រដ្ឋមន្រ្តី​​​ក្រសួង​វប្បធម៌​ មិន​យល់ពី​ការ​កម្ទេច​ព្រះវិហារ​ដ៏​ចំណាស់​មួយ​ក្នុង​វត្ត ឥន្ទ្រី​សំវរៈ​

បន្ទាប់​ពី​ព្រះវិហារ​ដ៏​ចំណាស់​មួយ​ក្នុង​វត្ត ឥន្ទ្រី​សំវរៈ​ ហៅវត្តកំពង់ធំ ​ត្រូវ​ព្រះសង្ឃ​រាជ​វត្ត​បញ្ជា​ឱ្យ​វាយ​កម្ទេច​ចោល បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ ក្រោយ​មក​មិន​បាន​ប៉ុន្មាន​ ឯកឧត្ដម ខៀវ កាញារឹទ្ធ រដ្ឋ​មន្ត្រី ក្រសួង​ព័ត៌មាន​បាន​បញ្ចេញ​សារ​សោក​ស្ដាយ​មួយ​នៅ​បណ្ដាញ​សង្គម ​ចំពោះ​ការ​បាត់បង់​ព្រះវិហារ​បុរាណ​នេះ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ លោក​ជំទាវ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បញ្ចេញ​សារ​ ​ឆ្លើយ​តប​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ អំពី​រឿង​ពិត​​មួយ មុន​ការ​វាយ​កម្ទេច​ព្រះ​វិហារ​​នោះ​ថា៖ “​មន្ត្រី​ជំនាញ​ទៅ​ហាម​ឃាត់​ពេល​ល្ងាច លោក​ថា​អាត្មា​ដឹង​ហើយ ស្អែក​ឡើង​ទៅ​ដល់ រាប​ដល់​ដី លោក​ប្រឹង​សម្រុក​វាយ​ចោល​ទាំង​យប់។ មិន​យល់ ត្រង់ថា អ្នក​ដែល​គួរ​ជា​អ្នក​ថែ​រក្សា បែរ​ទៅ​ជា​ប្រឹង​បំផ្លាញ​ទៅវិញ ។ តើ​បាន​ចំណេញ​អ្វី ពី​ការ​បំផ្លាញ​បេតិកភណ្ឌ​ជាតិ​នេះ ក្រៅ​ពី​ការ​ឈឺ​ចាប់​សម្រាប់​វប្បធម៌​ខ្លួន?”

បន្ថែមលើពីនេះទៀត រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ បានសរសេរថា ក្រសួងវប្បធម៌ រួមជាមួយនឹងក្រសួងធម្មកា នឹងធ្វើការត្រួតពិនិត្យទៅលើបញ្ហានេះ។

គួរ​ជម្រាប​ជូន​ថា កាល​ពី​ថ្មីៗ​នេះ ឯកឧត្ដម បាន​សរសេរ​រៀបរាប់​នៅ​លើ​បណ្ដាញ​សង្គម​​ជុំវិញ​ការ​បំផ្លាញ​ព្រះវិហារ​ក្នុង​ខេត្ត​កំពង់​ធំ​ថា៖ “វត្ត​ឥន្ទ្រី​សំវរៈ​ហៅ​វត្ត​កំពង់ធំ ត្រូវ​បាន​សាងសង់​នៅ​ឆ្នាំ ១៦៣៣ ឯ​ព្រះវិហារ​សាងសង់​ឆ្នាំ ១៩៤៨ ហើយ​ដាក់​ជា​បេតិកភណ្ឌ​ជាតិ​នៅ​ឆ្នាំ ២០០៧ ។ វិហារ​នេះ មាន​រូប​គំនូរ​បុរាណ​ជា​ច្រើន ។ តែ​ពេល​នេះ ព្រះសង្ឃ​រាជ​វត្ត បាន​សម្រេច​ឱ្យ​វាយ​ចោល​ឥត​ស្ដាយ​ស្រណោះ៕”

ប្រភព​​៖​ news.sabay.com.kh

Leave a Reply

Your email address will not be published. Required fields are marked *