ពិត​ទេ​ ដែល​អត្រា​អ្នក​មាន​ការ​ងារ​ធ្វើ​នៅ​កម្ពុជា​ ៩៩,៣% ?

រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អុិត សំហេង មាន​ប្រសាសន៍ថា ​កម្ពុជា​ បច្ចុប្បន្ន​អ្នក​មាន​​ការងារ​ធ្វើ ចំនួន ៩៩.៣% ក្នុង​កម្លាំង​ពលកម្ម​ប្រមាណ ១០លាន​នាក់។ ប៉ុន្តែ​ការអះអាង​នេះ ត្រូវបាន​សង្គម​ស៊ីវិល ក៏ដូចជា​ពលរដ្ឋ​មើលឃើញថា មិន​សម​ហេតុផល​នោះទេ ខណៈដែល​ប្រជាជន​ភាគច្រើន និង​និស្សិត​បញ្ចប់​ការសិក្សា​មួយចំនួន នៅ​មិនទាន់​អា​ចរក​ការងារ​ធ្វើ​បានឡើយ។

ការ​ថ្លែង​របស់លោក​រដ្ឋមន្ត្រី​ខាងលើនេះ បាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ត្រីភាគី លើ​កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា ២០១៦-២០១៨ នៅ​ព្រឹក​ថ្ងៃទី០៦ មេសា នា​សណ្ឋាគារ​ភ្នំពេញ។ ក្នុង​ពិធី​នោះ លោក អុិត សំហេង មាន​មោ​ទន​ភាព​ចំពោះ​ការដឹកនាំ​របស់​រដ្ឋាភិបាល សព្វថ្ងៃនេះ ដោយ​អាចជួយ​ដោះស្រាយ​វិវាទ​ការងារ និង​ជំរុញ​ឲ្យ​មាន​កំណើន​ការងារ​ខ្ពស់ សម្រួល​ដល់​ជីវភាព​ប្រជា​ជន​។

លោក អិុត សំហេង លើកឡើងថា៖«ខ្ញុំ​គិតថា​មកដល់ពេលនេះ គឺ​បើ​និយាយ​អំពី​ការដោះស្រាយ​ការងារ​នៅ​កម្ពុជា ពិតជា​ស្ថិតនៅក្នុង​ស្ថានភាព​ល្អប្រសើ​រណាស់​។ ទី១ យើងទាំងអស់គ្នា បានដឹង​អំពី​កំណើនសេដ្ឋកិច្ច គឺ​ក្នុង​អត្រា ៧% ហើយ​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​យើង គឺមាន ៩៩.៣%។ ចឹ​ង​បាន​ថា អត្រា​ការងារ​នេះ គឺ​ខ្ពស់​ណាស់ សឹង​ថា​មនុស្ស​គ្រប់គ្នា គឺមាន​ការងារ​ធ្វើ នៅសល់ ០,៧ %ហ្នឹង ក៏មានដែរ តែ​ការងារ​ម្ដងម្កាល»។

លោក​បន្តថា ការ​គណនា​ទិន្នន័យ​នេះ មិនមែន​លោក​និយាយ​នោះទេ តែ​ជាការ​ស្រាវជ្រាវ​របស់​អង្គការ​អន្តរជាតិផ្សេងៗ តែ​លោក​មិនបាន​លាតត្រដាង​ឈ្មោះ​អង្គការ​នោះទេ។

ចំណែកឯ​និស្សិត​ផ្នែក​សង្គមវិទ្យា​ឆ្នាំ​ទី៤ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា ណ​យ ស៊ីណា ដែល​ពុំទាន់​ទទួលបាន​ការងារ​ធ្វើ​នៅឡើយ​នោះ ហាក់​មិនសូវ​សម្ដែង​ការគាំទ្រ​ចំពោះ​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​នោះទេ ព្រោះ​ជាក់ស្ដែង កញ្ញា​មើលឃើញថា យុវជន​ដែល​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ ដែល​កញ្ញា​សិក្សា​ផ្ទាល់ មាន​អ្នកខ្លះ​មានការ​ងារ​ធ្វើ តែ​មិន​ចំ​ជំនាញ ហើយ​អ្នក​ខ្លះទៀត គឺ​អត់​ការងារ​ធ្វើ​តែម្ដង។

កញ្ញា ណ​យ ស៊ីណា បញ្ជាក់ថា៖«ខ្ញុំ​គិតថា គាត់​និយាយ​ហ្នឹង ត្រូវ​ខ្លះ​ដែរ តែមួយ​ទៀត​ខុស បើ​យើង​ជា​និស្សិត​វិញ នៅក្នុង​ការសិក្សា​ចឹ​ង អត់​សូវ​មាន​ពេល​រក​ការងារ​ធ្វើ​ទេ ភាគច្រើន គាត់​នឹង​អាច​អត់​ការងារ​ធ្វើ ហើយ​និស្សិត​មួយចំនួន នៅពេលដែល​គាត់​រៀន​ចប់​ចឹ​ង ក៏​មិន​ប្រាកដថា បានការ​ងារ​ធ្វើ​ដែរ»។

បន្ថែម​ពីលើ​នេះ ស៊ីណា ក៏​ចង់​ឲ្យ​ក្រសួង​ការងារ​មេត្តា​យក​ទុកដាក់​ខ្លាំង​ទៅលើ​និស្សិត ដែល​បានបញ្ចប់​ការសិក្សា​ផងដែរ ព្រោះ​យុវជន គឺជា​កម្លាំង​ស្នូល ក្នុង​ការ​​អភិ​វ​ឌ្ឃ​ប្រទេសជាតិ ដែល​មិនអាច​ខ្វះ​បាន។

ស្រដៀង​គ្នា​ផងដែរ មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​អាមេរិកកាំង សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (អេ​ស៊ី​លស៍) លោក ឃុន ថា​រ៉ូ មានការ​ងឿ​យ​ឆ្ងល់​ចំពោះ​តួរ​លេខ ដែល​លោក​រដ្ឋមន្ត្រី​លើកឡើង មិនដឹងថា រដ្ឋាភិបាល​យក​អ្វី​ជា​មូលដ្ឋាន មក​វាស់​ស្ទង់​នោះទេ។

លោក ឃុន ថា​រ៉ូ បញ្ជាក់ថា៖«តាមពិតទៅ មិនដឹងថា ក្រសួង​យក​អ្វី​ជា​លក្ខណៈវិនិច្ឆ័យ​ទៅលើ​អ្វី​ជា​គោល នៅក្នុង​ការកំណត់​ហ្នឹង តែ​យើង​មើល​ជាក់ស្ដែង​ពី​របាយការណ៍​របស់​ធ​នាគារ​ពិភពលោក (World Bank) និង ADB កាលពីដើមឆ្នាំ ២០១៤ អ្នក​ដែល​ង​អត់​ការងារ​ធ្វើ​ហ្នឹង ច្រើន​ដែរ គឺមាន​រហូត ២៥% នៃ​ចំនួន​កម្លាំង​ពលកម្ម​សរុប»។

ជារួម​មក ទាំង​យុវជន និង​សង្គម​ស៊ីវិល នៅតែ​មិនទាន់​យល់ស្រប​ទាំងស្រុង ចំពោះ​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​នោះទេ ព្រោះថា បើសិនជា​អ្នកមាន​ការងារ​ធ្វើ នៅក្នុង​ប្រទេស​កម្ពុជា ពិត​ជាមាន​ចំនួន ៩៩.៣% មែន​នោះ ហេតុអ្វី​ក៏មាន​ពលរដ្ឋ​កម្ពុ​ជាជាង ១លាន ១សែន​នាក់ បានធ្វើ​ចំណាកស្រុក ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស។ ការធ្វើ​ចំណាកស្រុក​នេះ បាន​នាំ​ឲ្យ​កម្ពុជា​បាត់បង់​កម្លាំង​ពលកម្ម​យ៉ាងច្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *