ដំណឹង​ល្អ​សម្រាប់​អ្នក​ជម្ងឺ​មហារីក​!​

ក្តីសុបិន្តនៃការបង្កើតមជ្ឈមណ្ឌលថែទាំជំងឺមហារីកដំបូងគេបង្អស់នៅកម្ពុជារបស់លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម (Onco-Hematology) នៃមន្ទីរពេទ្យកាល់ម៉ែត ជិតលេចចេញជារូបរាងពិតហើយ ដោយហេតុថា មជ្ឈមណ្ឌលជាតិផ្នែកជំងឺមហារីក (National Cancer Center)នេះ ត្រូវបានគ្រោងនឹងរៀបចំសម្ពោធនៅចុងឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា គ្រឿងបរិក្ខារផ្សេងៗត្រូវបាន និងកំពុងរៀបចំតំឡើង ស្របពេលដែលម៉ាស៊ីនព្យាបាលដោយកាំរស្មី ឬតាមបែបវិទ្យុសាស្រ្ត (Radiotherapy Machine) ដែលនឹងជាម៉ាស៊ីនទីពីរដែលមានវត្តមាននៅប្រទេសយើង កំពុងត្រូវបាននាំយកមកពីសហរដ្ឋអាមេរិច។ យ៉ាងណាមិញ បុគ្គលិកពាក់ព័ន្ធដែលនឹងត្រូវមានមុខងារយ៉ាងសំខាន់ក្នុងមជ្ឈមណ្ឌលថ្មីនេះ ក៏កំពុងតែមមាញឹកផងដែរក្នុងការត្រៀមខ្លួនបំពេញតួនាទីរបស់ខ្លួន។

សម្រាប់ប្រទេសកម្ពុជាយើង ដែលជាប្រទេសមួយកំពុងអភិវឌ្ឍ មហារីក ជាជំងឺមួយដែលជាមូលហេតុចម្បងមួយនៃមរណភាពនៅក្នុងប្រទេស ដោយឃើញមានប្រមាណ១៥,០០០ករណីនៃជំងឺមហារីកក្នុងមួយឆ្នាំ ក្នុងចំណោមប្រជាជាន១៥លាននាក់។ ៩០% នៃអ្នកជំងឺត្រូវការការព្យាបាលដោយកាំរស្មី ប៉ុន្តែម៉ាស៊ីនតែមួយដែលមាននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានលទ្ធភាពព្យាបាលអ្នកជំងឺបានតែ៥០០នាក់ប៉ុណ្ណោះ។ ក្នុងនោះ ក៏មានអ្នកជំងឺប្រមាណតែ១,៥០០នាក់ ដែលមានលទ្ធភាពទទួលសេវាព្យាបាលនៅប្រទេសជិតខាង។

យោងតាមគម្រោងរបស់លោកវេជ្ជបណ្ឌិត អ៊ាវ សុខា គឺមជ្ឈមណ្ឌលនឹងចាប់ផ្តើមដំណើរការជាមួយនឹងម៉ាស៊ីនព្យាបាលដោយកាំរស្មីមួយសិន ដោយគ្រោងនឹងបន្ថែម២ទៀតនៅឆ្នាំបន្ទាប់។ ដល់ឆ្នាំ២០២៥ មជ្ឈមណ្ឌលថ្នាក់តំបន់ផ្នែកជំងឺមហារីកចំនួនពីរ (១នៅភាគខាងជើង និង១ទៀតនៅភាគខាងលិចនៃប្រទេស) នឹងបើកដំណើការដោយមានម៉ាស៊ីនព្យាបាលរៀងខ្លួន និង ដោយគ្រឿងបរិក្ខារវេជ្ជសាស្រ្តដែលប្រើសារធាតុវិទ្យុសកម្មដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ (nuclear medicine facilities) ដែលអាចនឹងជួយដល់៧០%នៃប្រជាជនសរុប។ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមថា «ទោះបីជាមិនទាន់អាចគ្របដណ្តប់បានទាំងស្រុង តែយ៉ាងហោចណាស់ក៏មានលក្ខណៈល្អប្រសើរច្រើនជាងអ្វីដែលយើងមានរាល់ថ្ងៃនេះ»

ការធ្វើរោគវិនិច្ឆ័យជំងឺមហារីក
គម្រោងក៏មានផងដែរនូវការតំឡើងម៉ាស៊ីនPET-CT និង cyclotron ជាម៉ាស៊ីនដែលប្រើអាតូមនៃវិទ្យុសកម្មដើម្បីផ្ដិតយករូបភាពវេជ្ជសាស្ត្រ ឬស្រាវជ្រាវសភាពជំងឺ សម្រាប់ការផលិតកម្មនៃradiopharmaceutical។ ធនធានមនុស្សជាធនធានដ៏សំខាន់ផងដែរសម្រាប់គម្រោងការដ៏ធំមួយនេះ ដោយពាក់កណ្តាលនៃបុគ្គលិកគោលទាំងអស់បានឆ្លងកាត់វគ្គហាត់ការ និងហ្វឹកហាត់នៅក្នុងមន្ទីរពេទ្យផ្សេងៗក្នុងតំបន់ និងនៅអឺរ៉ុប ជាមួយនឹងInternational Atomic Energy Agency (IAEA) ដោយបានទទួលទាំងការហ្វឹកហាត់បច្ចេកទេស និងយុទ្ធសាស្រ្តក្នុងការធ្វើការងារជាមួយនឹងអ្នកជំងឺ។

គួរបញ្ជាក់ផងដែរថា នៅពីក្រោយគម្រោងនេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយទឹកប្រាក់ជាង៣៦លានដុល្លា ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ រីឯជំនួយក្នុងការសហការសរុបពីIAEAវិញ គឺប្រមាណ១.២លានអ៊ឺរ៉ូ។

ការបង្ការជំងឺមហារីក
អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តម ឈាង រ៉ា មានប្រសាសន៍ថា «ប្រសិនបើមានរឿងមួយដែលខ្ញុំអាចធ្វើបាន ដើម្បីផ្លាស់ប្តូរទាក់ទិននឹងជំងឺមហារីកនោះ គឺការធ្វើរោគវិនិច្ឆ័យ» ព្រោះថាជាង៧០%នៃអ្នកជំងឺមហារីកដេលមកដល់មន្ទីរពេទ្យ គឺស្ថិតនៅដំណាក់កាលចុងក្រោយ ដែលមានសង្ឃឹមតិចក្នុងការព្យាបាលទៅហើយ ហើយវត្តមាននៃមជ្ឈមណ្ឌលប្រាកដជាអាចសម្រួលដល់បញ្ហានេះបាន។

ជាមួយនឹងកិច្ចសហការអន្តរជាតិ ក្នុងនោះមានជាមួយនឹងIAEA លោកវេជ្ជបណ្ឌិត អ៊ាវ សុខា សង្ឃឹមថាលោកនឹងអាចតបស្នងទៅលើអ្វីដែលបានទទួលកន្លងមក តាមរយៈការគាំទ្រនូវការហ្វឹកហាត់ផ្សេងៗសម្រាប់ប្រទេសដទៃ។

នេះជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់វិស័យសុខាភិបាល ផ្នែកជំងឺមហារីកនៅក្នុងប្រទេសកម្ពុជាយើង…ហើយប្រាកដណាស់ ជាដំណឹងល្អសម្រាប់ប្រជាជាតិយើង!!!

ប្រភព ៖ IAEA 

 

Leave a Reply

Your email address will not be published. Required fields are marked *