ផ្លែស្វាយធ្លាក់ថ្លៃក្នុងមួយគីឡូ ២០០០ ចុះនៅត្រឹម ២០០រៀល ធ្វើឲ្យអ្នកម៉ៅចម្ការខាតបង់

នា​ពេល​កន្លងមក​ដំណាំ​ស្វាយ​ដែល​កសិករ​មួយ​ចំនួន​នៅ​ស្រុក​ពារាំង​ខេត្ត​ព្រៃវែង​ តែងតែ​ទទួល​នូវ​ប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​យ៉ាង​សំខាន់​ក្នុង​ការ​ដាំ​ និង​ទទួល​ផល​ពី​ដំណាំ​នេះ​។​ ក្នុង​នោះ​រួម​ទាំង​​ឈ្មួញ​ក៏បាន​ទទួល​ផល​ចំណេញ​ពី​ការទិញ​ផ្ទាល់​ពី​ម្ចាស់​ចម្ការ​យក​លក់​បន្ត​។

​ប៉ុន្តែ​ សព្វថ្ងៃ​ផ្លែ​ស្វាយ​បាន​ប្រែប្រួល​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​ពី​មួយ​គីឡូក្រាម​ ២.០០០​ រៀល​ មក​នៅ​ត្រឹម​ ២០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ​ជាមួយ​នោះ​ដែរ​ ឈ្មួញ​ដែល​ម៉ៅ​ការទិញ​ផ្លែ​ស្វាយ​ ពី​ម្ចាស់​ចម្ការ​ដើម្បី​យក​ទៅ​លក់​វិញ​នោះ​ត្រូវ​បាន​ចំណាយ​ដើមទុន​មុន​អស់​ជាច្រើន​សម្រាប់​ថែទាំ​ស្វាយ​ដូចជា​ទិញ​ជី​,​ថ្នាំ​ការពារ​,​និង​កម្លាំង​កម្មករ​ជាដើម​។​

លុះដល់​ស្វាយ​ផ្ដល់​ផ្លែ​ត្រូវ​ប្រមូល​ផល​តម្លៃ​ទីផ្សារ​បាន​ធ្លាក់​ចុះថោក​យ៉ាង​គំហុក​រហូត​រក​អ្នកទិញ​សឹង​អត់​បាន​ទៀត​ជាហេតុ​ធ្វើ​ឲ្យ​កសិករ​អ្នក​ដាំ​ក៏​ដូច​អ្នក​ម៉ៅ​ចម្ការ​ស្វាយ​ជួប​ការ​លំបាក​និង​ខាតបង់​យ៉ាង​ខ្លាំង​។​

​លោក​ យុង ​ឃួន ​អាយុ​៦៧​ឆ្នាំ​ ដែល​មាន​ចម្ការ​ស្វាយ​នៅ​ភូមិ​ពាក់​ស្បៃ​ឃុំ​កំពង់​ប្រាំង​ស្រុក​ពារាំង​ខេត្ត​ព្រៃវែង​បាន​ឲ្យ​ដឹងថា​ ឆ្នាំនេះ​គាត់​ខាត​លុយ​អស់​២.០០០​ដុល្លារ​ដែល​ចំណាយ​ថ្លៃ​ថែទាំ​,​ថ្នាំ​,​ជី​,​និង​ពលកម្ម​លើ​ផ្ទៃដី​របស់​គាត់​ទំហំ​កន្លះ​ហិកតារ​។​ ការខាតបង់​ទាំងនេះ​មកពី​ផ្លែ​ស្វាយ​លក់​បាន​ថោក​ពេក​ក្នុង​មួយ​គីឡូ​ ២០០​រៀល ​គេ​មិន​ចង់​ទិញ​ទៀត​ផង​។

ក្នុង​នោះ​ធ្វើ​ឲ្យ​ម្ចាស់​ចម្ការ​ផ្សេងៗ​ទៀត​ខាតបង់​ថវិកា​ដូច​គាត់​ដែរ​គឺ​អ្នកធ្វើ​ច្រើន​ខាត​ច្រើន​។​ខ្លះ​ចំណាយ​ទន់​ធ្វើ​ស្វាយ​លើ​ផ្ទៃដី​១០​ហិកតារ​ ទៅ​៣០​ហិកតារ​គឺ​ខាត​បង់លុយ​រាប់​ម៉ឺន​ដុល្លារ​ដោយ​ពួកគាត់​ភាគច្រើន​ចងការ​ប្រាក់​ពី​ធនាគារ​យក​មក​ចំណាយ​ក្នុង​អាជីវកម្ម​របស់​ខ្លួន​។​

​លោក​ ប៉ូច​ ដែល​មាន​ទីលំនៅ​ភូមិ​ពាក់​ស្បៃ​ឃុំ​កំពង់​ប្រាំង​ស្រុក​ពារាំង​ខេត្ត​ព្រៃវែង​បាន​លើក​ឡើង​ថា​ គាត់​ឆ្នាំនេះ​ធ្វើ​ស្វាយ​ខាត​ច្រើន​ព្រោះ​ផ្លែ​ស្វាយ​ធ្លាក់​ថ្លៃ​ថោក​ពេក​។​ បើ​សិន​តម្លៃ​ស្វាយ​នៅ​ថេរ​ត្រឹម ​៧០០ ​រៀល​ទៅ​ ១ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​នោះ​ទើប​ចំណេញ​។​តែ​នេះ​ស្វាយ​តម្លៃ​ស្រុត​ចុះ​ចាប់ពី​២ ០០០​រៀល​នៅ​ត្រឹម​២០០​រៀល​ក្នុង​មួយ​គីឡូក្រាម​គឺ​លំបាក​ខ្លាំង​ណាស់​ដោយ​ប្រឈម​ចំពោះ​បញ្ហា​បំណុល​។​

​លោក ​ប៉ូច​ បញ្ជាក់​ថា​ ដើម​ស្វាយ​បើ​យើង​គ្រាន់តែ​ដាំ​ពី​តូច​មកដល់​ធំ​បាន​ទទួល​ផល​គឺ​រយៈពេល​ចាប់ពី​៣​ឆ្នាំទៅ​៦​ឆ្នាំ​តាម​ដី​ល្អ​ឬ​មិនសូវ​ល្អ​។​​ដោយ​គ្រាន់តែ​ដាំ​ចោល​និង​ព័ទ្ធ​របង​កុំ​ឲ្យ​សត្វ​គោក្របី​ស៊ី​ជា​ការ​ស្រេច​។​តែ​យើង​ត្រូវ​ចំណាយ​ពេល​ស្វាយ​ដល់​អាយុ​ថែទាំ​ដោយ​ដាក់​ជី​បាញ់ថ្នាំ​បញ្ចេញ​ផ្លែ​បាញ់ថ្នាំ​ការពារ​សត្វល្អិត​ពលក​ម្ម​ដោយ​ក្នុង​ដី​មួយ​ហិកតារ​ចំណាយ​អស់​ចាប់ពី ​១ ៥០០​ដុល្លារ ​ទៅ​ ២ ០០០ ​ដុល្លារ​។

តែ​បើ​យើង​ម៉ៅ​ចម្ការ​ពី​គេ​ក្នុង​មួយ​ហិកតារ​ ២ ០០០​ ដុល្លារ​ទៀត​។ ​លុះដល់​ទទួល​ផល​ក្នុង​មួយ​ហិកតារ​ជា​មធ្យម​បាន​ចាប់ពី​១០​តោន​ទៅ​១៥​តោន​។​ តែ​បើ​ស្វាយ​បាន​ផ្លែ​ខុសរដូវ​នៅ​អំឡុង​ខែ​កុម្ភៈ ​ឬ​ខែ​មីនា​លក់​បាន​ថ្លៃ​។​ លុះ​បាន​ផល​ក្នុង​ខែ​មេសា ​និង​ឧសភា​គឺ​ស្វាយ​ថោក​ដោយ​ប្រឈម​អត់​អ្នកទិញ​។​ ​

លោក​ ម៉ាញ​ មាន​ទីលំនៅ​ឃុំ​កំពង់​ពពិល​ស្រុក​ពារាំង​ខេត្ត​ព្រៃវែង​ដែល​ជា​ឈ្មួញ​ទិញ​ស្វាយ​បាន​ឲ្យ​ដឹង​ថា​លោក​ទិញ​ស្វាយ​ជាប្រចាំ​ជួនកាល​យក​ទៅ​លក់​នៅ​ភ្នំពេញ​ជួន​យក​ទៅ​លក់​នៅ​វៀតណាម​គឺជា​ការ​លក់​ចល័ត​។​តែ​ពេលនេះ​លោក​មិន​ចង់​ទិញ​ស្វាយ​ពី​កសិករ​ទេ​ព្រោះ​យក​ទៅ​លក់​បាន​ថោក​ហើយ​ថៅកែ​វៀតណាម​គេ​ទិញ​តិច​ណាស់​ដោយ​ពី​មុនគេ​ទិញ​ពី​លោក​ក្នុង​មួយថ្ងៃ​ចាប់ពី​៣០​ទៅ​៤០​តោន​។​តែ​ឥឡូវ​មួយថ្ងៃ​គេ​ទិញ​តែ​៥​ទៅ​១០​តោន​ប៉ុណ្ណោះ​និង​រើស​យក​តែ​ផ្លែ​ល្អ​ៗ​ទៀត​ផង​។​

​ជុំវិញ​ការ​ត្អូញត្អែរ​របស់​កសិករ​និង​ឈ្មួញ​ លោក ​នង​ សំ​ហឿង ​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ព្រៃវែង​បាន​ឲ្យ​ដឹង​ថា​ផ្លែស្វាយ​ចុះថោក​មកពី​វៀតណាម​គេ​មិន​ទិញ​ហើយ​បើ​ទិញ​ក៏​តិចតួច​ដែរ​។​ចំណែក​ឈ្មួញ​ថៃ​ក៏ដូចជា​ឈ្មួញ​វៀតណាម​អញ្ចឹង​ដែរ​ជួន​ទិញ​ជួន​អត់​ហើយ​ផ្លែស្វាយ​ដល់​រដូវ​ប្រមូល​ផល​គឺ​វា​ជន់​ម្ដងៗ​ធ្លាក់​ថ្លៃ​បែបនេះ​ហើយ​។

​លោក​បញ្ជាក់​ថា​ ទាំង​វៀតណាម​និង​ថៃ​គឺ​ទិញ​យក​ទៅ​ប្រទេស​ចិន​ដូចគ្នា​តែ​មិន​យូរ​ទេ​ស្វាយ​និង​ឡើងថ្លៃ​វិញ​។​ហេតុនេះ​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ព្រៃ​វែង​បាន​លើកទឹកចិត្ត​កសិករ​សូម​បងប្អូន​កុំ​បាក់​ទឹកចិត្ត​ក្នុង​ការ​ដាំ​ដុះ​ឬ​ប្រកប​អាជីវកម្ម​របស់​ខ្លួន​អី​៕

ប្រភព​​៖ Sabay News

Leave a Reply

Your email address will not be published. Required fields are marked *