គម្រោង​​លំនៅ​ឋាន​ ធូរថ្លៃ នៅ​សង្កាត់​ទឹក​ថ្លា របស់​ក្រុម​ហ៊ុន​ Arakawa

ក្រុមហ៊ុនសាងសង់ ជប៉ុន Arakawa Co.Ltd, នឹងបោះទុនក្នុងទំហំទឹកប្រាក់​ប្រមាណ៧០លានដុល្លារអាមេរិក​សាងសង់​ផ្ទះតម្លៃ​សម្យរម្យ​នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ លើផ្ទៃដីប្រមាណ ១៣ ៦៨០ម៉ែត្រក្រឡា ។នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់។

នៅថ្ងៃទី៨ ខែវិឆ្ឆិកា ឆ្នាំ២០១៧ ខាងមុននេះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និងសំណង់ នឹងអញ្ជើញចូល​រួមជាអធិបតីក្នុងពិធីសម្ពោធ​បើកការដ្ឋានសាងសង់​លំនៅឋានតម្លៃសមរម្យ ។

លំនៅឋាននេះ នឹងត្រូវបានសាងសង់ឡើងជា២ដំណាក់កាលដោយដំណាក់កាលដំបូង ក្រុមហ៊ុន នឹងសាងសង់អគារស្នាក់នៅរួមចំនួន 10 អគារ ចែកជា ៥ប្លុក ដោយក្នុង១ប្លុក មាន២អគារ និងមានកម្ពស់ ពី១៩ ជាន់ ទៅ២៣ជាន់ មានបន្ទប់ស្នាក់នៅសរុបប្រមាណ ២ ០០០ បន្ទប់។

គួរជម្រាបផងដែរថា ក្រុមហ៊ុនជប៉ុន Arakawa គឺជាក្រុមហ៊ុនដែលបានទិញអគារប៊ូឌីញស ហើយគ្រោង ចំណាយទឹកប្រាក់ប្រមាណ ៨០លានដុល្លារអាមេរិក ដើម្បីសាងសង់អគារថ្មីមានកម្ពស់ ២១ ជាន់ ។

មេរៀនសំខាន់ៗ សម្រាប់អ្នករកសុីក្នុងវិស័យអចលនទ្រព្យ

វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាមានវិសាលភាពធំទូលាយ ហើយវាជាការជៀសមិនផុតសម្រាប់វិនិយោគិនក្នុងការធ្លាក់ចូលទៅក្នុងចំនុចគ្រោះថ្នាក់ ឬជួបបរាជ័យនៅពាក់កណ្ដាលផ្លូវនោះឡើយ។ ហើយខណៈពេលអ្នកមួយចំនួនបានជួបបញ្ហានេះអ្នកផ្សេងទៀតអាចគ្រាន់តែសង្ឃឹមថាវានឹងល្អប្រសើរ។ ប៉ុន្តែតើអ្វីដែលជាភាពខុសគ្នារវាងវិនិយោគិនជោគជ័យ និងវិនិយោគិនបរាជ័យ? ខណៈពេលដែលអ្នកមួយចំនួនចាត់ទុកសំណាងជាកត្តាសំខាន់តាមពិតនោះវាជាជំនាញ និងសមត្ថភាពរបស់វិនិយោគិនដើម្បីជៀសវាងការធ្វើឱ្យមានកំហុសឆ្គង។

នោះហើយជាមូលហេតុដែល Realestate.com.kh បានចងក្រងពីកំហុសឆ្គងរបស់អ្នកវិនិយោគក្នុងប្រទេសកម្ពុជា ដូច្នេះសូមលោកអ្នកស្វែងយល់អំពីចំណុចសំខាន់ៗមួយចំនួនដើម្បីជៀសវាងកំហុសឆ្គងទាំងនោះ!

១) មិនបានធ្វើការស្រាវជ្រាវគ្រប់គ្រាន់

អត្តពលិកដែលខ្លាំងនឹងត្រូវបានគេចងចាំនៅក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែអត្តពលិកក៏ត្រូវមានភាពឆ្លាតវៃផងដែរក្នុងការប្រកួតប្រជែង។ នៅក្នុងរបៀបដូចគ្នានេះផងដែរវិនិយោគិនជាមួយធនធានរឹងមាំអាចចាប់ផ្តើមដំណើរការដោយភាពរឹងមាំ ប៉ុន្តែភាពយូរអង្វែងបានមកពីការស្រាវជ្រាវបន្ថែម។

ត្រូវនិយាយថាអ្នកធ្វើឱ្យការវិនិយោគនៅក្នុងរាជធានីភ្នំពេញដោយសារតែអ្នកបានឃើញអាជីវកម្មលូតលាស់នៅទីនោះជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ពីរបីខែដំបូងការវិនិយោគរបស់អ្នកអាចដំណើរការបានយ៉ាងល្អ។ ប៉ុន្តែដោយសារតែអ្នកមិនបានសិក្សាពីបរិយាកាសវិនិយោគរបស់ប្រទេសកម្ពុជា និងការព្យាករពីអ្នកជំនាញ អ្នកប្រហែលជាមិនបានដឹងពីព័ត៌មានសំខាន់មួយដែលបានបញ្ជាក់ថាខេត្តព្រះសីហនុបានទាក់ទាញការចាប់អារម្មណ៍ច្រើនផងដែរ។ ហើយខណៈពេលដែលអ្នកទទួលបានជោគជ័យនៅក្នុងរាជធានីភ្នំពេញ ក្រុងព្រះសីហនុអាចត្រូវបានជាជម្រើសល្អប្រសើរសម្រាប់ប្រភេទការវិនិយោគរបស់អ្នកផងដែរ។

ក្នុងបទសម្ភាសមួយ លោក អ៊ិន សីហា នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន VTrust Appraisal លើកឡើងស្រដៀងនេះដែរ។ លោកថា “ពិតណាស់កំហុសឆ្គងដ៏សាមញ្ញបំផុតដែលអ្នកអភិវឌ្ឍន៍ អចលនទ្រព្យជួបប្រទះគឺនៅពេលដែលទីផ្សារកម្ពុជាផ្លាស់ប្តូរឆាប់រហ័សពេក។ មុនពេលការចាប់ផ្តើមគម្រោងណាមួយដែលការសិក្សាលទ្ធភាពដែលអាចជោគជ័យគឺសំខាន់ខ្លាំងណាស់។ ហើយពួកគេត្រូវទទួលយកអនុសាសន៍ពីភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈ។”

ធ្វើការអានដើម្បីស្វែងយល់មិនមែនជាការលំបាកនោះទេ ប៉ុន្តែប្រសិនបើអ្នកនៅតែមានការព្រួយបារម្ភមួយចំនួនជាការប្រសើរត្រូវជួបជាមួយអ្នកជំនាញក្នុងវិស័យនេះ។

២) មានភាពជឿជាក់ខ្លាំងពេក


និយាយពីអ្នកជំនាញអចលនទ្រព្យគឺមានច្រើននៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែដោយសារស្ថានភាពសេដ្ឋកិច្ច និងនយោបាយនៅកម្ពុជាស្ថិតនៅលើដំណាក់កាលនៃការវិវត្តន៍ដំបូង ទោះជាយ៉ាងណាក៏នៅតែមានអ្នកប្រកួតប្រជែងច្រើននៅទីនោះផងដែរ។ ប្រសិនបើមិនមានអ្នកប្រកួតប្រជែងទេនោះភ្នាក់ងារជំនាញក៏មិនមានចំណេះដឹងច្រើនអំពីទីផ្សារផងដែរ។ ដូច្នេះផ្នែកមួយនៃការធ្វើលំហាត់របស់អ្នកគឺជាការពិនិត្យមើលភាពដែលអាចជឿជាក់បាន និងកេរ្តិ៍ឈ្មោះរបស់មនុស្សដែលអ្នកនឹងធ្វើការជាមួយ។

កុំយល់ច្រលំដោយគ្រាន់តែអ្នកជំនាញមិនមានគេហទំព័រមិនមានន័យថាពួកគេជាអ្នកបោកប្រាស់នោះទេ។ ប៉ុន្តែគ្រាន់តែពួកគេមានគេហទំព័រក៏មិនមានន័យថាពួកគេមានជំនាញនោះដែរ។ ដូច្នេះជំនួសឱ្យការទៅរកភ្នាក់ងារឯករាជ្យ ឬទីភ្នាក់ងាររញ៉េរញ៉ៃ សូមព្យាយាមរកមើលស្ថាប័នណាដែលមានការទទួលស្គាល់តួយ៉ាង៖ សភាពាណិជ្ជកម្មអឺរ៉ុប សភាពាណិជ្ជកម្មអង់គ្លេស និងសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

ពួកគេទំនងជាមានទាំងព័ត៌មានដែលអ្នកត្រូវការ និងបណ្ដាញដែលអ្នកកំពុងស្វែង

៣) មិនបានរៀបចំផែនការហិរញ្ញវត្ថុ

នេះគឺជាកំហុសឆ្គងដ៏ធំបំផុតដែលវិនិយោគិនបង្កើតឡើងគ្រាន់តែអ្នកមានលុយសល់ច្រើននៅក្នុងគណនីធនាគាររបស់អ្នកបន្ទាប់ពីទិញអចលនទ្រព្យមិនមានន័យថាអ្វីគ្រប់យ៉ាងត្រូវបានបង់រួចរាល់ទាំងស្រុងនោះទេ។ ដូចនៅក្នុងបណ្តាប្រទេសផ្សេងទៀតដែរកម្ពុជាមានការបង់ពន្ធជាពិសេស និងបន្ទាប់មកអ្នកចំណាយលើការថែទាំ។ ការចំណាយទាំងនេះរួមបញ្ចូលទាំងពន្ធលើការផ្ទេរកម្មសិទ្ធិពន្ធអចលនទ្រព្យប្រចាំឆ្នាំ ពន្ធកាត់ទុក ថ្លៃចំណាយដូចជាការបង់ថ្លៃសេវាសាធារណៈសម្រាប់ការបង្កើតក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត។ ហើយកុំភ្លេចថ្លៃចំណាយលើថ្លៃទឹកភ្លើង និងសេវាធានារ៉ាប់រង និងមានជាច្រើនទៀត។

វិនិយោគិនមួយចំនួនគិតថាការចំណាយបញ្ចប់បន្ទាប់ពីការទិញអចលនទ្រព្យនេះតាមភាពជាក់ស្តែង ការចំណាយចាប់ផ្តើមមានជាប់ជានិច្ច។ នេះគឺជាមូលហេតុដែលផែនការថវិការត្រឹមត្រូវនឹងធ្វើឲ្យអ្នករឹងមាំនៅក្នុងទីផ្សារដោយសារអ្នកដឹងច្បាស់ពីប្រាក់ដែលអ្នកមាន ដឹងថានឹងត្រូវចំណាយលើអ្វីខ្លះ និងដឹងថាអ្នកអាចមានទទួលបានផលចំណេញប៉ុន្មាន។

ស្វែងយល់បន្ថែមអំពីថ្លៃដំណើរការពន្ធ និងការចំណាយផ្សេងទៀត មើល ការណែនាំពីកម្មសិទ្ធិកាន់កាប់ឥឡូវនេះ!

ដូចគ្នាទៅនឹងក្នុងស្ថានភាពផ្សេងទៀតបាននិយាយថាវាជាការពិត “គ្រាន់តែដោយសារតែអ្នកអាចមិនគិតថាអ្នកគួរតែធ្វើវា”។ ហើយថាតើការវិនិយោគចាប់ផ្តើមដោយរបៀបណា ការស្វែងយល់ពីហានិភ័យត្រូវមានការស្រាវជ្រាវត្រឹមត្រូវ ការយល់ដឹងទូលំទូលាយ និងស្វែងយល់ពីគុណសម្បត្តិជាមុនសិន។ បើគ្មានចំណុចទាំងនេះទេអ្នកនៅតែមានភាពមិនច្បាស់លាស់។ កំហុសឆ្គងទូទៅដោយអ្នកវិនិយោគអាចជាប្រយោជន៍ដល់អ្នក ប៉ុន្តែសូមចងចាំថាដើម្បីរក្សាឲ្យអ្នកអាចសម្របខ្លួនបានជាមួយអ្វីដែលថ្មី អ្នកត្រូវតែអភិវឌ្ឍន៍ខ្លួនឯងជានិច្ចផងដែរ។

ប្រភព៖ Realestate.com.kh

ក្រសួង​ព័ត៌មាន គ្រោង​នឹង​បញ្ឈប់ មិន​ឲ្យ​មានការ​ចាក់ផ្សាយ​ស្ព័ត​ពាណិជ្ជកម្ម​បរទេស​លើ​កញ្ចក់​ទូរទស្សន៍​

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន គ្រោង​នឹង​បញ្ឈប់ មិន​ឲ្យ​មានការ​ចាក់ផ្សាយ​ស្ព័ត​ពាណិជ្ជកម្ម​បរទេស​លើ​កញ្ចក់​ទូរទស្សន៍​នៅ​ឆ្នាំក្រោយ ដើម្បី​ជំរុញ​ឲ្យ​មាន​ការចាក់ ផ្សាយ​ស្ព័ត​ពាណិជ្ជកម្ម​ក្នុងស្រុក ឲ្យ​បាន​កាន់តែច្រើន​។​​ថ្លែង​ក្នុង​កម្មវិធី​បិទ មហោស្រព​ភាពយន្ដ​ខ្លី​ចតុមុខ ឆ្នាំ​២០១៧ នា​យប់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ លោក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ឲ្យ​ដឹងថា «​យើង​នឹង​ព្យាយាម​កាត់បន្ថយ​ការចាក់ផ្សាយ​ស្ព័ត​ពាណិជ្ជកម្ម​បរទេស ដើម្បី​យក​ស្ព័ត​ពាណិជ្ជកម្ម​ខ្មែរ​ទាំងអស់​ដាក់ជំនួស​វិញ ព្រោះថា​យើង​មាន​ទាំង​អ្នកនិពន្ធ សិល្បករ អ្នក​កាត់ត​ទាំងអស់​នឹង​គ្រប់គ្រាន់​។ ឥឡូវនេះ​យើង​នឹង​កំពុង តែ​ជំរុញ​ឲ្យ​មានការ​ទទួលយក​កុន​ខ្លី​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរ​ទស្ស​ថែម​ទៀតផង​»​។​

​លោក​រដ្ឋមន្ត្រី​បន្ដទៀតថា បច្ចុប្បន្ននេះ​ក្រសួង​កំពុង​រៀបចំ​ម៉ោង​មាស (៧​ដល់​៩​យប់​) មិន​ឲ្យ​ដាក់​បញ្ចាំង​កុន​បរទេស មានន័យថា ម៉ោង​មាស​នេះ​នឹង​អនុញ្ញាត​ឲ្យ​ផ្សាយ​ជា​កុន ឬ​ស្ព័ត​ពាណិជ្ជកម្ម​នានា​របស់​ខ្មែរ ឬ​ជា​របស់​ដែល​បាន​ផលិត ក្នុងស្រុក​តែប៉ុណ្ណោះ​។​​ជាមួយគ្នា​នោះដែរ ផលិតករ Studio4 និង​ជា​អតីត​ក្រុមការងារ​ផលិត (Film Crew) រឿង «​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» លោក ទូច យី​ម​មុន្នី បាន​លើកឡើងថា​៖ «​នេះ​ជា​រឿង​ល្អ​ដែល​រដ្ឋាភិបាល​ផ្តើមគំនិត​ដ៏​ល្អ​បែបនេះ វា​មិន​ត្រឹមតែ​ជួយ​ឲ្យ​ផលិតករ និង Talents (​សិល្បករ​) មានឱកាស​ច្រើន​ដើម្បី​បង្ហាញ​សមត្ថភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួលបាន​បទពិសោធន៍​ថែមទៀត​»​។​

​បើតាម​ការអង្កេត​ឃើញ​របស់លោក បច្ចុប្បន្ន​ផលិតករ​ខ្មែរ​ក៏មាន​សមត្ថភាព ព្រមជាមួយ​បច្ចេកទេស​កាន់តែ​ប្រសើរ ហើយ​សិល្បករ​ខ្មែរ​ក៏មាន​សមត្ថភាព​ខ្ពស់ៗ​ផងដែរ​។ បន្ថែម​ពីនេះ​លោក​ថា​៖ «​យើង​ក៏ត្រូវ​រៀនសូត្រ​បន្ថែម​លើ​ការផលិត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ល្អ​ជាង​បណ្តា​ប្រទេសជិតខាង​យើង ដូចជា​ថៃ ឬ​ម៉ាឡេស៊ី​ជាដើម ហើយ​ខាង​ក្រុមហ៊ុន ក៏​គួរ​រួមសហការ​ជ្រើសរើស​ផលិតករ​ខ្មែរ និង Talents ខ្មែរ​យើង​ផងដែរ​»​។​

​សម្រាប់​លោក ជុំ សុភា ផលិតករ ដែល​ធ្លាប់មាន​បទពិសោធន៍ ថត​ស្ប៉ត​ពាណិជ្ជកម្ម​ដែលមាន​ការចូលរួម​ពី​បរទេស ក្នុងតម្លៃ​ចាប់ពី ១​ម៉ឺន​ដុល្លារ​កន្លះ រហូតដល់ ៦​ម៉ឺន​ដុល្លារ ក៏​សាទរ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ព័ត៌មាន​ដែរ ប៉ុន្តែ​លោក​ពន្យល់ថា ដោយសារ​កម្ពុជា​គ្មាន​សាលា​បណ្តុះបណ្តាល​លើ​ការសម្តែង ឬ​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម ដូច​បរទេស ហេតុដូចនេះ​ផលិតផល​វីដេអូ​របស់​យើង នៅមានកម្រិត​ច្រើន ដែល​ក្រុមហ៊ុន​ភាគច្រើន​គ្មាន​ជម្រើស​ត្រូវតែ​យក​បរទេស​មក​ផលិត ឬ​សម្តែង​សម្រាប់​បង្ហាញ​ពី​ផលិតផល​របស់គេ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Kley Kley លោក ជុំ សុភា ផលិតករ​វ័យ ២៦​ឆ្នាំ​ដដែល​លើកឡើងថា​៖ «​បើ​យក​ល្អ​គួរតែ​កំណត់​ចំនួន​ការចូលរួម​របស់​បរ​ទេស ៣០% ខ្មែរ​៧០% វិញ ដើម្បី​យើង​មានឱកាស​រៀនសូត្រ ផ្លាស់ប្តូរ​បទពិសោធន៍​វិញ​ល្អ​ជាង​»​។

លោក​ថា ផលិតករ និង​តារា​សម្តែង​បរទេស ហេតុតែ​គេ​មានប្រៀប​ជាង​យើង ព្រោះ​គេ​មាន​សាលា​បណ្តុះបណ្តាល​ជំនាញ​សម្តែង និង​បច្ចេកទេស​ផលិត​ត្រឹមត្រូវ ហើយ​គេ​ក៏មាន​បទ ពិសោធន៍​ជាង​យើង​ដែរ ដូចនេះ​យើង​ជា​ផលិតករ ឬ​សិល្បករ​គួរតែ​រៀនសូត្រ​បន្ថែម​ពី​គេ ជាជាង​រុញ​គេ​ចេញ​ភ្លាមៗ​៕

 

ប្រភព​៖ dnt-news.com

សាលា​ក្រុង​បង្កើត លេខ​ពិសេសដោះស្រាយ​​ ចោរ​លួច​ ឆក់ ប្លន់​ លឿន​បំផុត​!​​

ប្រសិន​បើ​ប្រជាពលរដ្ឋ​ជួប​បាតុភាព​ណា​មួយ​បន្ទាន់​ភ្លាម​ៗ​ក្នុង​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការ​ទំនាក់​ទំនង​មក​កាន់​លេខ ១២៩៩ ដើម្បី​កង​កម្លាំង​មាន​សមត្ថកិច្ច​ចុះ​ធ្វើ​អន្តរាគមន៍ ២៤​ម៉ោង​លើ​២៤​ម៉ោង។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ការ​បង្កើត​លេខ​ពិសេស​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ឱ្យ​ទាន់​ពេល​វេលា​នូវ​បញ្ហា​ចាំបាច់​នានា ពិសេស​សម្រាប់​ទទួល​ព័ត៌មាន​ទាន់​ហេតុការណ៍ ដែល​កើត​ឡើង​បន្ទាន់​ៗ​ទាក់ទង​នឹង​អំពើ​ចោរកម្ម​ លួច​ ឆក់ ប្លន់ ជួញដូរ​គ្រឿង​ញៀន សណ្ដាប់​ធ្នាប់​ចរាចរណ៍ សណ្ដាប់​ធ្នាប់​សាធារណ បាតុភាព​នានា។ ដូច្នេះ​ប្រជាពលរដ្ឋ អាច​សំណូមពរ​ស្នើ​សុំ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ឫ​ជួយ​សង្គ្រោះ ព្រម​ទាំង​សុវត្ថិភាព​ក្នុង​រាជធានី​ភ្នំពេញ។

កាន់​តែ​ពិសេស​លេខ​ទូរសព្ទ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បង្កើត​ឡើង​នេះ គឺ​អាច​ហៅ​ចូល​គ្រប់​ប្រព័ន្ធ​ទូរសព្ទ​នៅ​ប្រទេស​កម្ពុជា ដោយ​មិនមាន​ការ​បង់​ប្រាក់​ឡើយ។ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ធ្វើ​ការ​ទាក់ទង​ជា​បន្ទាន់​ប្រសិន​បើ​ជួប​ហេតុការណ៍​ណាមួយ​ដូច​រៀបរាប់​ខាង​លើ ដើម្បី​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ ចុះ​ធ្វើ​អន្តរាគមន៍ ឫ​ជួយ​សង្គ្រោះ​ក្នុង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត៕

ប្រភព​៖ សាលាក្រុង​ភ្នំពេញ

ជយោ! ការ​ឆ្លង​ស្ពាន​កោះកុង មិន​ចាំបាច់​បង់​ប្រាក់​ទៀត​ឡើយ​!

តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការរបស់ សម្តេច​សេនាបតី​តេជោ ហ៊ុន សែន នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ រដ្ឋាភិបាល​​បាន​ប្រកាស​ទិញ​យក​ត្រលប់​មក​វិញ​នូវ​ស្ពាន​កោះកុង ដែល​មាន​ខ្លឹម​សារ ដូច​ខាង​ក្រោម​៖ « ដើម្បីសម្រួលដល់បងប្អូន ប្រជាពលរដ្ឋដែលធ្វើដំណើរ​​និយាយជារួម និងនិយាយដោយ​ឡែក បងប្អូន​ប្រជាពលរដ្ឋនៅខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំព្រះករុណាខ្ញុំបាន​សម្រេចទិញយក ​ត្រឡប់មកវិញ ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង​ទៅប្រទេសថៃដែល​វិនិ​យោគ​​ដោយក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បី​ឲ្យ​បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​ដោយ​​ពុំចាំបាច់បង់ថ្លៃ ចាប់ពី ម៉ោង ០០:០០ នាទី ថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក ។  ចំពោះកិច្ចការដែល​នៅសេសសល់ សូមឲក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង សេដ្ធកិច្ច និងហិរញ្ញវត្ថុ និងសាលាខេត្តកោះកុង ពិភាក្សាជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដោះស្រាយនៅពេលក្រោយ ។
​ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៏ពីការ សម្រេចនេះ ៕​ »

 

គម្រោងលំនៅដ្ឋានជួលលើកដំបូងនៅកម្ពុជា​ របស់​​Ascott ​

ក្រុមហ៊ុនសឹង្ហបុរី The Ascott Limited (Ascott) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CapitaLand Limited បានបើកសម្ពោធគម្រោងលំនៅដ្ឋានសម្រាប់ជួលរបស់ខ្លួនឈ្មោះថា CASA Meridian Residence ដែលស្ថិតនៅមជ្ឈមណ្ឌលលំនៅដ្ឋាន និងផ្សារលក់ទំនិញទីក្រុងកោះពេជ្រប្រទេសកម្ពុជា។

CASA Meridian Residence កម្ពស់៣៤ជាន់ មានលំនៅដ្ឋានចំនួន៧៥​ កន្លែងនៅជាន់លើរវាងជាន់ទី២២និង៣៤ ដែលមានមួយបន្ទប់គេង ពីរបន្ទប់គេង និងបីបន្ទប់គេង។ CASA Meridian Residence ក៏មានផ្សារលក់ទំនិញប្រណិត ការិយាល័យប្រភេទ Premium និងឧបការណ៍ហាត់ប្រាណផងដែរ។

លំនៅដ្ឋានជួលមួយនេះដែលនៅមិនឆ្ងាយប៉ុន្មានពីផ្សារទំនើប AEON សាលាអន្តរជាតិ មជ្ឈមណ្ឌលតាំងពិព័ណ៌ ស្ថានទូត ការិយាល័យទំនើប ផ្សាររាត្រីកុងទីន័រ និងមជ្ឈមណ្ឌលកំសាន្ត NAGA World ផ្ដល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរ និងជនបរទេស ដែលផ្ដល់តម្លៃលើជីវិតបែបស៊ីវីល័យ។

អ្នកស្រី Lew Yen Ping អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ Ascott នៅវៀតណាមដែលគ្រប់គ្រងលើការពង្រីកអាជីវកម្មនៅកម្ពុជា មីយ៉ាន់ម៉ា និងឡាវ មានប្រសាសន៍ថា Ascott បានកសាងកេរ្តិ៍ឈ្មោះលើការគ្រប់គ្រងលំនៅដ្ឋានជួលលំដាប់ថ្នាក់ពិភពលោករយៈពេល៣០ឆ្នាំមកហើយ។

អ្នកស្រី រំពឹងថានឹងមានតម្រូវការជាច្រើនសម្រាប់អចលនទ្រព្យដំបូងរបស់យើងនៅកម្ពុជាគឺលំនៅដ្ឋាន CASA Meridian Residence ពីព្រោះវាជាលំនៅដ្ឋានជួលលំដាប់ថ្នាក់អន្តរជាតិដំបូងគេនៅមជ្ឈមណ្ឌលសេដ្ឋកិច្ចក្រុងភ្នំពេញ។

ក្នុងការបើកសម្ពោធគម្រោង CASA Meridian Residence ក្រុមហ៊ុន Ascott ផ្ដល់ជូនតម្លៃជួលពិសេសដល់អតិថិជនរបស់ខ្លួនជាមួយនឹងតម្លៃចាប់ពី ១ ១៥០ ដុល្លារ ក្នុងមួយខែ ចាប់ពីឥឡូវនេះ រហូតដល់ខែធ្នូឆ្នាំ២០១៧៕

ប្រភព​៖ realestate.com.kh

ឱកាសការងារ នៅក្រសួងមហាផ្ទៃ

ក្រសួងមហាផ្ទៃសម្រេចបើកឲ្យមានការប្រឡងជ្រើសរើសសិស្ស–និស្សិត​បញ្ចូល​ក្នុង​ក្របខ័ណ្ឌមន្រ្តី​ពន្ធនា​គារក្រសួងមហាផ្ទៃចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ២០១៧​ដើម្បីចាត់ឲ្យ​ទៅបម្រើការងារ​នៅ​មណ្ឌល​អប់រំ​កែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ មណ្ឌលអប់រំកែប្រែទី៣ មណ្ឌលអប់រំកែប្រែទី៤ ពន្ធនាគារខេត្តកណ្តាល ពន្ធនាគារខេត្តកំពង់ចាម ពន្ធនាគារខេត្តបាត់ដំបង ពន្ធនាគារ​ខេត្តបន្ទាយ​មាន​ជ័យ នឹងពន្ធនាគារខេត្តសៀមរាប។

សម្រាប់​ពេល​វេលា​ទទួល​ពាក្យ​វិញ​គឺ​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ​ម៉ោង​៥​ល្ងាច ​៕

ផ្លូវក្រវ៉ាត់ក្រុងទី៣ កាត់ផ្លូវជាតិរហូត ៥ខ្សែ

លោក ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវក្រវ៉ាត់ក្រុងទី ៣

មានប្រវែង ៥២គីឡូម៉ែត្រ នឹងតភ្ជាប់ផ្លូវជាតិសំខាន់ៗ រវាងផ្លូវជាតិលេខ ៥ លេខ ៤ លេខ ៣ លេខ ២

និងលេខ ១។

ផ្លូវនេះ គ្រោងនឹងធ្វើឡើងពីបេតុងសសៃដែក ដែលក្នុងនោះ ៤៧គីឡូម៉ែត្រ ជាផ្លូវ ៤គន្លង ២ទៅ២មក

នឹងមានទទឹង ២៥ម៉ែត្រ។

រីឯ ៥គីឡូម៉ែត្រទៀត មាន ២គន្លង សម្រាប់ចូលទៅកាន់កំពង់ផែ។

គម្រោងផ្លូវនេះ​ តភ្ជាប់ពីផ្លូវជាតិលេខ ៥ ត្រង់ចំណុចទំនប់កប់ស្រូវ ឆ្លងកាត់ផ្លូវជាតិលេខ ៤

ផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ២ និងបញ្ចប់ត្រឹមផ្លូវជាតិលេខ​១។

គួរជម្រាបដែរថា ផ្លូវក្រវ៉ាត់ក្រុងថ្មីនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ជម្រុញការរីកលូតលាស់នៅតាមតំបន់អមសងខាងផ្លូវ ងាយស្រួលដល់ការដឹកជញ្ជូនទំនិញ

និងកាន់តែទាក់ទាញវិនិយោគិន ក៏ដូចភ្ញៀវទេសចរអន្តរជាតិ ឲ្យមកកម្ពុជាបានកាន់តែច្រើន៕

មន្ទីរពេទ្យរុស្សីនឹងបំពាក់ម៉ាស៊ីនលាងឈាម ២០គ្រឿង

(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងក្រុមហ៊ុន សម្ភារៈបរិក្ខាពេទ្យ នៃសាធារណៈរដ្ឋប្រជាមានិតចិន XGY (Xingaoyi Medical Equipment) នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ បានចុះអនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើត មជ្ឈមណ្ឌលលាងឈាម ដោយបំពាក់ម៉ាស៊ីនលាងឈាមចំនួន២០គ្រឿង ក្រោមទឹកទំហំទឹកប្រាក់ជិត ១លានដុល្លារ។

ពិធីចុះអនុស្សារណៈ ធ្វើឡើងក្រោមវត្តមាន លោកវេជ្ជបណ្ឌិត ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត និងលោក ហ្គាវ យី ប្រធានក្រុមហ៊ុនXGY (Xingaoyi Medical Equipment) សម្ភារៈបរិក្ខាពេទ្យ នៃសាធារណៈរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

លោកវេជ្ជបណ្ឌិត ងី ម៉េង បានថ្លែងថា «ការបង្កើតមជ្ឈមណ្ឌលលាងឈាមនេះ មនី្ទរពេទ្យនឹងបំពាក់ម៉ាស៊ីនលាងឈាមចំនួន២០គ្រឿង សម្រាប់ការជួសជុល នឹងបំពាក់បរិក្ខាបន្ថែម គឺភាគីចិនជាអ្នកឧបត្ថម្ភ ដែលមានទំហំថវិកាជិត០១លានដុល្លារ ដែលមានរយៈពេល២០ឆ្នាំ ។ម៉ាស៊ីនលាងឈាម២០គ្រឿងនេះ យើងនឹងផ្គត់ផ្គង់អ្នកជំងឺរបស់យើង ឲ្យមានប្រសិទ្ធិភាពខ្ពស់ ពិសេស ចំពោះបងប្អូនអ្នកជំងឺក្រីក្រតែម្ដង ដែលមានជំងឺតម្រងរោម និងជំងឺមួយចំនួនទៀត ដែលសព្វថ្ងៃនេះ ប្រភេទជំងឺនេះ មានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ»

លោកវេជ្ជបណ្ឌិត បានថ្លែងទៀតថា ជុំវិញការបង្កើតមជ្ឈមណ្ឌលលាងឈាម សម្រាប់មនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត គឺជាលើកទី១ ក៏ប៉ុន្តែក្រុមហ៊ុនសព្វថ្ងៃ បានធ្វើការវិនិយោគ នៅតាមបណ្តាខេត្តនានា ដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ និងតាមបណ្តាខេត្តផ្សេងទៀតផងដែរ ។ហើយសម្រាប់ម៉ាស៊ីនលាងឈាមនេះ គឺប្រជាពលរដ្ឋអាច មកទទួលការពិនិត្យព្យាបាល ដែលមានតម្លៃសមរម្យរបស់មនី្ទរពេទ្យរដ្ឋ ពិសេសមនី្ទរពេទ្យ ផ្តោតទៅលើការជួយដល់ប្រជាពលរដ្ឋក្រីក្រជាសំខាន់ ។

លោកវេជ្ជបណ្ឌិត បន្ថែមថា ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព សព្វថ្ងៃមនី្ទរ ជាមធ្យមមានប្រជាពលរដ្ឋចន្លោះពី៧៥០នាក់ ទៅ៨០០នាក់ មកសម្រាកពេទ្យ ក៏ប៉ុន្តែ គ្រែសម្រាប់ទទួលអ្នកជំងឺ មានតែ៦០០គ្រែ ពេញគ្រប់កន្លែង នេះបង្ហាញពីជំនឿ និងទុកចិត្តពីប្រជាពលរដ្ឋ ទៅលើវិស័យសុខាភិបាលផ្នែកសាធារណៈ ជាពិសេសមនី្ទរពេទ្យ មានការយកចិត្តទុកដាក់ ពីក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ ។ ដូច្នេះ មនី្ទរពេទ្យ ត្រូវតែពង្រឹងនូវបច្ចេកវិទ្យា សម្ភារៈបរិក្ខាពេទ្យដែលជាកត្ដាដ៏សំខាន់ណាស់ សម្រាប់ការជួយដល់ប្រជាពលរដ្ឋយើង ៕

ក្រុមហ៊ុនអចលនទ្រព្យ​ប្រឈម​នឹង​ការ​ដក​ហូត​អជ្ញាប័ណ្ណ​…..

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក លោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋាន ឧស្សាហកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថាយើងព្រាងច្បាប់នេះឡើងក្នុងគោលបំណងដាក់ពិន័យ និងដកហូតអាជ្ញាប័ណ្ឌពីក្រុមហ៊ុនអចលនទ្រព្យណាដែលបោកប្រាស់អតិថិជនរបស់ខ្លួនដោយប្រកាសលក់គម្រោងរួចហើយ ប៉ុន្តែមិនមានផែនការច្បាស់លាស់ក្នុងការសាងសង់ ឬសាងសង់ដោយមិនបញ្ចប់គម្រោងតាមកាលកំណត់។

លោកបន្តថាក្រសួងតម្រូវឱ្យម្ចាស់គម្រោងតម្កល់ប្រាក់ចំនួន២ភាគរយនៃវិនិយោគទុនរបស់ខ្លួននៅក្នុងធនាគារក្នុងស្រុកក្នុងករណីដែលគម្រោងណាមួយមិនបានបញ្ចប់។ យោងតាមភ្នាក់ងារអចលនទ្រព្យក្នុងស្រុកច្បាប់ថ្មីនេះល្អសម្រាប់កម្ពុជាដើម្បីការពារអតិថិជនកុំឱ្យក្លាយជាជនរងគ្រោះពីគម្រោងដែលបរាជ័យក្នុងការបញ្ចប់គម្រោងរបស់ខ្លួន៖ ដូចជាគម្រោង Gold Tower 42។ ក្រុមហ៊ុនមួយចំនួនខ្ចីលុយពីធនាគារដោយប្រើប្រាស់ដីធ្លីធ្វើជាទ្រព្យបញ្ចាំក្រោយមកពួកគេប្រកាស លក់គម្រោងដោយប្រើប្រាស់ថវិការនោះដើម្បីសាងសង់។

ជាញឹកញាប់នៅពេលការលក់គម្រោងមានការយឺតយ៉ាវ ហើយការសាងសង់ត្រូវពន្យាពេលអតិថិជនតែងតែមានការខកចិត្តចំពោះគម្រោងដែលខ្លួនបានវិនិយោគជាមួយ។ យើងចង់មើលឃើញការសាង សង់ជាមុនសិន មុនពេលដែលពួកគេប្រកាសលក់គម្រោងរបស់ខ្លួនកុំគ្រាន់តែប្រកាសលក់គម្រោង ហើយចាប់ផ្ដើមលក់ព្រោះវាមានហានិភ័យខ្លាំងណាស់៕

ប្រភព៖ realestate.com.kh