​រថភ្លើង​ឫស្សី «​ណូរី​» ជិត​ដល់​ទីបញ្ចប់​មែនទេ?

ក្រុងបាត់ដំបង : ក្រាល​ក្ដារ​រនាប​ឫស្សី​បំពាក់​ម៉ាស៊ីន​តូច​មួយ រថភ្លើង​ឫស្សី ឬ ណូរី ជាច្រើន​ឆ្នាំ​មក​ហើយ​ទាក់​ចិត្ដ​ភ្ញៀវ​ទេសចរ​មក​ជិះ​កម្សាន្ដ​ច្រើន​កកកុញ​។

ប៉ុន្ដែ​ក្ដីកង្វល់​ទី​អវសាន​បាន​កើតឡើង​ជាថ្មី​ទៀត​ពេល​ប្រទេស​ក្នុង​តំបន់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​គ្រោង​បង្កើត​ផ្លូវ​រថភ្លើង​រត់​កាត់​។

កើត​ចេញ​ពី​ការ​ច្នៃប្រឌិត​របស់​ខ្មែរ​សម្រាប់​ការ​ដឹក​ជញ្ជូន​អីវ៉ាន់​នៅ​លើ​ផ្លូវដែក​កេរ​ពី​អាណានិគមន៍​បារាំង​ដែល​ភ្ជាប់​កំពង់ផែ​កំពង់សោម​ទៅ​កាន់​ខាង​ជើង​ព្រំដែន​ថៃ​រថភ្លើង​ឫស្សី​ត្រូវ​បាន​ច្នៃ​ឡើង​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០​។

ប៉ុន្ដែ​សង្គ្រាម​ស៊ីវិល​រាប់​ទសវត្សរ៍ និង​អត់​មាន​ការ​ប្រើប្រាស់​ធ្វើឲ្យ​ផ្លូវ​ដែក​ចាប់ផ្ដើម​ច្រែះស៊ី និង​រុក្ខជាតិ​ដុះ​ជុំជិត​។ ពេល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​កម្ពុជា​មាន​ការ​អភិវឌ្ឍ ការ​ដឹក​ទំនិញ​លើ​ផ្លូវ​ដែក​ក៏​ត្រូវ​បាន​ជំនួស​ដោយ​ផ្លូវ​កៅស៊ូ​រថយន្ត​បរ​ទៅ​មក​។

អវត្តមាន​ទំនិញ​ដឹក​ដោយ ណូរី ត្រូវ​បាន​បំពេញ​ដោយ​ចំនួន​ភ្ញៀវទេសចរ​ក្នុង​ដំណើរ​កម្សាន្ត​លើ​គ្រែ​រនាប​ឫស្សី​បរ​លើ​ផ្លូវ​ដែក​សន្សឹមៗ​ក្នុង​ល្បឿន ១៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

ទេសចរ​ជាតិ​ស្វ៊ីស​អាយុ ២៥ ឆ្នាំ ចូស ហ្វីនស្រេ្តង បាន​និយាយ​ក្រោយ​ជិះ​គ្រែ​រនាប​ឫស្សី​ក្រោម​កម្ដៅ​ថ្ងៃ​ថា​៖ «​ឡូយ​ម្យ៉ាង​ដែរ​ដោយ​មាន​ខ្យល់​បក់​រំភើយ​ជះ​លើ​ផ្ទៃ​មុខ​ខ្ញុំ​»​។

ប៉ុន្ដែ​តំបន់​ទេសចរណ៍​ភាគ​ខាង​ពាយព្យ​ខេត្ដ​បាត់ដំបង​នឹង​ក្លាយ​ជា​គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​។ ដំណឹង​នេះ​ក្លាយ​ជា​ក្ដីកង្វល់​ឥត​ឈប់ឈរ​របស់​ប្រជាសហគមន៍​ទាំង​អ្នក​បើកបរ​ណូរី​អ្នក​លក់​សំបុត្រ និង​អាជីវករ​លក់​ដូរ​អាហារ​ដែល​ទទួល​ប្រាក់​ចំណូល​ពី​គោលដៅ​ទេសចរណ៍​ដ៏ចម្លែក​នេះ​។

លោក សយ សាវុធ អាយុ​ ៤៩ ឆ្នាំ​បាន​និយាយ​ថា​៖ «​យើង​បារម្ភ​ថា តើ​យើង​នឹង​រក​របរ​អ្វី​ទៀត​ដើម្បី​ក្រពះ​»​។

លោក​គឺជា​អ្នក​បើកបរ​ណូរី​ម្នាក់​ដែល​គិត​ថ្លៃ​ពី​ភ្ញៀវ​បរទេស ៥ ដុល្លារ​សម្រាប់​ដំណើរ​មួយ​ជើង​។

កាលពី​ពេល​ថ្មីៗ​នេះ​តំបន់​ជនបទ​នេះ​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្ដរជាតិ​ដោយ​មាន​បំណង​ជិះ​រថភ្លើង​ឫស្សី​កាត់​វាលស្រែ​ល្វឹងល្វើយ និង​ឆ្លង​កាត់​ព្រែក​តូចៗ​។

ប៉ុន្ដែ​លោក ចាន់ សំឡេង ជា​នាយក​នៃ​នាយកដ្ឋាន​ផ្លូវ​ដែក​បាន​ប្រាប់ AFP ថា ប្រតិបត្ដិករ​រថភ្លើង​ឫស្សី ឬ​ណូរី​នឹង​ត្រូវ​បិទ​ដំណើរការ​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​ជួសជុល​ផ្លូវ​ដែក​។

លោក​បាន​និយាយ​ដល់​អ្នក​បើកបរ​​ ណូរី​ ថា​៖ «​ពួកគេ​គ្មាន​សិទ្ធិ​អ្វី​ត្រូវ​បន្ដ​រត់​ណូរី​លើ​ផ្លូវ​ដែក​នេះ​ទៀត​ទេ​។ ពួកគេ​អាច​ស្វែងរក​ការងារ​ថ្មី​»​។

កាលបរិច្ឆេទ​កំណត់​ឲ្យ​បិទ​ដំណើរការ ណូរី ​នៅ​ខេត្ដ​បាត់ដំបង​ត្រូវ​បាន​ពន្យារ ប៉ុន្ដែ​លោក សយ សាវុធ និង​អ្នក​បើកបរ​ដទៃ​ទៀត​នៅ​តែ​បារម្ភ​ថា​ការ​ជូន​ដំណឹង​ចុង​ក្រោយ​លើក​នេះ​គឺជា​រឿង​ពិត​មែន​ហើយ​។

លោក​ថា​៖ «​បើ​យើង​លែង​អាច​រកស៊ី​លើ​ផ្លូវ​ដែក​នេះ​យើង​ពិបាក​ស្វែងរក​ការងារ​ផ្សេង​ណាស់ ពីព្រោះ​ខ្ញុំ​ចេះ​តែ​ជំនាញ​ហ្នឹង​ទេ​»៕

ប្រភព៖ postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *