ទេវកថា៖ កូរសមុទ្រ​ទឹកដោះ​

បុរាណ​ចារ្យខ្មែរបាន​ឆ្លាក់​រឿងនេះ នៅលើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត មាន​បណ្តោយ ៤៩ម៉ែត្រ និង​កម្ពស់​២ម៉ែត្រ មាន​រូបក្រុម​អសុរៈ (យក្ស ) នៅខាង​ឆ្វេង​ដៃ ចំនួន ៩២អង្គ និងរូប​ក្រុម​ទេវៈ​នៅ​ខាង​ស្តាំដៃចំនួន ៨៨អង្គ។ រឿង​កូរសមុទ្រ​ទឹកដោះ មាន​កំណើត​ឡើងនៅ​រវាង​សតវត្សរ៍​ទី១១ ក្នុង​រជ្ជកាល​ព្រះបាទ​ឧទ័យា​ទិត្យ​វរ្ម័នទី២ (១០៥០-១០៦៦) នៃ​គ្រិស្តសក​រាជ ក្នុង​រចនាបថ​បាពួន។ បើតាមទេវកថា រឿង កូរសមុទ្រទឹកដោះនេះ មានតំនាលរៀបរាប់ថា ៖ ក្នុង​កាល​មួយ​នោះ ពួកអសុរៈ (មេយក្ស) បានដើរ​សាង​បាបកម្ម​កាច​សា​ហាវ ព្រៃផ្សៃ និង​រាត​ត្បាត​ជាទី​បំផុត ទៅ​លើពួក​ទេវៈ (ពួកទេវតា) ធ្វើ​អោយ ពួកទេវៈ​មួយ​ចំនួនក នាំគ្នា​ចេញ​ទៅធ្វើ​សឹក​សង្គ្រាម​ប្រយុទ្ធ ប្រឆាំង តបត​នឹង​ពួក​អសុរៈ​ វិញ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ការ​ប្រយុទ្ធ​ចេះតែ​បន្ត កក្រើក​ទឹក រញ្ជួយដី តែពុំ​មាន​អ្នក​ចាញ់​ឈ្នះ។ សង្គ្រាម​បានធ្វើ​អោយអង្គ​ទេព​នីមួយៗ ត្រូវទ្រុឌ​ទ្រោម​នឿយ​ហត់​ជាខ្លាំង ក៏នាំគ្នាផ្អាក​ចំបាំង ហើយ​ក៏ហោះ​ហើរ​កាត់​ផ្ទៃពពក សំដៅ​ឋាន​លើ ទៅ​ប្តឹងព្រះ​ឥន្ទ្រាធិរាជ ឱ្យជួយ​ដោះ​ស្រាយ​បញ្ហា ផ្សះផ្សា​គំនុំ​សង​សឹក​រវាង ពួក​អសុរៈ និង​ពួកទេវៈ

ក្រោយពី​ពួកទេវៈ និងពួក​អសុរៈរ៉ា​យរ៉ាប់​ទូល​ថ្វាយ អំពី​ដំណើរ​ហេតុការណ៍​វិបត្តិ​ទាំងឡាយ រួច​ហើយ ព្រះឥន្ទ្រក៏​ត្រិះរិះពិចារ​ណា​ជ្រាលជ្រៅ ក្រោយ​មក ទើប​មាន​ព្រះរាជ​​​បន្ទូល​ទៅកាន់​ពួក​ទេវៈ និង​ពួកអ​សុរៈថា៖ – ម្នាល!! អង្គ​ទេវៈ​អសុរៈ ទាំង​អស់​គ្នា! ដើម្បី​សេចក្តី​ស្ងប់ស្ងៀម តាមពូជ​ពង្ស​ដំណក់​លោហិត​រៀងៗ​ខ្លួន និង​ដើម្បី​រស់នៅ​លើពិ​ភពរស់​នៅ​ផ្សេងៗ​គ្នា ឱ្យមាន​សេរីភាព​សុខ​សាន្តនោះ, យើង​មាន​មធ្យោបាយ​មួយអោយ​អ្នកគិត គឺថា អ្នក​ត្រូវ​នាំគ្នា កូរ​សមុទ្រ​ទឹកដោះ ដើម្បីស្វែងរកទឹក​អម្រឹត​ជីវិត​អមតៈ​!! រាត្រីកាលក៏​ចូល​មក​ដល់ ។ ពួកទេវៈ​ក៏ប្រមូល​ផ្តុំគ្នីគ្នា ត្រិះ​ពិចារណ៍ រក​មធ្យោបាយ ដើម្បី​ដណ្តើម​យកជ័យ​ជម្នះទៅលើ​ពួកអសុរៈ ព្រោះថា បើតាម​ការ​ប៉ាន់​ប្រមាណ​មើល​ទៅ ពួកទេវៈ ប្រហែល​ជាពុំ​មាន សមត្ថភាព​គ្រប់គ្រាន់​យក​ជ័យ​ជំនះ លើហ្វូងអសុរៈ បាន​យ៉ាងងាយៗ​ឡើយ។ មធ្យោបាយ​ល្អ មានតែ​ម្យ៉ា​ងគត់ គឺ​ប្រើល្បិច។

ពួកទេវៈក៏ចូល​ទៅគាល់​ព្រះវិស្ណុ សុំស្នើ​ដល់​ព្រះអង្គឱ្យជួយ។ ព្រះវិស្ណុក៏​យល់ព្រម។ ពេល​រាត្រី​កាល​ក៏កន្លង​ផុត​ទៅ ពួក​អាទិទេព ពួកទេវៈ និង​ពួកអសុរៈ​ជាច្រើន ក៏បាន​មកប្រាកដ​កាយ​ជួបជុំគ្នា នៅ​ភ្នំមន្ទរៈ តាម​ពាក្យ​ពេចន៍​សន្យា ដោយយក​ភ្នំមន្ទរៈ ធ្វើជា​ស្នូល ហើយ​យក​ពស់​នាគរាជ​ឈ្មោះ “វ៉ាសុគី” ធ្វើជា​ខ្សែព្រ័ត្រ សម្រាប់​ទាញ​កូរចុះ​ កូរឡើង។ ពួកអសុរៈ​ជាអ្នកកាន់​នៅខាង​ក្បាល​ពស់នាគ​រាជ (ខាងឆ្វេង) និង​ពួកទេវៈ​កាន់នៅ​ខាង​កន្ទុយ​ពស់​នាគរាជ (ខាងស្តាំ) ។ ពួក​ទេវៈ និង​អសុរៈ ក៏ចាប់​​ផ្តើម កូរចុះ​កូរឡើង អស់រយៈ​ពេល​យ៉ាងយូរ ធ្វើឱ្យ​ភ្នំមន្ទរៈ ចាប់ផ្តើម​បាក់​ស្រុត​ចុះទៅ​បាត​សមុទ្រ​បន្តិច​ម្តងៗ។ ដោយ​មើល​ឃើញ​នូវ​ស្ថានភាព​បែប​នេះ​ហើយ ព្រះវិស្ណុ​ក៏និម្មិតកាយ ក្រឡា​ខ្លួន ជាសត្វអណ្តើក​មួយ​យ៉ាងធំ ឈ្មោះ “កុមិ” មក​ជួយ​ទ្រភ្នំមន្ទរៈ​ឱ្យខ្ពស់​ឡើង​មក​លើ​ផ្ទៃទឹក។នៅចុងបំផុត ថូទឹកអម្រឹត​ក៏បាន​ផុស​ឡើង ហើយពួក​អសុរៈក៏​ដណ្តើម​យក​បាន​មុន ។ ព្រះវិស្ណុ​ឃើញ​ដូច្នោះ ក៏ក្រឡា​ខ្លួនភ្លាម​ធ្វើជា​ព្រះនាង​ទេពធីតា​ឋាន​សួគ៌​ឯកដ៏​ស្រស់​ប្រិមប្រិយ ចូលទៅ​លួង​លោម​ប្រលោម អសុរៈ អោយ​បោះ​បង់ថូ​ទឹក​អម្រឹត​ជីវិត​អមតៈ នោះ​ចោល។ ដោយ​ចាញ់​សម្រស់ និង​ល្បិច​លួង​លោម​របស់ព្រះ​នាង​ទេពធី​តា​ក្លែង​ក្លាយ​នោះ មេអសុរៈ​ក៏គ្រវែង​ថូទឹក​អម្រឹត​ជីវិត​អមតៈ​ចោល​ទៅ។ ពពួកទេវៈ​ឃើញ​ហើយ ក៏នាំគ្នា​រើសយក​មក​ចែក​គ្នាក្រេប បាន​គ្រប់ៗ​អង្គពុំ​មានខាន ។នៅខ្លោងទ្វារ​ចូល​អង្គរធំ ឬខ្លោង​ទ្វារ ចូលទៅ​កាន់ប្រាសាទ​ព្រះខ័ន គេក៏សង្កេត​ឃើញ​មាន​រូបបដិមា​ជាច្រើន​ មាន​មាឌធំៗ តម្រៀប​គ្នាជា​ជួរ ទាញ​ដងខ្លួន​ពស់​នាគរាជ​វ៉ាសុគី ឈរនៅ​អមសង​ខាង​ផ្លូវ ក្នុង​ភាពជា​និមិត្តរូប​មួយ​នៃ​អាទិទេព ក្នុង​រឿង កូរសមុទ្រ​ទឹកដោះ​នោះ​ដែរ។ រឿង “កូរសមុទ្រទឹក​ដោះ ជានិមិត្តរូប​នៃការ​ប្រកួត​ប្រជែង​ខាង​មហិទ្ធិ​ប្ញទ្ធិ​វេទ​មន្ត ដណ្តើម​យកទឹក​អម្រឹត​ជីវិត​អមតៈ នៅឯភ្នំ​មន្ទរៈ ដើម្បីស្វែង​រកភាព​ក្សេមក្សាន្ត សុខ​ដុមរមនា សម្បូរ​សប្បាយ រុងរឿង ជូនប្រទេស​ជាតិ​មាតុភូមិ៕

Leave a Reply

Your email address will not be published. Required fields are marked *