ក្រសួង​ព័ត៌មាន គ្រោង​នឹង​បញ្ឈប់ មិន​ឲ្យ​មានការ​ចាក់ផ្សាយ​ស្ព័ត​ពាណិជ្ជកម្ម​បរទេស​លើ​កញ្ចក់​ទូរទស្សន៍​

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន គ្រោង​នឹង​បញ្ឈប់ មិន​ឲ្យ​មានការ​ចាក់ផ្សាយ​ស្ព័ត​ពាណិជ្ជកម្ម​បរទេស​លើ​កញ្ចក់​ទូរទស្សន៍​នៅ​ឆ្នាំក្រោយ ដើម្បី​ជំរុញ​ឲ្យ​មាន​ការចាក់ ផ្សាយ​ស្ព័ត​ពាណិជ្ជកម្ម​ក្នុងស្រុក ឲ្យ​បាន​កាន់តែច្រើន​។​​ថ្លែង​ក្នុង​កម្មវិធី​បិទ មហោស្រព​ភាពយន្ដ​ខ្លី​ចតុមុខ ឆ្នាំ​២០១៧ នា​យប់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ លោក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ឲ្យ​ដឹងថា «​យើង​នឹង​ព្យាយាម​កាត់បន្ថយ​ការចាក់ផ្សាយ​ស្ព័ត​ពាណិជ្ជកម្ម​បរទេស ដើម្បី​យក​ស្ព័ត​ពាណិជ្ជកម្ម​ខ្មែរ​ទាំងអស់​ដាក់ជំនួស​វិញ ព្រោះថា​យើង​មាន​ទាំង​អ្នកនិពន្ធ សិល្បករ អ្នក​កាត់ត​ទាំងអស់​នឹង​គ្រប់គ្រាន់​។ ឥឡូវនេះ​យើង​នឹង​កំពុង តែ​ជំរុញ​ឲ្យ​មានការ​ទទួលយក​កុន​ខ្លី​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរ​ទស្ស​ថែម​ទៀតផង​»​។​

​លោក​រដ្ឋមន្ត្រី​បន្ដទៀតថា បច្ចុប្បន្ននេះ​ក្រសួង​កំពុង​រៀបចំ​ម៉ោង​មាស (៧​ដល់​៩​យប់​) មិន​ឲ្យ​ដាក់​បញ្ចាំង​កុន​បរទេស មានន័យថា ម៉ោង​មាស​នេះ​នឹង​អនុញ្ញាត​ឲ្យ​ផ្សាយ​ជា​កុន ឬ​ស្ព័ត​ពាណិជ្ជកម្ម​នានា​របស់​ខ្មែរ ឬ​ជា​របស់​ដែល​បាន​ផលិត ក្នុងស្រុក​តែប៉ុណ្ណោះ​។​​ជាមួយគ្នា​នោះដែរ ផលិតករ Studio4 និង​ជា​អតីត​ក្រុមការងារ​ផលិត (Film Crew) រឿង «​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» លោក ទូច យី​ម​មុន្នី បាន​លើកឡើងថា​៖ «​នេះ​ជា​រឿង​ល្អ​ដែល​រដ្ឋាភិបាល​ផ្តើមគំនិត​ដ៏​ល្អ​បែបនេះ វា​មិន​ត្រឹមតែ​ជួយ​ឲ្យ​ផលិតករ និង Talents (​សិល្បករ​) មានឱកាស​ច្រើន​ដើម្បី​បង្ហាញ​សមត្ថភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​បទពិសោធន៍​ថែមទៀត​»​។​

​បើតាម​ការអង្កេត​ឃើញ​របស់លោក បច្ចុប្បន្ន​ផលិតករ​ខ្មែរ​ក៏មាន​សមត្ថភាព ព្រមជាមួយ​បច្ចេកទេស​កាន់តែ​ប្រសើរ ហើយ​សិល្បករ​ខ្មែរ​ក៏មាន​សមត្ថភាព​ខ្ពស់ៗ​ផងដែរ​។ បន្ថែម​ពីនេះ​លោក​ថា​៖ «​យើង​ក៏ត្រូវ​រៀនសូត្រ​បន្ថែម​លើ​ការផលិត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ល្អ​ជាង​បណ្តា​ប្រទេសជិតខាង​យើង ដូចជា​ថៃ ឬ​ម៉ាឡេស៊ី​ជាដើម ហើយ​ខាង​ក្រុមហ៊ុន ក៏​គួរ​រួមសហការ​ជ្រើសរើស​ផលិតករ​ខ្មែរ និង Talents ខ្មែរ​យើង​ផងដែរ​»​។​

​សម្រាប់​លោក ជុំ សុភា ផលិតករ ដែល​ធ្លាប់មាន​បទពិសោធន៍ ថត​ស្ប៉ត​ពាណិជ្ជកម្ម​ដែលមាន​ការចូលរួម​ពី​បរទេស ក្នុងតម្លៃ​ចាប់ពី ១​ម៉ឺន​ដុល្លារ​កន្លះ រហូតដល់ ៦​ម៉ឺន​ដុល្លារ ក៏​សាទរ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ព័ត៌មាន​ដែរ ប៉ុន្តែ​លោក​ពន្យល់ថា ដោយសារ​កម្ពុជា​គ្មាន​សាលា​បណ្តុះបណ្តាល​លើ​ការសម្តែង ឬ​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម ដូច​បរទេស ហេតុដូចនេះ​ផលិតផល​វីដេអូ​របស់​យើង នៅមានកម្រិត​ច្រើន ដែល​ក្រុមហ៊ុន​ភាគច្រើន​គ្មាន​ជម្រើស​ត្រូវតែ​យក​បរទេស​មក​ផលិត ឬ​សម្តែង​សម្រាប់​បង្ហាញ​ពី​ផលិតផល​របស់គេ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Kley Kley លោក ជុំ សុភា ផលិតករ​វ័យ ២៦​ឆ្នាំ​ដដែល​លើកឡើងថា​៖ «​បើ​យក​ល្អ​គួរតែ​កំណត់​ចំនួន​ការចូលរួម​របស់​បរ​ទេស ៣០% ខ្មែរ​៧០% វិញ ដើម្បី​យើង​មានឱកាស​រៀនសូត្រ ផ្លាស់ប្តូរ​បទពិសោធន៍​វិញ​ល្អ​ជាង​»​។

លោក​ថា ផលិតករ និង​តារា​សម្តែង​បរទេស ហេតុតែ​គេ​មានប្រៀប​ជាង​យើង ព្រោះ​គេ​មាន​សាលា​បណ្តុះបណ្តាល​ជំនាញ​សម្តែង និង​បច្ចេកទេស​ផលិត​ត្រឹមត្រូវ ហើយ​គេ​ក៏មាន​បទ ពិសោធន៍​ជាង​យើង​ដែរ ដូចនេះ​យើង​ជា​ផលិតករ ឬ​សិល្បករ​គួរតែ​រៀនសូត្រ​បន្ថែម​ពី​គេ ជាជាង​រុញ​គេ​ចេញ​ភ្លាមៗ​៕

 

ប្រភព​៖ dnt-news.com

Leave a Reply

Your email address will not be published. Required fields are marked *