គោលការណ៍​​ដឹកនាំ​ប្រទេស​របស់ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី ៧​

ហេតុអ្វីព្រះបាទជ័យវរ្ម័នទី៧ លោកអាចគ្រប់គ្រងចក្រភពខ្មែរដ៏ធំធេងបាន ? នេះក៏ដោយសារព្រះអង្គមានទស្សនៈដឹកនាំច្បាស់លាស់ ដែលធ្វើអោយប្រទេស​ព្រះអង្គ​រុងរឿង​ថ្កុងថ្កើង ។ តើ​ទស្សនៈ​នៃ​ការ​ដឹក​នាំ​របស់​​ព្រះ​មហាក្សត្រ​អង្គ​នោះ​​មាន​អ្វី​ខ្លះ​នោះ​ យើង​​​សូមធ្វើការបកស្រាយដូចតទៅ ៖


១-ទឹកអម្រែក ៖ អ្នកដឹកនាំត្រូវឈរលើយុត្តិធម៌មិនលំអៀង ស្មើភាពគ្នាចំពោះច្បាប់ គ្មានបែង​ចែក​ឋានៈខ្ពស់ទាប។ (ទឹកដែលយើងរែក គឺស្ថិតក្នុងបន្ទាត់រាបស្មើជានិច្ចទោះ​ជាយើងឡើងទួល ចុះទំនាបក៏ទឹកនៅរក្សាបន្ទាត់រាបស្មើដែរ )។

២-ភ្នែកខ្លែង ៖ អ្នកដឹកនាំត្រូវចេះមើលអោយបានឆ្ងាយដើម្បីបានដឹងពីស្ថានការណ៏​ពិត​នៅ​ខាងក្រោម មិនត្រូវស្តាប់តែមនុស្សជុំវិញខ្លួនរាយការណ៏នោះឡើយ (ខ្លែងជាសត្វ​មាន​​ភ្នែកមុតដែលវាអាចមើលឃើញចំណីវារាប់រយម៉ែត្រលើដី បើទោះវាហោះហើរលើ​អាកាស​ដ៏ខ្ពស់ក្តី )។

៣-ស្ញែងរាជសី ៖ ធ្វើជាអ្នកដឺកនាំត្រូវហ៊ានសំរេចចិត្ត មិនត្រូវចុះញ៉មឧបសគ្គ ។ ( រាជ​សី​ហ៍​​ជាស្តេចម្រឹគទាំងពួង បើរាជសីដើរឆ្ពោះទៅធ្វើអ្វីគឺមិនរាថយឡើយ )។

៤-សំដីឥសូរ ៖ ត្រូវប្រកាន់ពាក្យសច្ចៈ បើសន្យាត្រូវធ្វើអោយបាន កុំនិយាយចោល ។ (ឥសូរជាអាទិទេពធំជាងគេក្នុងព្រហ្មមញ្ញសាសនា ហេតុនេះសំដីព្រះអង្គជាសំដីទិព្វ មិននិយាយចោលនោះឡើយ) ។

៥-ថ្ងូរព្រះឥន្ទ ៖ អ្នកដឹកនាំត្រូវយកចិត្តទុកដាក់ពីសុខទុក្ខរាស្រ្តប្រជាដូចពាក្យស្លោកថា «ទុក្ខរបស់​រាស្រ្តជាទុក្ខរបស់ព្រះមហាក្សត្រ» ។(ព្រះឥន្ទជាស្តេចនៃទេវតា ព្រះអង្គតែង​ប្រមើល​មើលពីសុខទុក្ខមនុស្សលោកទាំងពួង ថ្ងូរគឺជាពាក្យត្អូញត្អែរ​ពីកង្វល់​របស់​ទ្រង់​ចំពោះ​​រាស្រ្តប្រជាដែលកំពុងរងទុក្ខលំបាក) ។

៦-សុបិនសួគ៌ ៖ ត្រូវប៉ងប្រាថ្នាធ្វើយ៉ាងណាអោយស្រុកទេសសំបូរសប្បាយ រីកចំរើន​ដូច​ស្ថានសួគ៌​​។ (ការពណ៌នាក្នុងរឿងទេវកថា ស្ថានសួគ៌ជាស្ថានទេពសំបូរសប្បាយដែល​មនុស្ស​​ទាំងពួងប៉ងប្រាថ្នា )

៧-ខួរទន្សាយ ៖ មានភាពឆ្លាតវៃ ចេះដោះបញ្ហាតាមកាលៈទេសៈមិនងាប់ក្រឡា ។ (ក្នុងរឿងនិទានខ្មែរទន្សាយជាសត្វមានប្រាជ្ញា ដែលមិនត្រឹមតែអាចដោះបញ្ហា​ផ្ទាល់​ខ្លួន​នោះ​ទេ ថែមទាំងអាចជួយដោះបញ្ហាអោយអ្នកដ៏ទៃទៀតផង) ។

៨-សប្បាយស្រម៉ោច ៖ ចេះធ្វើអោយប្រជារាស្រ្តតូចតាចសាមគ្គីគ្នា រស់នៅសំបូរ​សប្បាយ​ក្នុងជីភាពប្រចាំថ្ងៃ។ (ស្រម៉ោចជាសត្វល្អិត ដែលគេប្រដូចជារាស្រ្តតូចតាច ស្រម៉ោច​ធ្វើការងារដោយកម្លាំងសាមគ្គីគ្នា ) ។ ការបកស្រាយរបស់ខ្ញុំ​នេះ​មិន​គ្រប់​ជ្រុងជ្រោយទាំងស្រុងនោះទេ គ្រាន់តែជួយជាគន្លឹះដល់ក្មួយៗសំរាប់ការត្រៀមប្រលង ប៉ុណ្ណោះ បើអស់លោក រៀមច្បងណាយល់ថាការបកស្រាយនេះមិនគ្រប់គ្រាន់ សូមមេត្តជួយបំពេញបន្ថែម៕

ប្រភព​​៖ Tara Om

Leave a Reply

Your email address will not be published. Required fields are marked *