុន្ដែ​ក្ដីកង្វល់​ទី​អវសាន​បាន​កើតឡើង​ជាថ្មី​ទៀត​ពេល​ប្រទេស​ក្នុង​តំបន់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​គ្រោង​បង្កើត​ផ្លូវ​រថភ្លើង​រត់​កាត់​។

កើត​ចេញ​ពី​ការ​ច្នៃប្រឌិត​របស់​ខ្មែរ​សម្រាប់​ការ​ដឹក​ជញ្ជូន​អីវ៉ាន់​នៅ​លើ​ផ្លូវដែក​កេរ​ពី​អាណានិគមន៍​បារាំង​ដែល​ភ្ជាប់​កំពង់ផែ​កំពង់សោម​ទៅ​កាន់​ខាង​ជើង​ព្រំដែន​ថៃ​រថភ្លើង​ឫស្សី​ត្រូវ​បាន​ច្នៃ​ឡើង​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០​។

ប៉ុន្ដែ​សង្គ្រាម​ស៊ីវិល​រាប់​ទសវត្សរ៍ និង​អត់​មាន​ការ​ប្រើប្រាស់​ធ្វើឲ្យ​ផ្លូវ​ដែក​ចាប់ផ្ដើម​ច្រែះស៊ី និង​រុក្ខជាតិ​ដុះ​ជុំជិត​។ ពេល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​កម្ពុជា​មាន​ការ​អភិវឌ្ឍ ការ​ដឹក​ទំនិញ​លើ​ផ្លូវ​ដែក​ក៏​ត្រូវ​បាន​ជំនួស​ដោយ​ផ្លូវ​កៅស៊ូ​រថយន្ត​បរ​ទៅ​មក​។

អវត្តមាន​ទំនិញ​ដឹក​ដោយ ណូរី ត្រូវ​បាន​បំពេញ​ដោយ​ចំនួន​ភ្ញៀវទេសចរ​ក្នុង​ដំណើរ​កម្សាន្ត​លើ​គ្រែ​រនាប​ឫស្សី​បរ​លើ​ផ្លូវ​ដែក​សន្សឹមៗ​ក្នុង​ល្បឿន ១៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

ទេសចរ​ជាតិ​ស្វ៊ីស​អាយុ ២៥ ឆ្នាំ ចូស ហ្វីនស្រេ្តង បាន​និយាយ​ក្រោយ​ជិះ​គ្រែ​រនាប​ឫស្សី​ក្រោម​កម្ដៅ​ថ្ងៃ​ថា​៖ «​ឡូយ​ម្យ៉ាង​ដែរ​ដោយ​មាន​ខ្យល់​បក់​រំភើយ​ជះ​លើ​ផ្ទៃ​មុខ​ខ្ញុំ​»​។

ប៉ុន្ដែ​តំបន់​ទេសចរណ៍​ភាគ​ខាង​ពាយព្យ​ខេត្ដ​បាត់ដំបង​នឹង​ក្លាយ​ជា​គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​។ ដំណឹង​នេះ​ក្លាយ​ជា​ក្ដីកង្វល់​ឥត​ឈប់ឈរ​របស់​ប្រជាសហគមន៍​ទាំង​អ្នក​បើកបរ​ណូរី​អ្នក​លក់​សំបុត្រ និង​អាជីវករ​លក់​ដូរ​អាហារ​ដែល​ទទួល​ប្រាក់​ចំណូល​ពី​គោលដៅ​ទេសចរណ៍​ដ៏ចម្លែក​នេះ​។

លោក សយ សាវុធ អាយុ​ ៤៩ ឆ្នាំ​បាន​និយាយ​ថា​៖ «​យើង​បារម្ភ​ថា តើ​យើង​នឹង​រក​របរ​អ្វី​ទៀត​ដើម្បី​ក្រពះ​»​។

លោក​គឺជា​អ្នក​បើកបរ​ណូរី​ម្នាក់​ដែល​គិត​ថ្លៃ​ពី​ភ្ញៀវ​បរទេស ៥ ដុល្លារ​សម្រាប់​ដំណើរ​មួយ​ជើង​។

កាលពី​ពេល​ថ្មីៗ​នេះ​តំបន់​ជនបទ​នេះ​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្ដរជាតិ​ដោយ​មាន​បំណង​ជិះ​រថភ្លើង​ឫស្សី​កាត់​វាលស្រែ​ល្វឹងល្វើយ និង​ឆ្លង​កាត់​ព្រែក​តូចៗ​។

ប៉ុន្ដែ​លោក ចាន់ សំឡេង ជា​នាយក​នៃ​នាយកដ្ឋាន​ផ្លូវ​ដែក​បាន​ប្រាប់ AFP ថា ប្រតិបត្ដិករ​រថភ្លើង​ឫស្សី ឬ​ណូរី​នឹង​ត្រូវ​បិទ​ដំណើរការ​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​ជួសជុល​ផ្លូវ​ដែក​។

លោក​បាន​និយាយ​ដល់​អ្នក​បើកបរ​​ ណូរី​ ថា​៖ «​ពួកគេ​គ្មាន​សិទ្ធិ​អ្វី​ត្រូវ​បន្ដ​រត់​ណូរី​លើ​ផ្លូវ​ដែក​នេះ​ទៀត​ទេ​។ ពួកគេ​អាច​ស្វែងរក​ការងារ​ថ្មី​»​។

កាលបរិច្ឆេទ​កំណត់​ឲ្យ​បិទ​ដំណើរការ ណូរី ​នៅ​ខេត្ដ​បាត់ដំបង​ត្រូវ​បាន​ពន្យារ ប៉ុន្ដែ​លោក សយ សាវុធ និង​អ្នក​បើកបរ​ដទៃ​ទៀត​នៅ​តែ​បារម្ភ​ថា​ការ​ជូន​ដំណឹង​ចុង​ក្រោយ​លើក​នេះ​គឺជា​រឿង​ពិត​មែន​ហើយ​។

លោក​ថា​៖ «​បើ​យើង​លែង​អាច​រកស៊ី​លើ​ផ្លូវ​ដែក​នេះ​យើង​ពិបាក​ស្វែងរក​ការងារ​ផ្សេង​ណាស់ ពីព្រោះ​ខ្ញុំ​ចេះ​តែ​ជំនាញ​ហ្នឹង​ទេ​»៕

ប្រភព៖ postkhmer.com

រដ្ឋមន្រ្តី​​​ក្រសួង​វប្បធម៌​ មិន​យល់ពី​ការ​កម្ទេច​ព្រះវិហារ​ដ៏​ចំណាស់​មួយ​ក្នុង​វត្ត ឥន្ទ្រី​សំវរៈ​

បន្ទាប់​ពី​ព្រះវិហារ​ដ៏​ចំណាស់​មួយ​ក្នុង​វត្ត ឥន្ទ្រី​សំវរៈ​ ហៅវត្តកំពង់ធំ ​ត្រូវ​ព្រះសង្ឃ​រាជ​វត្ត​បញ្ជា​ឱ្យ​វាយ​កម្ទេច​ចោល បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ ក្រោយ​មក​មិន​បាន​ប៉ុន្មាន​ ឯកឧត្ដម ខៀវ កាញារឹទ្ធ រដ្ឋ​មន្ត្រី ក្រសួង​ព័ត៌មាន​បាន​បញ្ចេញ​សារ​សោក​ស្ដាយ​មួយ​នៅ​បណ្ដាញ​សង្គម ​ចំពោះ​ការ​បាត់បង់​ព្រះវិហារ​បុរាណ​នេះ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ លោក​ជំទាវ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បញ្ចេញ​សារ​ ​ឆ្លើយ​តប​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ អំពី​រឿង​ពិត​​មួយ មុន​ការ​វាយ​កម្ទេច​ព្រះ​វិហារ​​នោះ​ថា៖ “​មន្ត្រី​ជំនាញ​ទៅ​ហាម​ឃាត់​ពេល​ល្ងាច លោក​ថា​អាត្មា​ដឹង​ហើយ ស្អែក​ឡើង​ទៅ​ដល់ រាប​ដល់​ដី លោក​ប្រឹង​សម្រុក​វាយ​ចោល​ទាំង​យប់។ មិន​យល់ ត្រង់ថា អ្នក​ដែល​គួរ​ជា​អ្នក​ថែ​រក្សា បែរ​ទៅ​ជា​ប្រឹង​បំផ្លាញ​ទៅវិញ ។ តើ​បាន​ចំណេញ​អ្វី ពី​ការ​បំផ្លាញ​បេតិកភណ្ឌ​ជាតិ​នេះ ក្រៅ​ពី​ការ​ឈឺ​ចាប់​សម្រាប់​វប្បធម៌​ខ្លួន?”

បន្ថែមលើពីនេះទៀត រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ បានសរសេរថា ក្រសួងវប្បធម៌ រួមជាមួយនឹងក្រសួងធម្មកា នឹងធ្វើការត្រួតពិនិត្យទៅលើបញ្ហានេះ។

គួរ​ជម្រាប​ជូន​ថា កាល​ពី​ថ្មីៗ​នេះ ឯកឧត្ដម បាន​សរសេរ​រៀបរាប់​នៅ​លើ​បណ្ដាញ​សង្គម​​ជុំវិញ​ការ​បំផ្លាញ​ព្រះវិហារ​ក្នុង​ខេត្ត​កំពង់​ធំ​ថា៖ “វត្ត​ឥន្ទ្រី​សំវរៈ​ហៅ​វត្ត​កំពង់ធំ ត្រូវ​បាន​សាងសង់​នៅ​ឆ្នាំ ១៦៣៣ ឯ​ព្រះវិហារ​សាងសង់​ឆ្នាំ ១៩៤៨ ហើយ​ដាក់​ជា​បេតិកភណ្ឌ​ជាតិ​នៅ​ឆ្នាំ ២០០៧ ។ វិហារ​នេះ មាន​រូប​គំនូរ​បុរាណ​ជា​ច្រើន ។ តែ​ពេល​នេះ ព្រះសង្ឃ​រាជ​វត្ត បាន​សម្រេច​ឱ្យ​វាយ​ចោល​ឥត​ស្ដាយ​ស្រណោះ៕”

ប្រភព​​៖​ news.sabay.com.kh