តើ​​​អ្នក​​ប្រវត្តិ​សាស្ត្រ​​​និយាយ​​​​អ្វី​​ខ្លះ​​ពី​ ​អយុ​ធ្យា​​ ​ចំពោះ​​ខ្មែរ​ និង​​ ​ថៃ​​​

ស្រាវ​ជ្រាវ​​៖​ ​ប្រវត្តិ​​​ខេត្ត​​អយុធ្យា​ ​ប្រវត្តិ​​​វិទូ​​​ថៃ​​ថា​​ជា​​​របស់​​ថៃ តែ​ប្រវត្តិវិទូ​បរទេស​ថា​របស់​ខ្មែរ ចុះ​សិលា​ចារិក​​​ខ្មែរ​ថា​ម៉េច​ដែរ​?

ប្រវត្តិ​ខេត្ត​អយុធ្យា ដែល​ត្រូវ​ទ័ព​ភូមា​ដុត​កំទេច​​នៅ​​ឆ្នាំ​​១៧៧៩ មាន​ការ​​ខ្វែង​​គំនិត​​​គ្នា​​អំ​​ពី​​​កាល​បរិច្ឆេទ​​ ​ឬ​​​ចំណាស់​​។ អ្នក​​ប្រវត្តិ​​​​វិទូ​​​​ថៃ​​​ ​​​​ដែល​​​សំ​អាង​​លើ​​​ច្បាប់​​​​​​​​ព្រះ​រាជ​​ពង្សាវ​តារ​​​អយុធ្យា​​ ​​បាន​​​​អះ​អាង​ថា​​ទី​ក្រុង​​ខាង​​​លើ​នេះ​​ដែល​ជា​ “​​កោះ​​” ឬ​​ “​​​​ទីក្រុង​​ទឹក​​​”​​ ​​ត្រូវ​បាន​ ​កសាង​​ឡើង​​ដោយ​​ស្តេច​​ថៃ​ ព្រះ​នាម​​ថា​ ​អ៊ូ​​ថង​ ​នៅ​​ឆ្នាំ​​​១៣៥០​​។ ​លោក​ ​អៃ​ម៉ូ​​នី​​យេ​ ជន​ជាតិ​​បារាំង​​មិន​​យល់​ស្រប​​នឹង​​​​​ទស្សនៈ​​​​នេះ​​ទេ​ ​ដោយ​​លោក​​​​បាន​​​​បញ្ជាក់​ថា​ ​អយុធ្យា​​​គឺ​​ជា​​​​ទឹក​​​ដី​​ខ្មែរ​​​ហើយ​​ធ្លាប់​​​​​មាន​​ប្រវត្តិ​​ ដ៏​​​យូរ​​លង់​​ជា​ច្រើន​​សត​វត្ស​​មុន​​​​ការ​​​មក​ដល់​​​​​​នៃ​​ជន​ជាតិ​​ថៃ​​។​ ​តើ​​ការ​ពិត​​ស្ថិត​នៅ​​ត្រង់​ណា​​?​

​​ដើ​ម្បី​​ចូល​រួម​​វិ​ភាគ​ទាន​ ​ក្នុង​ការ​​ស្វែង​យល់​​អំ​ពី​​ឫស​កែវ​​នៃ​​ទី​ក្រុង​​អយុធ្យា​ យើង​​សូម​​អនុញ្ញាតិ​​ផ្តល់​នូវ​​ឯក​សារ​​សំណេរ​​មួយ​ ​គឺ​​ផ្ទាំង​​សិលា​ចារឹក​ ដែល​​គេ​​បាន​​រក​ឃើញ​​ក្នុង​​ខេត្ត​​នេះ​​នៅ​​ឆ្នាំ​​១៩៣៩​នៅ​​​ពេល​​សាង​​សង់​​ផ្លូវ​​នៅ​លើ​​ទួល​​​​បុរាណ​​មួយ​​មាន​​ឈ្មោះ​ថា​ បូត​​ព្រាហ្មណ៍​​។ ​ទួល​ប្រាសាទ​​នា​​សម័យ​អង្គរ​​ខាង​​លើ​នេះ​ ​ស្ថិត​នៅ​​ខាង​កើត​​នៃ​​ទី​ក្រុង​​អយុ​ធ្យា​ ​ក្បែរ​​ស្ពាន​​ចាស់​​មួយ​​ឈ្មោះ​ថា​ ​សះ​​ផាន​​ជី​​គុន​ ​ស​ម្រាប់​​ភ្ជាប់​​កោះ​​អយុ​ធ្យា​​នឹង​​ត្រើយ​ម្ខាង​​ទៀត​​នៃ​​ព្រែក​​។​​

​សូម​​រំលឹក​ថា​ ​ផ្ទាំង​សិលា​​ចារឹក​​ខ្មែរ​​ចារ​​នៅ​​ឆ្នាំ​​៩៣៧​​នៃ​​គ​.​ស​ ​ដែល​​យើង​​​នឹង​​យក​មក​​សិក្សា​​វិភាគ​​ឡើង​វិញ​​នេះ​ ​ត្រូវ​បាន​​ផ្សព្វ​ផ្សាយ​​ម្តង​​រួច​មក​ហើយ​ ​នៅ​​ឆ្នាំ​​១៩៤៤ ​ដោយ​​លោក​ ​ហ្ស​ក​ ​ស៊ឺ​ដេ​ស​ (Cf. L’inscription khmere d’Ayuthya, The Journal of the Thailand Researsch (JTRS) Vol XXXV, Part I, 2,1944. Banghok ។​

​ផ្ទាំងសិលា​ចារឹក​ខ្មែរ​នៃ​ខេត្ត​អយុធ្យា​មាន​កំពស់​០,៤៥​ម​. កម្រាស់ ០,២២​ម​. ហើយ​មាន​ចារ​អក្សរ​ទាំងសងខាង ។ ផ្នែក​ទី​១ នៃ​សិលាចារឹក មាន​តួអក្សរ​១៨​បន្ទាត់​ជា​កាព្យ​ឃ្លោង​សំ​ស្ត្រឹ​ត ។ រីឯ​នៅ​ផ្នែក​ទី​២​វិញ ដែល​សរសេរ​ជា​ភាសា​ខ្មែរ​មាន​តួអក្សរ​១៧​បន្ទាត់ ពាក់ព័ន្ធ​ទៅនឹង​បញ្ជី​ពួក​ខ្ញុំបម្រើ​ប្រាសាទ​ខាងលើ ។​

​បើ​ពិនិត្យ​លើ​ខ្លឹមសារ​នៃ​សិលាចារឹក យើង​អាច​និយាយបានថា គ្មានអ្វី​គួរ​ឲ្យ​មាន​ភាពស្រពិចស្រពិល​ឡើយ ៖ នៅ​ខេត្ត​អយុធ្យា​យើង​មាន​ភស្តុតាង​ជា​ប្រវត្តិសាស្ត្រ​បញ្ជាក់ ដោយមាន​សំណង់​ស្ថាបត្យកម្ម​ប្រាសាទ និង​សិលាចារឹក ទោះបី​បាន​ឈូសឆាយ បាត់បង់​ហើយក៏​ដោយ។ នេះ​ជាការ​ពិត​មួយ​ដែល​អ្នក​ប្រវត្តិវិទូ ថៃ និង​អ៊ឺ​រូប​ខ្លះ ដែល​មិន​បានដឹង ឬ​មិនបាន​ទទួលស្គាល់ ព្រោះ​គេ​យល់ច្រឡំ​ប្រវត្តិសាស្ត្រ ដោយ​ចេតនា ឬ​អ​ចេតនា ។​

​ម្យ៉ាងវិញទៀត ថ្វីត្បិតតែ​យើង​មិនមាន​គំនិត​ខ្វែងគ្នា​នឹង​មតិ​របស់លោក ហ្ស​ក សឺ​ដេ​ស ក៏ប៉ុន្តែ យោងតាម​ទិន្នន័យ​ខាង​បុរាណវិទ្យា​ថ្មីៗ យើង​អាច​កំណត់​ទីតាំង​នៃ​ទីក្រុង ចា​នា​សៈបុ​រី ច្បាស់​ជាង​លោក​ហ្ស​ក សឺ​ដេ​ស​បន្តិច ហើយ​ដែល​វត្តមាន​របស់​ទីក្រុង​នេះ ត្រូវបាន​គូសបញ្ជាក់​ក្នុង សិលាចារឹក​។​

​បើតាម​យើង ចា​នា​សៈ​បុរី​ស្ថិតនៅ​ខ្ពស់​រាប​នគររាជ លាតសន្ធឹង​រហូតដល់​អយុធ្យា ហើយ​ក៏បាន​ភ្ជាប់​ទៅនឹង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ននេះ​ផងដែរ។ ហេតុនេះ​ព្រះនាម​របស់​ព្រះមហាក្សត្រ ដែល​បាន​សោយរាជ្យ​នៅ​ទីនោះ​មាន​លក្ខណៈ​ខុសពី​ព្រះរាជវង្សានុវង្ស​ខ្មែរ នៅឯ​ម្ខាង​ទៀត​នៃ​ជួរ​ភ្នំ​ដងរែក ជាពិសេស ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៤ កំពុង​សោយរាជ្យ​នៅក្នុង​សម័យកាល​ដូចគ្នា​នៅ​តំបន់ កោះ​កេរ (​ឆោ​កគរ​គ្យ​រ ឬ​គគីរ​) ជាដើម ។ នេះ​គឺ​ជាទ​ទ្បី​ករ​ណ៍​មួយ​បង្ហាញ​អំពី​ភាព​ស្វា​យ័​តនៃ​ភូមិភាគ​នេះ មុន​ការប្រមូល​ផ្គុំ​គ្នា នូវ​រដ្ឋ​ខ្មែរ​តូច​-​ធំ​ទាំងឡាយ ឲ្យ​ក្លាយទៅជា​រដ្ឋ​តែមួយ គឺ​ចក្រភព​កម្ពុជទេស​ក្នុង​រាជ​របស់​ព្រះបាទ សុរិយា​វ​រ័​ន្ម​ទី​១ និង​ទី​២ ។តទៅ​នេះ​គឺ​សេចក្តី​សង្ខេបនៃ​សិលាចារឹក​អយុធ្យា​អាន​ដោយ​លោក​ហ្ស​ក​សឺ​ដេ​ស :

​ខ្លឹមសារ​នៃ​សិលាចារឹក​នៅ​ផ្នែក​ទី​១ បាន​ឲ្យ​ដឹងថា មានការ​មកដល់​ព្រះ​សិវៈ​ក្រោម​ព្រះនាម​ចន្ក​រៈ និង​ព្រះ នាង​បា័​វ​តី ដែលជា​ព្រះ​ជាយា​របស់​ទ្រង់ ។ បន្ទាប់មកទៀត​សិលាចារឹក​បានបង្ហាញ​អំពី​ប្រវត្តិ​នៃ​ព្រះមហាក្សត្រ​ខ្មែរ ដែល​បាន​សោយរាជ្យ នៅ​ចា​នា​សៈ​បុរី ។ ប្រការនេះ​មានន័យថា ខេត្ត​នេះ ស្ថិតនៅក្រោម​ការត្រួតត្រា​គ្រប់គ្រង​របស់​វង្ស​ក្សត្រ​ខ្មែរ មុន​ការមកដល់​នៃ​ជនជាតិ​ថៃ ហើយ​ខេត្ត​នេះ ជា​កេរ្តិ៍ដំណែល​របស់​ខ្មែរ ។​

​នៅក្នុង​សិលាចារឹក​បាន​ឲ្យ​ដឹងថា ព្រះមហាក្សត្រ​ទី​១ ដែល​បាន​គ្រង​រាជសម្បត្តិ​ដំបូងបង្អស់​នៅ​ចា​នា​សៈបុ​រី គឺ​ព្រះបាទ​ស​ន្ទ​រប​រា​ក្រម ។ ព្រះមហាក្សត្រ​អង្គ​នេះ​មាន​ព្រះរាជបុត្រ​មួយអង្គ​មាន​ព្រះនាម​ថា ភគ​វត្ត ដែល​បានប្រសូត បុត្រ​ពីរ​ព្រះអង្គ គឺ​មា​រប​តិ​សិង្ហ​វ​រ័​ន្ម​ដែលជា​ព្រះរៀម និង​មង្គល​វ​រ័​ន្ម ដែលជា​ព្រះអនុជ ។ សិលាចារឹក ក៏បាន​បញ្ជា​ក់ទៀត ថា ព្រះអង្គម្ចាស់​មា​រប​តិ​សិង្ហ​វ​រ័​ន្ម បានក្លាយ​ទៅជា​អធិបតី​គ្រប់គ្រង​នគរ​ចា​នា​សៈបុ​រៈ រីឯ​ព្រះអនុជ​របស់​ព្រះអង្គ​វិញ គឺជា​អ្នក​ដែល​បាន​កសាង​រូបសំណាក​ដំណាង​ឲ្យ​ព្រះ​មាតា​របស់​ទ្រង់ ក្រោមរូបភាព​នៃ​ព្រះ​សិវៈ ឬ​ព្រះ​ឥសូរ ។​

​ផ្នែក​ទី​២​នៃ​សិលាចារឹក​អយុធ្យា​ដែល​សរសេរ​ជា​ភាសា​ខ្មែរ​សុទ្ធសាធ​ បាន​ពិពណ៌នា​អំពី​ឈ្មោះ​របស់​ពួក​ខ្ញុំបម្រើ​ទេវស្ថាន​នោះ ។ ក្នុងចំណោម​បញ្ជី​ឈ្មោះ​អ្នកបម្រើ​ឃើញ​មាន​ជា​អាថ៌​គោ​តៃ និង​ស៊ីជាដើម។ ក្រៅពីនេះ​គេ​ក៏បាន​ឃើញ​ស័ព្ទ​ខ្មែរ​មួយ​ជំនាន់​អង្គរ​ដូចជា រនោច​, កំបិត​, កូន​, ពៅ​, រត់​វារ​, គ​ន្ធី​។​

​តាម​ប្រសាសន៍​របស់លោក សឺ​ដេ​ស ព្រះរាជវង្សានុវង្ស​ខ្មែរ ដែល​បាន​គ្រប់គ្រង​នៅ​ខេត្ត​អយុធ្យា​នៅ​ឆ្នាំ ៩៣៧ បាន​បន្ត​ពូជពង្ស​ពី​បព្វជិត​ភគ​ទ​វត្ត ដែល​នោះ​គឺជា​ព្រះនាម​របស់​ស្តេច​មួយអង្គ​ដែល​បាន សោយរាជ្យ​នៅ​ឆ្នាំ​៥១៥ នៅក្នុង​រដ្ឋ​មួយ​នៅ​ម្តុំ​ជ្រោយ​មល​យូ ដែលមាន​ឈ្មោះថា ឡាំង​យ៉ា​ស៊ីវ​សី យោងតាម​ឯកសារ​ចិន ។ ម្យ៉ាងទៀត​អ្នកប្រាជ្ញ ខាងលើ ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ស្តេច​ភគ​វត្ត​នៃ​នគរ​ឡាំង​យ៉ា​ស៊ីវ​សី ត្រូវបាន​ជ្រើសតាំង​ធ្វើជា​ស្តេច​២០​ឆ្នាំ ក្រោយពី​បាន​និរទេស​ទៅកាន់​ប្រទេស​ឥណ្ឌា ។ តែ​ទោះបី​យ៉ាងនេះ​ក្តី លោក​មិន​ហ៊ាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​ពិត របស់​ព្រះមហាក្សត្រ​អង្គ​នេះឡើយ ព្រោះថា​ព្រះនាម​នេះ គឺជា​ព្រះនាម​មួយ​ដែលមាន​លក្ខណៈសាមញ្ញ​ពេក​ក្នុង សម័យ​នោះ ។​

​គួរ​រំលឹក​នៅទីនេះ​ថា ពេលវេលា​មកដល់​ហើយ សម្រាប់​យើង ដើម្បី​បង្ហាញ​ទស្សនៈ​របស់​យើង​ជុំវិញ គោ​រម្យ​ងារ​ភគ​វត្ត​ខាងលើនេះ​ឲ្យ​បានជា​ក់លាក់ ។​​សូមជម្រាបថា គោ​រម្យ​ងារ​ភគ​វត្ត​ខាងលើនេះ ពុំមាន​លក្ខណៈ​ទូទៅ​នោះទេ ក៏ប៉ុន្តែ​គឺជា​មុខងារ ឬ​ឋានន្តរ​ស័​កិ្ត​នៅ​សតវត្ស​ទី​១១ ដែល​ជិត​ប្រហែល​ព្រះមហាក្សត្រ ។ ឧទាហរណ៍​ឈ្មោះ​របស់​ព្រះរាជ​គ្រូ​របស់​ព្រះ​ឧទ​យា​ទិ​ត្យ​វរ​ន្ម​ទី​២ គឺ ភគ​វត្ត​បាទ​វ្រៈ​កម្រ​តេង ឬ ធូលី​ជើង​វ្រៈ​កម្រ​តេង​អញ។

យើង​ក៏មាន​ព័ត៌មាន​ទៀតថា ព្រាហ្មណ៍​បុរោហិត​ម្នាក់ទៀត ដែលមាន​ការចេះដឹង​យ៉ាងជ្រៅ​ជ្រះ​បំផុត ហើយ​ដែលជា​ព្រះរាជ​គ្រូ​របស់​ព្រះបាទ​ជយ​វ​រ័​ន្ម​ទី​៦ ផង​នោះ មាន​គោ​រម្យ​ងារ​ដូចគ្នា​គឺ ’​ភគ​វត្ត​បាទ​កម្រ​តេង​អញ​” ។​មូលហេតុ ដែល​យើង​លើក​ឧទាហរណ៍​ទាំងនេះ​ឡើង គឺ​ព្រោះតែ​តាម​ទស្សនៈ​របស់ យើង គោ​រម្យ​ងារ​ភគ​វត្តមាន​ឋានៈ​ស្មើនឹង​ព្រះរាជា ហើយ​ការលើកតម្កើង​ឋានៈ​នេះ​គឺជា​ប្រពៃណី​ខ្មែរ​ដែលមាន​តាំងពី​សម័យ​នគរ​ភ្នំ​ម្ល៉េះ ។ ម្យ៉ាងទៀត​វត្តមាន​របស់​គោ​រម្យ​ងារ​ខាង​នេះ ដែលមាន​ប្រភព​ចេញពី​ជ្រោយ​មល​យូ​ក៏​មិន​ធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល​ដែរ ។ ព្រោះថា​ព្រះមហាក្សត្រ​ខ្មែរ​បុរាណ​ធ្លាប់បាន​គ្រប់គ្រង​ទៅលើ​ផែនដី​ជ្រោយ​មល​យូ មុន​ការ​លេចធ្លោ​ឡើង​នៃ​រដ្ឋ​ឈ្មោះ​ស្រី​វី​ជ័យ​នៅក្នុង​អំឡុង​សតវត្ស​ទី​៧-៨​នៃ​គ​.​ស ។ ហើយ​យោងតាម​កំណត់ហេតុ​ចាស់ៗ ដែល​ជនជាតិ​ចិន​បាន​បន្សល់ទុក បាន​ឲ្យ​ដឹងថា ទឹកដី​នេះ​គឺជា​ភាគ​មួយ​នៃ​រដ្ឋ​ហ្វូ​-​ណន ឬ​នគរ​ភ្នំ​យ៉ាង​ជាក់ច្បាស់ ។​

​សរុបសេចក្តី​មក ដោយសារតែ​គេ​ពុំបាន​ឃើញ​វត្តមាន​របស់​ជនជាតិ​មន ដូច​នៅ​ខេត្ត​ល​វ ឬ​សព​បុរី និង​ជនជាតិ​ថៃ នៅក្នុង​ខេត្ត​នេះ ទើប​យើង​ពុំ​អាច​សន្និដ្ឋានថា​តំបន់​នេះ គឺជា​ទឹកដី​របស់​មន ឬ​ថៃ បានជា​ដាច់ខាត ។ ផ្ទុយទៅវិញ​នៅ​ទីនោះ គេ​បានឃើញ​វប្បធម៌​ខ្មែរ មានការ​វិវត្តន៍​មិន​ឈប់ឈរ​ចាប់តាំងពី​សម័យ​បុ​រេ​អង្គរ​រហូតដល់​សម័យ​អង្គរ ។ នេះ​ជា​កត្តា​មួយ ដែល​គេ​មិនត្រូវ​មើលរំលង​ឡើយ កាលបើ​គេច​ង់​សរសេរ​ប្រវត្តិ​របស់​ទីក្រុង​អយុធ្យា​ដោយ​សុ​ក្រិត ៕(​ម​.​ត្រា​ណេ​)

Leave a Reply

Your email address will not be published. Required fields are marked *

Close