កោះក្របី តំបន់ទេសចរណ៍​សម្រាប់​ភ្ញៀវ​លំដាប់​ខ្ពស់​! ​

«កោះ​ក្របី​» ជា​កោះ​តូច​មួយ​ ​ស្ថិត​នៅ​សមុទ្រ​រាម​ ​ខេត្ត​ព្រះ​សីហនុ​ ចម្ងាយប្រហែល ៧ គីឡូម៉ែត្រ ដែល​មាន​ទំហំ​ប្រមាណ​ ​១២​ ​ហិក​តា​ ​បច្ចុប្បន្ន​ ​ត្រូវ​បាន​អភិវឌ្ឍ​ប្រែ​ក្លាយ​កោះ​នេះ ​ទៅ​ជា​រមណីយ​ដ្ឋាន​ប្រណីត​ ដោយ​ក្រុមហ៊ុន​រុស្ស៊ី​ សម្រាប់​ភ្ញៀវ​លំដាប់​ខ្ពស់​។

លោក​ ឈឹម វុត្ថា ​ជំនួយ​ការ​នាយក​គ្រប់​គ្រង​នៃ​គម្រោង​រីសត​ ​កោះក្របី​ ​បាន​ប្រាប់​ Sabay​ថា​ ​កោះ​ក្របី​ ​ត្រូវ​បាន​ដំណើរ​ការ​សាង​សង់​ និង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ RPB Investment ​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​ ដើម្បី​អភិវឌ្ឍ​ជា​កោះ​ឯកជន​សម្រាប់​ភ្ញៀវ​លំដាប់​ខ្ពស់​ ​ហើយ​បច្ចុប្បន្ន​នេះ​បាន​សហ​ប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ ​SIX SENSES។

​លោក​បន្ត​ថា​ «​នៅក្នុង​គម្រោង​នេះ ​មាន​វីឡា​ចំនួន​ ​៤០​ ដោយ​វីឡា​នីមួយ​ៗ ​មាន​អាង​ហែល​ទឹក​១ , ហើយ​យើង​ក៏​មាន​ភោជនីយ​ដ្ឋាន​ ចំ​នួន​ ០២, ​មាន​កន្លែង​កម្សាន្ត​ និង​កន្លែង​ស្ប៉ា​ផងដែរ​»។

លោក​ វុត្ថា​ ​បញ្ជាក់​ប្រាប់​ថា ​អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​នៃ​រមណីយ​ដ្ឋាន​កោះ​ក្របី​នេះ​ គឺ​ការ​សាងសង់​ដែល​មិន​ប៉ះ​ពាល់​បរិស្ថាន​ ​ដោយ​រក្សា​ទុក​ដើម​ឈើឲ្យ​នៅ​ស្រស់​បំព្រង​ទាំងអស់​។ ​លោក​ប្រាប់​បន្ថែ​ម​ថា ​មក​ទល់​ពេល​នេះ​ ​គម្រោង​សង់​អគារ​ផ្សេង​ៗបាន​សម្រេច​រួចរាល់​ហើយ​ ​នៅសល់​តែ​ការ​រចនា​ពាក់​កណ្ដាល​សម្រេច​ (Intermediate Design) ​ដែល​រង់ចាំ​តែ​ការ​ជ្រើស​រើស​ រួច​យក​មក​ផ្គុំ​ជា​ការ​ស្រេច​។

យ៉ាង​ណា​មិញ​ ខាង​ក្រុម​ហ៊ុន​​ខាង​លើ​ ​សូម​មិន​បញ្ជាក់​ពាក់​ព័ន្ធ​ ​នឹង​ទំហំ​វិនិយោគ​និងតម្លៃ​ស្នាក់​នៅ​ តែលោក វុត្ថា​ ដែល​ជា​តំណាង​ក្រុមហ៊ុន​ ​បាន​បង្ហើប​ថា ​រមណីយដ្ឋាន​កោះ​ក្របី​នេះ​ ​នឹង​បើក​ដំណើរ​ការ​ដល់​ភ្ញៀវ​ជាតិ ​និង​អន្តរ​ជាតិ​ នៅ​ក្នុង​អំឡុង​ខែ​ មីនា​ ឆ្នាំ​ ២០១៨​៕

ប្រភព៖​news.sabay.com.kh

Leave a Reply

Your email address will not be published. Required fields are marked *