ក្បួន​ចាយ​លុយ​ ដើម្បី​ក្លាយ​ជា​អ្នក​មាន​!

ហាសេដ្ឋីមានបំផុតនៅហុងកុង Li Ka-Shing ជាបុគ្គលមួយរូបដែលមានប្រវត្តិមក​ពីគ្រួសារក្រីក្រ និងកំព្រាឪពុកតាំងពីកុមារភាព ប៉ុន្តែអាចតស៊ូជម្នះភាពលំបាក​រហូតក្លាយ​ជាបុគ្គលជោគជ័យយ៉ាងខ្លាំងមួយរូបទាំងនៅអាស៊ី និងនៅជុំវិញ​ពិភពលោក។ លោក លី បានចែករំលែកនូវតិចនិកបែងចែក និងរបៀបប្រើប្រាស់​ហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាពដើម្បីអាចក្លាយជាអ្នកមាន។ ជាឧទាហរណ៍លោក​បានឧបមាថា បើអ្នកមានប្រាក់ខែឬចំណូល៣០០ដុល្លារក្នុង១ខែ អ្នកត្រូវបែងចែក​ជា​៥ចំណែកដូចខាងក្រោម៖

ចំណែកទី១៖ ៣០% (៩០ដុល្លារ) សម្រាប់ចំណាយហូបចុកប្រចាំថ្ងៃ

អ្នកត្រូវចំណាយជាមធ្យម ៣ដុល្លារក្នុងមួយថ្ងៃ ដោយអ្នកអាចញាំពងទាមួយគ្រាប់និងទឹកដោះគោមួយកែវសម្រាប់អាហារពេលព្រឹក ឬអាហារពេលព្រឹកណាដែលមិនសូវចំណាយច្រើននិងមានអត្ថប្រយោជន៍ចំពោះសុខភាព។ ជាងនេះទៅទៀត ចំពោះអាហារថ្ងៃត្រង់អ្នកអាចញាំអាហារដែលចម្អិនស្រាប់ និងផ្លែចេកមួយឬពីរផ្លែដើម្បីបង្កើនថាមពល។ សម្រាប់ពេលល្ងាចអ្នកអាចចម្អិនអាហារនៅផ្ទះដោយខ្លួនឯង ជាមួយនឹងទឹកដោះគោមួយកែវមុនពេលចូលគេង។

ចំណែកទី២៖ ២០% (៦០ដុល្លារ) សម្រាប់ចំណាយលើទំនាក់ទំនងសង្គម

លោក លី កាស៊ីង យល់ថាទំនាក់ទំនងមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការរស់នៅក្នុងសង្គម ជាពិសេសសម្រាប់អ្នកជំនួញ។ អ្នកគួរទុកប្រាក់មួយចំណែកសម្រាប់ប៉ាវអ្នកដទៃយ៉ាងតិចក៏បានមួយឬពីរដងដែរក្នុងមួយខែ ប៉ុន្តែក្នុងការចំណាយប៉ាវអ្នកដទៃអ្នកគួរជ្រើសរើសមនុស្សដែលមានចំណេះដឹង មានទ្រព្យជាងខ្លួន ឬមនុស្សដែលអាចជួយអ្នកក្នុងការរកស៊ីឬការងារបាន។

ចំណេកទី៣៖ ១៥% (៤៥ដុល្លារ) សម្រាប់ចំណាយលើការបង្កើនចំណេះដឹង

ការបង្កើនចំណេះដឹងគឺមានសារៈសំខាន់ណាស់សម្រាប់អ្នកជំនួញ ឬការងារផ្សេងៗ ដូចនេះអ្នកគួររក្សារទុក១៥ភាគរយនៃចំណូលរបស់អ្នក សម្រាប់បង្កើនចំណេះដឹងដូចជាទិញសៀវភៅអាន ចំណាយលើការចូលរួមវគ្គសិក្សាខ្លីៗ ឬសិក្ខាសិលាដែលនឹងមានប្រយោជន៍សម្រាប់មុខជំនួញ ឬការងារ។

ចំណែកទី៤៖ ១០% (៣០ដុល្លារ) សម្រាប់ចំណាយលើដំណើរទេសចរណ៍

អ្នកមិនអាចអង្គុយតែធ្វើការមួយខែទល់មួយខែ មួយឆ្នាំទល់មួយឆ្នាំបាននោះទេ ដូច្នេះហើយអ្នកគួរទុកចំណែកចំនួន១០ភាគរយ សម្រាប់ការដើរកម្សាន្តនិងកាត់ភាពស្ត្រេសក្នុងការងារឬមុខជំនួញកន្លងមក។ លើសពីនេះទៅទៀត អ្នកអាចដើរលេងទៅតំបន់ឬទីកន្លែងថ្មីៗដែលអ្នកមិនធ្លាប់បានទៅ បើអាចអ្នកគួរចេញទៅក្រៅប្រទេសយ៉ាងតិចក៏បាន១ដងដែរក្នុងមួយឆ្នាំ ដើម្បីមើលពិភពលោកខាងក្រៅ ដែលនឹងអាចឲ្យអ្នកមានគំនិតថ្មីៗ។

ចំណែកទី៥៖ ២៥% (៧៥ដុល្លារ) ទុកសន្សំសម្រាប់ធ្វើការវិនិយោគឬពង្រីកអាជីវកម្ម

ចុងបញ្ចប់ សម្រាប់ប្រាក់ដែលនៅសល់២៥ភាគរយ វាជាចំណែកដែលរក្សាទុកសម្រាប់ធ្វើការវិនិយោគ ឬសម្រាប់ពង្រីកទំហំអាជីវកម្មរបស់អ្នកបន្ថែម។ សម្រាប់អ្នកដែលចង់សន្សំទុកសម្រាប់ធ្វើការវិនិយោគ អ្នកគួររក្សាទុកក្នុងកុងធនាគារដែលមានរយៈពេលកំណត់ណាមួយដើម្បីទុកធ្វើការវិនិយោគឬបើកអាជីវកម្មនៅថ្ងៃណាមួយ។ ធ្វើដូច្នេះការពារដើម្បីកុំឲ្យអ្នកដកចាយវាយផ្តេសផ្តាស ឬចំណាយទៅលើរបស់ដែលមិនចាំបាច់៕

ប្រភព​៖ business-cambodia.com

Leave a Reply

Your email address will not be published. Required fields are marked *