ទង់​ព្រលឹង

នៅពេលដែលមានមនុស្សស្លាប់ លោកអាចារ្យតែងយកសំពត់សប្រវែង៤ហត្ថ បត់ជាពីរ យក​ឈើ ឬបន្ទះឬស្សី ពីរកំណាត់ដាក់ខ្វែងគ្នា រួចស៊កក្នុងផ្នត់ សំពត់រួចចងបង្រួម ក្រសោប​​ក្រោយសំរាប់កាន់ មានឆ្នាំងបាយថ្មីមួយ ចងបន្តោងភ្ជាប់នឹងដង ទង់នោះផង និងអាចារ្យ​​សរសេរ​បាលីក្នុងផ្ទៃនោះ ដែលហៅថា ទង់ព្រលឹង។ ភាគច្រើនគេដាក់ទង់នៅ​លើ​ក្បាល​ដំណេក​បុគ្គលសា្លប់ រួចផ្តាំបុគ្គលស្លាប់នោះថា ទង់ព្រលឹងនេះជា​សំបុត្រ​ដើរ​ផ្លូវ​របស់​អ្នក ហើយចូរអ្នកកាន់ឲ្យជាប់ ដើម្បីធ្វើដំណើរ​ទៅថ្វាយបង្គំព្រះចូឡោមណីចេតិយ​ព្រោះអ្នក​ទៅតែម្នាក់ឯងគ្មានអ្នក​ណានាំផ្លូវទេ។

សៀវភៅលំអានទំនៀមខ្មែរបុរាណ បានសរសេរពីប្រវត្តិទង់ព្រលឹងទៅនឹង​រឿង​ព្រេង​មួយ​ថា មានបុរសម្នាក់មានកូនប្រុសមួយជាទីស្រលាញ់បានសុំឪពុកទៅ​រៀន​សិល្បៈ​សាស្រ្ត ឯនគរតក្ករសិលាលុះរៀនចប់សុំលាអាចារ្យ ចេញទៅរកគ្រូផ្សេងទៀត ដើម្បី​រៀន​បន្ថែម។ លុះដើរទៅបានជួបប្រទះនឹងព្រះបច្ចេកពុទ្ធមួយអង្គ ឃើញលោកប្រព្រឹត្តល្អ​តាម​របៀប សមណៈមាណពនោះមានចិត្តស្រលាញ់ជ្រះថ្លា ក៏ចូលសុំទៅរៀន​ក្នុង​សំណាក់​ព្រះបច្ចេកពុទ្ធ លោកឲ្យរៀនតែលោកឲ្យបួសសិន។ មាណពនោះបួស រួច​ហើយ​​លោកបង្រៀនធម៌ វិបស្សនាកម្មដ្ឋាន។ នៅរៀនយូរៗទៅមាណពនោះ បានសំរេច​ពោធិញ្ញាណ ជាព្រះបច្ចេកពុទ្ធមួយអង្គដូចព្រះបច្ចេកពុទ្ធជាគ្រូដែរ។

មិនយូរប៉ុន្មានមាណពបច្ចេក ពុទ្ធក៏ចូលបរិនិពា្វនទៅទាំងវ័យក្មេង គួរឲ្យសោកស្តាយ​សំរាប់​បុគ្គលជាបុថុជ្ជន។ អ្នកស្រុកភូមិនៅក្បែរនោះនាំគ្នាធ្វើបុណ្យបូជាសព ហើយ​កសាង​ចេតិយមួយបញ្ចុះ អដិ្ឋធាតុព្រះបច្ចេកពុទ្ធអង្គនោះត្រង់ផ្លូវបំបែក។ បុរសជា​ឪពុក​បាត់កូន​យូរពេកក៏ទៅតាមកូន និងបានដឹងតាមដំណើររឿង ក៏យំសោកស្តាយ​អាល័យ​កូន​។ បន្ទាប់មកឪពុកក៏ទៅដងទឹកស្រោច ស្រពទ្រនាប់ខ្សាច់ចេតិយ រួចយកក្រមាបង់ក ចងធ្វើជាទង់ដោយឧទិ្ទសថ្វាយនៅមុខចេតិយ ហើយថ្វាយបង្គំលាវិលត្រលប់ទៅវិញ។

ឃើញដូច្នោះអ្នកស្រុកនៅជិតនោះ ក៏យកតម្រាប់តាមលុះចំណេរកាលតមកទៀត​ក៏ក្លាយ ទៅជាទំនៀមទម្លាប់ គឺពេលដែលបែរខ្មោច អាចារ្យតែងលីទង់​ព្រលឹង​ដើរ​មុខ​ប៉ាឆា ទើបយកទង់នោះទៅដាក់នៅទិសឥសាន ជាសញ្ញាឲ្យខ្មោចដឹងថា ខ្លួនត្រូវចេញ​ដំណើរ ទៅតាមទិសឥសាន ដើម្បីទៅថ្វាយបង្គំព្រះចូឡោមណីចេតិយ។

 

បញ្ចាក់មានរឿងព្រេងជាច្រើនផ្សេងទៀតដែលទាក់ទង់ទៅនឹងទង់ព្រលឹងនេះ ហើយទង់ក្រពើនេះក៏ប្រើនៅក្នុងពិធីបុណ្យផ្សេងទៀតដែរក្រៅពីពិធីបុណ្យសព ភាគច្រើនប្រើនៅពិធីសាសនាក្នងវត្ដអារាម ៕

 

Leave a Reply

Your email address will not be published. Required fields are marked *