ជីវិត​ជោគ​ជ័យ របស់​ម្ចាស់​ពានរង្វាន់សហគ្រិន​ស្ត្រី​វ័យ​ក្មេង​ដ៏​ឆ្នើម​ប្រចាំ​ឆ្នាំ​ ​២០១៧​

ជា​កូន​ស្រី​កំព្រា​ឪពុក​ ​លោក​ស្រី​ ​ឃី​ ​មុនី​ ​សុខ​ចិត្ត​ចាក​ចេញ​ពី​គ្រួសារ​ មក​បន្តការសិក្សា​ និង​ស្វែង​រក​ការងារ​នៅ​ភ្នំពេញ​ ​ក្រោយ​បញ្ចប់​ថ្នាក់​វិទ្យាល័យ​។ ​ការ​ចាក​ចេញ​នោះ​ដោយ​សារ​ ​ចង់រំដោះខ្លួនចេញពីបន្ទុកចំណាយគ្រួសារ ដើម្បីសម្រាលការលំបាក​របស់ម្ដាយ​ ដែល​ដើរ​តួ​ជា​ម្ដាយ​ផង​ ​ឪពុក​ផង​ ​រួម​ទាំង​រ៉ាប់​រង​បន្ទុក​កូនៗ​ជា​ច្រើន​នាក់​។ ​ភាព​ក្រីក្រ​បាន​ក្លាយ​ជា​កម្លាំង​ចិត្ត​ដ៏​រឹង​មាំ​ ​រហូត​ទទួលពានរង្វាន់សហគ្រិន​ស្ត្រី​វ័យ​ក្មេង​ដ៏​ឆ្នើម​ប្រចាំ​ឆ្នាំ​ ​២០១៧​ កាលពីពេលថ្មីៗនេះ។

 

​ចង់​ដឹង​ថា​ ​រឿង​រ៉ាវ​ពី​ក្រោយ​ភាព​ជោគ​ជ័យ​របស់​សហគ្រិន​រូប​នេះ​ បែប​ណា​នោះ​ សូម​អាន​ប្រវត្តិ​សង្ខេប​ខ្លះ​ដូច​ខាង​ក្រោម​នេះ​៖

​ជីវិត​ក្រោយ​បែក​ម្ដាយ​លើក​ដំបូង​

លោក​ស្រី​ ​ឃី ​មុនី ​ជា​អ្នក​ខេត្ត​កំពង់ចាម​ ​ដែល​មាន​បង​ប្អូន​ចំនួន​ ​៧នាក់​ ​និង​ជា​កូន​ស្រី​ពៅ​ មាន​តែ​ម្ដាយ​ជា​មេ​គ្រួសារ​។ ​បន្ទាប់​ពី​លោក​ស្រី​ប្រឡង​ជាប់​បាក់​ឌុប​ ​ ក៏​សម្រេច​ចាក​ចេញ​ពី​ស្រុក​កំណើត​ ​មក​បន្ត​ការ​សិក្សា​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ ​នៅ​រាជ​ធានី​ភ្នំពេញ​ ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ ​លោក​ស្រី​រៀប​រាប់​ថា ​៖ “ពេល​នោះ​ជា​លើក​ដំបូង​ដែល​ត្រូវ​បែក​ពី​ម្ដាយ​ អារម្មណ៍​ពិត​ជា​ពិបាក​”។ ​លោក​ស្រី​ថា​ អ្វី​ដែល​លោក​ស្រី​ប្រាប់​ខ្លួន​ឯង​ឲ្យ​ប្រឹង​បន្ត​ឡើង​នោះ​ ​គឺ​ដោយ​សារ​ភាព​ក្រីក្រ​ ​បាន​ជំរុញ​ទឹក​ចិត្ត​លោក​ស្រី​ត្រូវ​តែ​តស៊ូ​សម្រេច​គោលដៅ​ឲ្យ​បាន​។

​នឿយ​មុន​ ស្រណុក​ក្រោយ​

​ចូល​ដល់​ឆ្នាំ​ទី២ភា្លម ​លោក​ស្រី​ទទួល​បាន​ការងារ​ដំបូង​ផ្នែក​រដ្ឋបាល ​ជា​ការងារ​ហាត់ការ​ ឬហៅ​ថា​ Internship ​រយៈពេល​ ០៦ខែ ​លោក​ស្រី​ទទួល​បាន​ប្រាក់​ឈ្នួល​៥០​ដុល្លារ​ក្នុង​១ខែ ​ត្រឹម​បង្គ្រប់​ថ្លៃសាំង​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​លោក​ស្រី​ពេញចិត្ត​នឹង​ធ្វើ​ ​ព្រោះ​ជា​កន្លែង​ដែល​លោក​ស្រី​បានរៀនសូត្រ​ពី​មនុស្ស​ជំនាញ​ជា​ច្រើន​ និង​អនុវត្ត​ជាក់​ស្តែង​ ធ្វើ​ឲ្យ​លោក​ស្រី​លែង​ខ្លាច​ និង​បាន​ស្គាល់​ពី​សង្គម​កាន់​តែ​ច្បាស់​។ ទន្ទឹម​នឹង​ការងារ​​លំបាក​ៗ​ជា​ច្រើន​ ​បាន​ចូល​ក្នុង​ជីវិត​ស្ត្រី​វ័យ​ក្មេង​រូបនេះ​ ​បាន​ប្រាប់​ខ្លួន​ឯង​នូវ​ពាក្យ​ចាស់​បុរាណ​តែង​ពោល​ថា​ ” ​ស៊ូ​នឿយ​មុន​ស្រណុក​ក្រោយ​” ​ហេតុ​ដូច្នេះ​ លោក​ស្រី​មិន​ដែល​ទុក​ខ្លួន​ឲ្យ​ទំនេរ​ឡើយ​។

កម្រៃជើងសា​​ ជាដើម​ទុន​ដំបូង​​

ការងារ និងជីវិត​ឯកជន​ត្រូវ​បាន​ផ្លាស់​ប្ដូរ ក្រោយ​ពី​បញ្ចប់​ការងារ​ហាត់​ការ​ លោកស្រីបានធ្វើ​ការ​ជា​គណនេយ្យ​ក្នុង​ក្រុមហ៊ុន​អចលទ្រព្យ​មួយ​ និង​ឆ្លៀត​ពេល​រក​ម៉ូយ​ជួយ​ជា​លក់​ផ្ទះ​ឲ្យ​គេ​បន្ថែម។ លក់ផ្ទះដំបូងលោកស្រី រក​ប្រាក់​បាន​ ៣​ពាន់​ដុល្លារ​ ជា​កម្រៃ​ជើង​សា (Commission) ​រួច​ក៏​មានបែក​គំនិត​រកស៊ី​នាំចូល​សំបក​កៅស៊ូម៉ូតូ។ អាជីព​​ជា​ពេល​វេលា​មួយ​ដែល​លោក​ស្រី​ភ័យ​ខ្លាច​ ​តែ​ដោយ​មាន​ចំណេះ​ដឹង​ភាព​ជា​សហគ្រិន​ គឺ​ត្រូវ​តែ​ហ៊ាន​ប្រថុយ​។

​មក​ដល់​ឆ្នាំ​ ២០១១ ​លោក​ស្រី​ ​បាន​ងាក​មក​ចាប់​របរ​រកស៊ី​ស្រូវ​អង្ករ​មាន​ឈ្មោះ​ថា Amru Rice និង​ ឆ្នាំ ២០១៣ ដឹកនាំកសិករ ផលិត​អង្ករ​សរីរាង្គ​របស់​ខ្មែរ​​នាំ​ចេញ​ទៅ​ក្រៅ​ជាង​ ​៤០​ប្រទេស​ និង​ជួយ​កសិករ​ខ្មែរ​ប្រមាណ​ ៥​ពាន់​គ្រួសារ​ ប្ដូរ​មក​ធ្វើ​ស្រូវបែប​សរីរាង្គ​ទល់​បច្ចុប្បន្ន៕

ប្រភព​៖ news.sabay.com.kh

Leave a Reply

Your email address will not be published. Required fields are marked *