មន្ទីរពេទ្យរុស្សីនឹងបំពាក់ម៉ាស៊ីនលាងឈាម ២០គ្រឿង

(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងក្រុមហ៊ុន សម្ភារៈបរិក្ខាពេទ្យ នៃសាធារណៈរដ្ឋប្រជាមានិតចិន XGY (Xingaoyi Medical Equipment) នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ បានចុះអនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើត មជ្ឈមណ្ឌលលាងឈាម ដោយបំពាក់ម៉ាស៊ីនលាងឈាមចំនួន២០គ្រឿង ក្រោមទឹកទំហំទឹកប្រាក់ជិត ១លានដុល្លារ។

ពិធីចុះអនុស្សារណៈ ធ្វើឡើងក្រោមវត្តមាន លោកវេជ្ជបណ្ឌិត ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត និងលោក ហ្គាវ យី ប្រធានក្រុមហ៊ុនXGY (Xingaoyi Medical Equipment) សម្ភារៈបរិក្ខាពេទ្យ នៃសាធារណៈរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

លោកវេជ្ជបណ្ឌិត ងី ម៉េង បានថ្លែងថា «ការបង្កើតមជ្ឈមណ្ឌលលាងឈាមនេះ មនី្ទរពេទ្យនឹងបំពាក់ម៉ាស៊ីនលាងឈាមចំនួន២០គ្រឿង សម្រាប់ការជួសជុល នឹងបំពាក់បរិក្ខាបន្ថែម គឺភាគីចិនជាអ្នកឧបត្ថម្ភ ដែលមានទំហំថវិកាជិត០១លានដុល្លារ ដែលមានរយៈពេល២០ឆ្នាំ ។ម៉ាស៊ីនលាងឈាម២០គ្រឿងនេះ យើងនឹងផ្គត់ផ្គង់អ្នកជំងឺរបស់យើង ឲ្យមានប្រសិទ្ធិភាពខ្ពស់ ពិសេស ចំពោះបងប្អូនអ្នកជំងឺក្រីក្រតែម្ដង ដែលមានជំងឺតម្រងរោម និងជំងឺមួយចំនួនទៀត ដែលសព្វថ្ងៃនេះ ប្រភេទជំងឺនេះ មានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ»

លោកវេជ្ជបណ្ឌិត បានថ្លែងទៀតថា ជុំវិញការបង្កើតមជ្ឈមណ្ឌលលាងឈាម សម្រាប់មនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត គឺជាលើកទី១ ក៏ប៉ុន្តែក្រុមហ៊ុនសព្វថ្ងៃ បានធ្វើការវិនិយោគ នៅតាមបណ្តាខេត្តនានា ដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ និងតាមបណ្តាខេត្តផ្សេងទៀតផងដែរ ។ហើយសម្រាប់ម៉ាស៊ីនលាងឈាមនេះ គឺប្រជាពលរដ្ឋអាច មកទទួលការពិនិត្យព្យាបាល ដែលមានតម្លៃសមរម្យរបស់មនី្ទរពេទ្យរដ្ឋ ពិសេសមនី្ទរពេទ្យ ផ្តោតទៅលើការជួយដល់ប្រជាពលរដ្ឋក្រីក្រជាសំខាន់ ។

លោកវេជ្ជបណ្ឌិត បន្ថែមថា ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព សព្វថ្ងៃមនី្ទរ ជាមធ្យមមានប្រជាពលរដ្ឋចន្លោះពី៧៥០នាក់ ទៅ៨០០នាក់ មកសម្រាកពេទ្យ ក៏ប៉ុន្តែ គ្រែសម្រាប់ទទួលអ្នកជំងឺ មានតែ៦០០គ្រែ ពេញគ្រប់កន្លែង នេះបង្ហាញពីជំនឿ និងទុកចិត្តពីប្រជាពលរដ្ឋ ទៅលើវិស័យសុខាភិបាលផ្នែកសាធារណៈ ជាពិសេសមនី្ទរពេទ្យ មានការយកចិត្តទុកដាក់ ពីក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ ។ ដូច្នេះ មនី្ទរពេទ្យ ត្រូវតែពង្រឹងនូវបច្ចេកវិទ្យា សម្ភារៈបរិក្ខាពេទ្យដែលជាកត្ដាដ៏សំខាន់ណាស់ សម្រាប់ការជួយដល់ប្រជាពលរដ្ឋយើង ៕

Leave a Reply

Your email address will not be published. Required fields are marked *