៩យ៉ាង​ ដឹង​ថា​​​បន្លែ​​ផ្លែឈើ មាន​សារធាតុគីមី​! ​​

ប្រជាជន​បច្ចុប្បន្ន កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព បន្ទាប់​ពី​បន្លែ-ផ្លែ​ឈើ​ភាគ​ច្រើន ប្រើ​ជាតិ​គីមី ដើម្បី​ពន្លឿន​ការ​លូត​លាស់ ដើម្បី​ប្រជែង​តម្លៃ​លើ​ទី​ផ្សារ។ ពេល​ខ្លះ បន្លែ-ផ្លែ​ឈើ​គីមី​ទាំង​នោះ បាន​បន្លំ​ថា​របស់​​ធម្មជាតិ​ដែរ ធ្វើ​ឲ្យ​អ្នក​ទិញ​ពិបាក​ទុក​ចិត្ត។ យ៉ាង​ណា​ក្ដី មាន​វិធី​សាស្ត្រ​ខ្លី​ៗ​មួយ​ចំនួន ដែល​អ្នក​អាច​សម្គាល់​បាន ថា​បន្លែ-ផ្លែ​ឈើ​ទាំង​នោះ មាន​ប្រើ​គីមី ឬ​អត់។

១. រូប​រាង​ខាង​ក្រៅ៖ ជា​ទូទៅ បន្លែ-ផ្លែឈើ​ធម្មជាតិ រូប​រាង​មិន​ល្អ​មើល​ទេ មិន​គួរ​ឲ្យ​ចង់​ទទួល​ទាន ហើយ​ទំហំ​ខុសៗ​គ្នា មាន​តូច​មាន​ធំ មិន​ងាយ​រក​បាន២ ប៉ុន​គ្នា​ឡើយ ព្រោះ​វា​បាន​លូត​លាស់​តាម​បែប​ធម្មជាតិ។ ចំណែក បន្លែ-ផ្លែឈើ​ដែល​ប្រើ​ជាត់​គីមី ភាគ​ច្រើន មើល​ទៅ​រូប​រាង​ស្អាត គួរ​ឲ្យ​ចង់​ទទួល​ទាន ហើយ​មាន​លក្ខណៈ​មិន​សូវ​ខុស​ប្លែក​គ្នា។

២. ទំហំ៖ បន្លែ-ផ្លែឈើ​ធម្មជាតិ ភាគ​ច្រើន មាន​ទំហំ​តូច មិន​ងាយ​លូត​លាស់​ដល់​ធំ​ល្អ​ឡើយ។ សាឡាត់​ធម្មជាតិ មាន​ស្លឹក​តូច​ៗ មិន​បាន​រីក​ធំ​ល្អ ដូច​អ្នក​ឃើញ​សព្វ​ថ្ងៃ​ឡើយ ប៉ុន្តែ​មាន​ករណី​ខ្លះ វា​អាច​ធំ​តាម​បែប​ធម្មជាតិ​ដែរ គ្រាន់​តែ​មិន​ងាយ​ប្រទះ។ ចំណែក​របស់​ប្រើ​គីមី អាច​លូត​លាស់​បាន​ធំ​ល្អ​ជាង​ធម្មតា ព្រោះ​តែ​សារជាតិ​ដែល​ប្រើ​ប្រាស់​អាច​ពន្លឿន​ការ​លូត​លាស់។

៣. ក្លិន និង​រសជាតិ៖ ប្រសិន​បើ​វា​ជា បន្លែ-ផ្លែឈើ​ធម្មជាតិ ពេល​ហិត​ក្លិន​ទៅ មាន​ចំហាយ​បែប​ធម្មជាតិ​ម្យ៉ាង ដែល​ទាក់​ទាញ​ច្រមុះ ជាង​បន្លែ-ផ្លែឈើ​គីមី។ ពេល​សាក​ភ្លក់​បន្តិច អ្នក​នឹង​ចាប់​អារម្មណ៍​ថា បន្លែ-ផ្លែឈើ​ធម្មជាតិ មាន​ឱជារស​ជាង មិន​ហាង​ក្នុង​មាត់ ហើយ​ពេល​ចម្អិន មិន​បាច់​ប្រើ​គ្រឿង​ច្រើន ក៏​មាន​ជាតិ​ដែរ។

៤. គ្រាប់៖ ជា​ធម្មតា បន្លែ-ផ្លែឈើ​ធម្មជាតិ មាន​គ្រាប់​តូចៗ មិន​ធំ​ដូច បន្លែ-ផ្លែឈើ​គីមី​ឡើយ។

៥. មើល​លើ​សត្វ​ល្អិត និង​ដង្កូវ៖ ប្រសិន​បើ​អ្នក​បាន​ឃើញ ដង្កូវ និង​សត្វ​ល្អិត លើ​បន្លែ-ផ្លែឈើ​ដែល​អ្នក​ទិញ នោះ​វា​ជា​សញ្ញា​​ល្អ​មួយ ព្រោះ​សត្វ​ល្អិត និង​ដង្កូវ​ទាំង​នោះ មាន​វត្តមាន​តែ​លើ​បន្លែ-ផ្លែឈើ​ធម្មជាតិ​ទេ។ ប្រសិន​បើ​ប្រើ​គីមី ដង្កូវ និង​សត្វ​ល្អិត មិន​អាច​នៅ​ទ្រាំ​ទ្រ​នៅ​បាន​ឡើយ។

៦. មើល​លើ​សម្បក៖ សម្បក​ផ្លែឈើ និង​បន្លែ​ធម្មជាតិ ឆាប់​ប្រែ​ពណ៌​ទៅ​ជា​ជាំ​ខ្មៅ និង​មិន​អាច​រក្សា​​ទុក​បាន​យូរ​ដូច​របស់​ប្រើ​គីមី​ឡើយ។

៧. រយៈ​ពេល​ចម្អិន៖ ជា​ធម្មតា បន្លែ​ធម្មជាតិ អាច​ចម្អិន ឆ្អិន​លឿន​ជាង បន្លែ​ដែល​ប្រើ​គីមី។ ​

​​​​៨. មើល​តម្លៃ៖ បន្លែ-ផ្លែ​ឈើ​ធម្មជាតិ តែង​ដាក់​លក់​ថ្លៃ​ជាង បន្លែ-ផ្លែ​ឈើ ប្រើ​ជាតិ​គីមី ព្រោះ​ការ​ដាំ​ដុះ​តាម​បែប​ធម្មជាតិ ប្រើ​ពេល​យូរ ប្រមូល​ផល​បាន​តិច ពិបាក​ថែ​ទាំ។

៩. មើល​ការ​បញ្ជាក់៖ ជា​ទូទៅ បន្លែ-ផ្លែ​ឈើ ធម្មជាតិ តែង​មាន​ការ​បញ្ជាក់​ពី​ស្ថាប័ន​ចំណី​អាហារ ឬ​សហគមន៍​ដាំ​ដុះ​ដែល​មាន​ការ​ទទួល​ស្គាល់​ណា​មួយ។ ដូច​នេះ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់ រក​មើល​ការ​បញ្ជាក់​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​មួយ ដែល​មាន​បិត​លើ​ផលិតផល៕

ប្រភព​​៖ សប្បាយ​​

Leave a Reply

Your email address will not be published. Required fields are marked *