មក​ស្គាល់​​ឧបករណ៍​សម្រាប់​ចារ​ស្លឹក​រឹត «ដែក​ចារ​​»

«ស្លឹក​រឹត​​» គម្ពីរនេះកើតមាននៅប្រទេសកម្ពុជា អស់កាលយូរលង់ហើយ ។ តាំងពីមាន​ព្រះពុទ្ធសាសនា ផ្សាយចូលមកដល់ប្រទេសកម្ពុជាកាលណា គេឃើញមានគម្ពីរស្លឹករឹត តាំង​ពីពេលនោះមក ។ ក្នុងសម័យដើមព្រះ ពុទ្ធវចនៈ ទាំងព្រះវិន័យ ព្រះអភិធម្ម ទាំង​បាលី សម្រាយក្ដី ក្បួនហោរាស្ត្រ តម្រា សម្រាប់ទស្សន៍ទាយក្ដី ច្បាប់ផ្សេង ៗ សម្រាប់​គ្រប់គ្រង​ប្រទេស មានច្បាប់ “ជ័យជេដ្ឋា” ជាដើម ក្ដី នៅក្នុងប្រទេសកម្ពុជា សុទ្ធតែគេ​ចារ​ចុះ​លើស្លឹករឹត ឬក្រាំងទាំងអស់ ដោយគេនិយមថាជាថាវរវត្ថុជាប់រឹងមាំ តម្កល់ទុក​បាន​​យូរអង្វែង ។ មុននឹងចារ ត្រូវមានឧបករណ៍ ៣ គឺ ៖
១- ឈើទ្រនាប់ ឈើទ្រនាប់សំប៉ែតប្រវែង ៣០ សង់ទីម៉ែត្រ បន្ទារប៉ុនស្លឹករឹត ឈូស​ឱ្យ​ស្អាត យកសាច់សំពត់ដេរស្រោបពីក្រៅ ដើម្បីចារទៅទន់ផងទប់កុំឱ្យរអិលផង ។

២- ស្នាប់ដៃ ស្នាប់ ដៃធ្វើដោយស្លឹករឹត ១ សន្លឹក រង្វង់ប៉ុនឈើទ្រនាប់សម្រាប់​ស្រោប​ពីលើ​​ឈើទ្រនាប់ រួចច្រកស្លឹករឹតចូលក្នុងស្នាប់ដៃ ដើម្បីចារទៅកុំឱ្យរអិល ។

៣- ដែកចារ ដែលចារដងឈើមូល ស្រួចដើមស្រួចចុង គេបង្កប់ដែកទាំងពីរខាង សំលៀង​នឹងថ្មឱ្យមូល – មុត ។ (គេច្រើនយកម្ជុលដេរយន្តខាងគល់ ពីព្រោះ វារឹងមុតស្អាតល្អ) ។

ស្លឹក​រឹត ដែល​ចារ​រួច​!​

ដែកចារ ៖ ដែកចារគឺជាឧបកេណ៏មួយសំរាប់សរសេរលើសាស្រ្តាស្លឹករឹត ។ ស្លឹករឺត​ត្រូវ​បាន​គេផលិតចេញពី​ស្លឹកទ្រាំង ដោយគេជ្រើសយកកំពូលរបស់វាដែលមិនទាន់រីក​បែក យកមកស្ងោដើម្បីអាចទុកបានយូរ បន្ទាប់មកទើបគេយកទៅហាលឲ្យ​ស្ងួត​រួច​កាត់​ស្លឹក​នោះ​​តាមទំហ៊ំដែលគេចង់បាន ។ បន្ទាប់មកទើបគេចាប់ផ្តើមចារសរសេរលើ​សន្លឹក​នោះ ដែក​ដែលយកមកសរសេរនោះគេហៅថាដែកចារ ព្រោះវា​ចាក់​មុត​ទៅ​លើ​​ស្លឺក​​​រឺត តាម​ចំណារ​ដែលគេសរសរ ក្រោយសរសេររួចទើបគេយកម្រក័្ស​លាយប្រេង ជូត​ពីលើ​សន្លឹក​ដែល​សរសេរហើយនោះ វាក៏ដិតចេញជាតួអក្សរតែម្តង ។ ពីបុរាណ ខ្មែរ​យើង​មិន​មាន​ក្រដាស​សំរាប់សរសេរចងក្រងក្បួនច្បាប់នោះទេ លោកប្រើស្លឹករឹតនេះ​សំរាប់​សរសេរ​ចងក្រង​ក្បួនច្បាប់ រួមទាំងច្បាប់ទូន្មាន រឿងព្រេងផ្សេងៗ ៕

ដែក​ចារ​

 

Leave a Reply

Your email address will not be published. Required fields are marked *